
ការលីឈើឆ្កាង
ដោយAlistair Begg
July 17, 2026
«កាលគេនាំព្រះយេស៊ូវទៅ នោះគេចាប់មនុស្សសាសន៍គីរេនម្នាក់ ឈ្មោះស៊ីម៉ូន ដែលកំពុងតែវិលមកពីចម្ការ ក៏ដាក់ឲ្យគាត់លីឈើឆ្កាងតាមទ្រង់ទៅ» ។ លូកា ២៣:២៦
ព្រះយេស៊ូវបានធ្វើការបម្រើដល់ពួកបណ្តាជនអស់រយៈពេល៣ឆ្នាំ ដោយពាល់ និងកែប្រែជីវិតមនុស្សជាច្រើន ។ ប៉ុន្តែ ក្រោយមក គ្រូព្រះបន្ទូលមកពីស្រុកកាលីឡេ ដែលបានបែរថ្ពាល់ម្ខាងទៀតឲ្យគេទះ (ម៉ាថាយ ៥:៣៩) ដែលបានដើរ២គឺឡូម៉ែត្របន្ថែម (ខ.៤១) ក៏បានត្រូវគេបណ្តើរចេញទៅក្រៅទីក្រុង ដើម្បីឆ្កាងសម្លាប់ ។ អ្វីដែលហ្វូងមនុស្សមិនបាននឹកស្មាននោះ គឺរឿងដែលហៀបនឹងកើតឡើងបន្ទាប់ទៀត នឹងបានក្លាយជាចំណុចរបត់ដ៏សំខាន់នៃប្រវត្តិសាស្រ្ត ។ ខណៈពេលដែលគេបណ្តើរព្រះអង្គ ទៅភ្នំកាល់វ៉ារី ព្រះយេស៊ូវបានទន់ជង្គង់ដួលនៅក្រោមទម្ងន់ឈើឆ្កាងរបស់ព្រះអង្គ ព្រះកាយរបស់ព្រះអង្គបានប្រែជាអាក្រក់មើលលែងស្គាល់ ដោយសារការវាយដុំ ដែលព្រះអង្គបានទទួលរង (អេសាយ ៥២:១៤) ។ ដោយសារពួកទាហានរ៉ូម៉ាំងមានការបារម្ភថា ព្រះយេស៊ូវប្រហែលមិនអាចមានព្រះជន្ម ដល់ពេលគេត្រូវឆ្កាងទ្រង់ទេ ពួកគេក៏បានចាប់ «លោក ស៊ីម៉ូន មកពីស្រុកគីរេន» ដែលកំពុងឈរមើលព្រះអង្គ ។ មុនពេលគាត់ដឹងថា មានរឿងអ្វីកំពុងកើតឡើង គេបាន «ដាក់ឲ្យគាត់លីឈើឆ្កាង» តាមពីក្រោយព្រះយេស៊ូវដែលមានព្រះលោហិតជោគព្រះកាយ ។
ការដែលលោក ស៊ីម៉ូនបានលីឈើឆ្កាង គឺបានក្រើនរំឭកយើង អំពីអត្ថន័យនៃការមានអត្តសញ្ញាណជាប់ជាមួយព្រះយេស៊ូវជារៀងរហូត គឺព្រះអង្គដែលបានទទួលបាបរបស់យើង នៅលើព្រះកាយទ្រង់ ។ ជាការពិតណាស់ ការរួបរួមជាមួយព្រះគ្រីស្ទ គឺជាការរួបរួមជាមួយព្រះអង្គ ក្នុងទុក្ខលំបាករបស់ទ្រង់ (ភីលីព ៣:១០) ។ រឿងឈើឆ្កាង មិនគ្រាន់តែជា «រឿងដ៏សោកសៅ» ដែលនាំមកនូវការអត់ទោសបាបផ្ទាល់ខ្លួន ហើយបន្ទាប់មក អនុញ្ញាតឲ្យយើងបំភ្លេចរឿងនេះ ហើយបន្តដំណើរទៅមុខទៀតនោះទេ ។ ដូចនេះ បើយើងដើរតាមព្រះគ្រីស្ទ នោះយើងក៏ត្រូវលីឈើឆ្កាង ដូចលោក ស៊ីម៉ូនផងដែរ (លូកា ៩:២៣-២៤) ។ ព្រះអង្គបានត្រាស់ហៅយើងឲ្យលះបង់ចោលអ្វីដែលងាយស្រួលបំផុតសម្រាប់យើង ដើម្បីធ្វើអ្វីៗ ដែលជាការស្តាប់បង្គាប់ព្រះគ្រីស្ទ ។ ពួកសិស្សរបស់ព្រះយេស៊ូវ ទាំងក្នុងសម័យដើម ក៏ដូចជាសម័យបច្ចុប្បន្ន មានការទទួលស្គាល់ថា ជីវិតរបស់ពួកគេ គឺជាជីវិតដែលសមស្របនឹងអត្ថន័យរបស់ឈើឆ្កាង ។ មិនតែប៉ុណ្ណោះ វិធីសាស្រ្ត និងសារដែលយើងប្រកាស ក៏ត្រូវសមស្របនឹងអត្ថន័យរបស់ឈើឆ្កាងផងដែរ ។ វាជារឿងដែលគួរឲ្យខ្មាសអៀនណាស់ នៅពេលដែលយើងព្យាយាមបង្ហាញដល់លោកិយ នូវជំនឿគ្រីស្ទបរិស័ទដែលមិនសមស្របនឹងអត្ថន័យរបស់ឈើឆ្កាង គឺជំនឿដែលលើកដំកើងភាពជោគជ័យ ទ្រព្យសម្បត្តិ ភាពសុខស្រួល អំណាច និងមុខមាត់ ។ ការប្រកាសដំណឹងល្អដូចនេះ គឺគ្មានប្រយោជន៍ ហើយថែមទាំងគ្រោះថ្នាក់ទៀតផង! ព្រះរាជកិច្ចរបស់ព្រះយេស៊ូវ ផ្ដោតទៅលើមនុស្សដែលតូចទាបបំផុត និងនៅចុងក្រោយគេបំផុត គឺមនុស្សដែលគេមិនរាប់រក និងមិនឲ្យតម្លៃ ។ ព្រះអង្គមិនបានយាងមក ដើម្បីបង្កើតក្រុមមនុស្សដែលមានវិជ្ជាជីវៈខាងសាសនានោះទេ ។ ផ្ទុយទៅវិញ ព្រះអង្គត្រាស់ហៅមនុស្សឲ្យមករកព្រះអង្គ ដើម្បីឲ្យយើងនាំដំណឹងល្អនៃឈើឆ្កាង ទៅកាន់មនុស្សដែលប្រេះបែក គ្រាំគ្រា ទាបថោក និងធ្លាក់ទឹកចិត្ត គឺមនុស្សដូចយើងរាល់គ្នា ។
ដូចនេះ នៅពេលដែលអ្នកឃើញលោក ស៊ីម៉ូនលីឈើឆ្កាង ដើរពីក្រោយព្រះមួយអង្គដែលហៀបនឹងសុគតនៅលើឈើឆ្កាង ដើម្បីរាស្រ្តទ្រង់ ចូរមើលឃើញខ្លួនយើងលីឈើឆ្កាងផងដែរ ។ តើអ្នកនឹងបដិសេធន៍ខ្លួនឯង ហើយលីឈើឆ្កាងនៅថ្ងៃនេះទេ? តើអ្នកនឹងនាំដំណឹងពីឈើឆ្កាង ទៅកាន់អ្នកដទៃនៅថ្ងៃនេះទេ? ចូរនាំដំណឹងល្អទៅប្រាប់គេដោយអំណរចុះ ដ្បិតផ្លូវដែលព្រះអង្គសង្គ្រោះដែលមានព្រះកាយជោគជាំដោយព្រះលោហិត មិនបានបញ្ចប់ត្រឹមការសុគតរបស់ទ្រង់នោះទេ ដូចនេះ ចូរដើរតាមព្រះអង្គ ហើយផ្លូវរបស់អ្នកក៏មិនបញ្ចប់ត្រឹមសេចក្តីស្លាប់ដែរ ។
ខគម្ពីរជញ្ជឹងគិត៖ ម៉ាកុស ៨:៣៤-៣៨
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុកដំកើង ១៨-១៩ និង កិច្ចការ ១៣:១-២៥