
មិនរសាត់អណ្ដែតចេញពីសេចក្តីពិត
ដោយAlistair Begg
July 15, 2026
«ដោយហេតុនោះ បានជាគួរឲ្យយើងរាល់គ្នាប្រុងប្រយ័ត្នលើសទៅទៀត ចំពោះសេចក្ដីដែលយើងរាល់គ្នាបានឮ ក្រែងយើងរសាត់ចេញពីសេចក្ដីទាំងនោះ» ។ ហេព្រើរ ២:១
នៅពេលគេចោទជាសំណួរ ក្នុងការសន្ទនា ទៅកាន់បុរសស្ត្រីទាំងឡាយថា តើពួកគេនៅលីវ ឬមានគ្រួសារហើយ? គ្មានស្វាមី ឬភរិយាមួយណា ដែលយកអាលប៊ុមរូបថត ឬសំបុត្រអាពាហ៍ពិពាហ៍ចេញមក ដើម្បីបង្ហាញថា ពួកគេបានរៀបការហើយនោះទេ ។ ផ្ទុយទៅវិញ ពួកគេច្រើនតែនិយាយអំពីបទពិសោធន៍ក្នុងពេលបច្ចុប្បន្ន ឯកសិទ្ធិ ក្តីអំណរ ហើយប្រហែលជាបញ្ហាប្រឈម និងការតស៊ូក្នុងជីវិត ដែលពួកគេមានជាមួយប្តីប្រពន្ធរបស់ខ្លួន ។ សេចក្តីជំនឿរបស់គ្រីស្ទបរិស័ទក៏មានលក្ខណៈដូចនេះផងដែរ ត្រង់ចំណុចដែលថា ការបង្ហាញអត្តសញ្ញាណរបស់យើងជាគ្រីស្ទបរិស័ទ ក៏គួរតែជាប់ទាក់ទងដោយផ្ទាល់ នឹងបទពិសោធន៍របស់យើងក្នុងពេលបច្ចុប្បន្ន គឺមិនគ្រាន់តែជាប់ទាក់ទងនឹងការប្រែចិត្តជឿព្រះ ក្នុងពេលអតីតកាលប៉ុណ្ណោះទេ ។ ការនែបនិត្យនៅជិតព្រះទ័យព្រះ ជួយពង្រឹងទំនាក់ទំនងដែលយើងមានជាមួយព្រះអង្គ ហើយផ្តល់ឲ្យយើងនូវការក្រើនរំឭកជាថ្មី អំពីព្រះគុណ និងសេចក្តីមេត្តារបស់ទ្រង់ ។
ការនេះមិនកើតឡើង ដោយចៃដន្យនោះទេ ។ ការរសាត់អណ្ដែតខាងវិញ្ញាណ គឺជាគ្រោះថ្នាក់ដែលកើតមានជាប្រចាំ ហើយយើងច្រើនតែមិនបានកត់សំគាល់ ។ ដើម្បីបញ្ចៀសយើង មិនឲ្យរសាត់អណ្ដែត និងបោះបង់ចោលក្តីស្រឡាញ់ដើម (វិវរណៈ ២:៤) អ្នកនិពន្ធកណ្ឌគម្ពីរហេព្រើរ បានដាស់តឿន និងអញ្ជើញយើង ឲ្យមានការប្រុងប្រយ័ត្ន ចំពោះអ្វីដែលយើងបានឮ គឺព្រះរាជសារនៃដំណឹងល្អ ។ ពេលណាយើងមុជចូលជ្រៅ ទៅក្នុងការអាន និងចងចាំព្រះបន្ទូលព្រះ ព្រះអង្គបណ្តាលចិត្តយើងឲ្យមានក្តីស្រឡាញ់កាន់តែខ្លាំង ហើយភ្នែករបស់យើងក៏បន្តផ្ដោតទៅលើការប្រោសលោះរបស់ព្រះយេស៊ូវ នៅលើឈើឆ្កាង ។
ទោះជាយ៉ាងណាក៏ដោយ យើងត្រូវតែគួបផ្សំការងារផ្នែកព្រះបន្ទូលជាមួយជំនឿ ។ យើងអាចរៀនព្រះបន្ទូលព្រះ តែមិនបានជ្រួតជ្រាបដោយសេចក្តីពិតនៃព្រះបន្ទូល ។ ការយល់ដឹងគ្រប់ប្រភេទប្រហែលជាវិលវល់ក្នុងក្បាលយើង តែមិនដែលបានចូលទៅក្នុងចិត្ត ឬបង្គាប់ឆន្ទៈរបស់យើងទេ ។ ប៉ុន្តែ ពេលណាយើងគួបផ្សំសេចក្តីពិតនៃដំណឹងល្អ ជាមួយនឹងជំនឿ យើងក៏បានពង្រឹង និងដកពិសោធន៍នូវទំនាក់ទំនងជាមួយព្រះ ក្នុងពេលបច្ចុប្បន្ន ។
ការប្ដេជ្ញាចិត្តជួបប្រជុំជាមួយរាស្រ្តរបស់ព្រះ ក៏បានលើកទឹកចិត្តឲ្យមានការបន្តរស់ នៅជាគ្រីស្ទបរិស័ទ រៀងរាល់ថ្ងៃផងដែរ ។ លោក លូកាបានប្រាប់យើងថា ពួកជំនុំដំបូងបានប្ដេជ្ញាចិត្តធ្វើកិច្ចការជាច្រើន ដែលក្នុងនោះពួកគេក៏ប្ដេជ្ញាចិត្ត ចំពោះការបង្រៀនរបស់ «ពួកសាវ័ក» «ការប្រកបគ្នា» និង «ការកាច់នំប៉័ង» (កិច្ចការ ២:៤២) ។ តើហេតុអ្វី ព្រោះពួកគេដឹងថា ការជួបជុំគ្នារបស់រាស្រ្តព្រះអង្គ ក្នុងការថ្វាយបង្គំ និងការសិក្សាព្រះបន្ទូល គឺជាមធ្យោបាយដែលព្រះអង្គបានប្រើ ដើម្បីកុំឲ្យយើងរសាត់អណ្ដែតខាងវិញ្ញាណ ។
បើអ្នកដឹងថា ខ្លួនឯងកំពុងរសាត់អណ្ដែតនៅថ្ងៃនេះ ចូរកុំចាញ់ការល្បួង ដែលនាំឲ្យយើងជឿថា យើងបានបរាជ័យខាងជំនឿទាំងស្រុងហើយ ឬជឿថា ការដាច់ចេញពីជំនឿមិនមែនជារឿងសំខាន់នោះឡើយ ។ ចូរវិលត្រឡប់ទៅរកព្រះដែលជាអ្នកគង្វាល និងជាអ្នកថែរក្សាវិញ្ញាណរបស់អ្នក (១ពេត្រុស ២:២៥) ហើយសូមព្រះអង្គចាក់បំពេញអ្នកដោយព្រះវិញ្ញាណសារជាថ្មី ដែលព្រះអង្គអាចពង្រឹងកម្លាំង និងប្រទានលទ្ធភាពដល់អ្នក ខណៈពេលដែលអ្នកកំពុងដេញតាមទំនាក់ទំនងដ៏ជាប់លាប់ជាមួយព្រះវរបិតា តាមរយៈការស្តាប់ឮសេចក្តីពិតនៃដំណឹងល្អម្តងហើយម្តងទៀត ។
ខគម្ពីរជញ្ជឹងគិត៖ កិច្ចការ ២:៤២-៤៧
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុកដំកើង ១៣-១៥ និង កិច្ចការ ១១