នំម៉ាណាប្រចាំថ្ងៃ
ការ​ប៉ង​ប្រាថ្នា​ដ៏​ល្ងង់​ខ្លៅ

ការ​ប៉ង​ប្រាថ្នា​ដ៏​ល្ងង់​ខ្លៅ

ដោយAlistair Begg

July 22, 2026

«លុះ​ដល់​ថ្ងៃទី៧ ក្នុង​កាលដែល​ស្ដេច​ទ្រង់​មាន​ព្រះទ័យ​សប្បាយ​ដោយ​ស្រា នោះ​ទ្រង់​បង្គាប់​ដល់​មហ៊ូ​ម៉ាន ប៊ីសថា ហាបូណា ប៊ីកថា អ័បាកថា សេថារ និង​កើកាស​ជា​ពួក​ក្រម​វាំង​ទាំង៧នាក់ ជា​អ្នក​ដែល​បំរើ​នៅ​ចំពោះ​ស្ដេចអ័ហាស៊ូរុស ឲ្យ​ទៅ​នាំ​ព្រះ​នាង ​វ៉ាសធី ជា​អគ្គ​មហេសី​មក​នៅ​ចំពោះ​ទ្រង់ មាន​ទាំង​ពាក់​មកុដ​ផង ដើម្បី​នឹង​សំដែង​លំអ​ព្រះ​រូប​ដល់​បណ្ដាជន នឹង​ដល់​ពួក​អ្នក​ជា​ប្រធាន​ទាំងឡាយ ពីព្រោះ​ព្រះ​នាង​មាន​រូបឆោម​ល្អ​ពេក​ណាស់ តែ​ព្រះ​នាង ​វ៉ាសធី​មិន​ព្រម​មក​តាម​បង្គាប់​ស្ដេច ដោយសារ​ពួក​ក្រម​វាំង​នោះ​ទេ ហេតុ​នោះ​ស្ដេច​ទ្រង់​ក្រេវក្រោធ​ជា​ខ្លាំង ហើយ​សេចក្ដី​កំហឹង​នោះ​ក៏​ឆួល​ឆេះ​ឡើង​ក្នុង​ព្រះទ័យ​ទ្រង់» ។ នាងអេសធើរ ១:១០-១២
ក្នុង​ការ​អួត​សំញែង និង​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ជ្រុល ស្តេច​អ័ហាស៊ូរុស បាន​ត្រាស់​បង្គាប់​ឲ្យ​មហេសី​ទ្រង់​ចូល​គាល់​ ។ នេះ​មិនមែន​ជា​អត្ត​ចរិត​របស់​ស្វាមី​ដែល​ចិត្ត​ល្អ និង​យក​ចិត្ត​ទុកដាក់ ដែល​ចង់​ឲ្យ​ប្រពន្ធ​មក​ជួប​មិត្ត​ភក្តិ​របស់​ខ្លួន​នោះ​ទេ​ ។ ផ្ទុយ​ទៅវិញ វា​ជា​ការ​បង្អួត​ដល់​មិត្ត​ភក្តិ​ខ្លួន ដោយ​ទុក​ចិត្ត​ថា អ្វីៗ​នឹង​កើត​ឡើង ដូច​ដែល​ខ្លួន​បាន​គ្រោង​ទុក ដើម្បី​បង្ហាញ​អំណាច និង​ភាព​អស្ចារ្យ​របស់​ខ្លួន​ ។ លោក ​យូសេភើស (Josephus) ជា​អ្នក​ប្រវត្តិ​សាស្រ្ត​ជនជាតិ​យូដា បាន​កត់​​ត្រា​ថា វា​ជា​ការ​បំពាន​ច្បាប់ក្រម​សីលធម៌​របស់​ចក្រភព​ពើស៊ី នៅពេល​ដែល​ភរិយា​របស់​បុរស​ណា​ម្នាក់ ចូល​មក​ក្នុង​ពិធីជប់លៀង ដើម្បី​ឲ្យ​បុរសៗ​ផ្សេង​ទៀត បាន​សម្លឹង​មើល​នាង ជា​សាធារណៈ​ ។59 ដូច​នេះ ស្តេច​កំពុងតែ​បំពាន​ច្បាប់​មួយ​នេះ​ ។
អត្ត​ចារិត​របស់​ស្តេច មាន​ការ​ប្រែ​ប្រួល​នៅពេល​នោះ​ ។ ស្រា​បាន​ជ្រាប​ពេញ​ព្រះកេស ហើយ​ទ្រង់​ក៏​បាន​ត្រាស់​បង្គាប់​មហេសី​ទ្រង់​មក​ចូល​គាល់ ដោយ​គំនិត​មិន​ល្អ​ ។ ពេល​នាង​បដិសេធ​មិន​ព្រម​មក ទ្រង់​មាន​ព្រះទ័យ​ក្រេវក្រោធ​ ។ បន្ទាប់មក ទ្រង់​ព្យាយាម​ស្វែងរក​ការ​ប្រឹក្សា​យោបល់​ពី​មនុស្ស​នៅ​ក្បែរ​ទ្រង់ ដែល​គិតតែពី​ផ្គាប់​ព្រះទ័យ​​ស្តេច​ដែល​ចូលចិត្ត​លើក​ដំកើង​ខ្លួនឯង​ ។ ទ្រង់​អាច​ចំណាយ​ពេល​គិតថា យោបល់​របស់​ពួក​គេ​ល្អ​ឬ​អត់ ទាក់ទង​នឹង​ច្បាប់​ប្រទេស ឬ​ដោយ​យល់​ដល់​​មហេសី និង​ការ​ឲ្យ​តម្លៃ​មក​លើ​ព្រះ​នាង​ ។ តែ​ផ្ទុយ​ទៅវិញ កំហឹង និង​ព្រះទ័យ​ទន់​ខ្សោយ​របស់​ទ្រង់ បាន​បណ្តាល​ឲ្យ​ទ្រង់​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ល្ងង់​ខ្លៅ​ ។ កាលពី​ពេល​ព្រឹក បើសិន​ជា​មាន​នរណា​ម្នាក់​ទូល​​ស្តេច​ថា នៅ​ពេលយប់​ទ្រង់​នឹង​បណ្តេញ​មហេសី​ទ្រង់ ​ចេញពី​ជីវិត​ទ្រង់​ជា​រៀង​រហូត នោះ​ទ្រង់​ទំនងជា​គិតថា រឿង​នេះ​មិន​អាច​កើត​ឡើង​ទេ​ ។ តែ​ទ្រង់​នៅតែ​ធ្វើ​បែប​នេះ​ ។ ការ​លើក​ដំកើង​ខ្លួនឯង ការ​ផឹក​ស្រា​ជ្រុល ភាព​ឆេវឆាវ និង​ការ​ឲ្យ​យោបល់​អាក្រក់ ក៏​បាន​បណ្តាល​ឲ្យ​មានផល​វិបាក ដែល​ទ្រង់​មិន​ដែល​ចង់​បាន​ ។
រយៈ​ពេល​បី​​ឆ្នាំ បន្ទាប់ពី​ទ្រង់​បាន​បណ្តេញ​មហេសី និង​បាន​ធ្វើ​សង្គ្រាម​ជា​មួយ​នគរ​ក្រិក​កាលពី​ពេល​ថ្មីៗ​នេះ «សេចក្ដី​ក្រោធ​របស់​ស្ដេច​អ័ហាស៊ូរុស​បាន​ស្ងប់» ហើយ «ទ្រង់​ក៏​នឹក​រឭក​ដល់​ព្រះ​នាង​វ៉ាសធី នឹង​ការ​ដែល​ព្រះ​នាង​បាន​ធ្វើ ព្រម​ទាំង​ខ​សេចក្ដី ដែល​បាន​សំរេច​ដល់​ព្រះ​នាង​ផង» (នាងអេសធើរ ២:១) ។ ទ្រង់​ទទួលផល​វិបាក​ពី​​អំនួត​របស់​ទ្រង់ ហើយ​ក៏​បាន​សោក​ស្តាយ​កំហុស​ពី​អតីត​កាល គឺ​បាន​ឆ្លុះ​បញ្ចាំង​អំពី​ការ​សោក​ស្តាយ​របស់​មនុស្ស ដែល​បាន​ដេញ​តាម​ការ​សរសើរ​របស់​មនុស្ស និង​អ្វីៗ​គ្រប់​យ៉ាង ជា​ពិសេស​គោលដៅ​របស់​ខ្លួន ដោយ​មិន​ខ្វល់​អំពី​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់ (សា​ស្តា ៤:៧-៨) ។ បទ​ពិសោធន៍​របស់​ស្តេច​អ័ហាស៊ូរុស គឺ​បាន​ផ្តល់​ឲ្យ​​ការ​ដាស់តឿន​ដល់​យើង​ថា នៅ​ក្នុង​ពេល​ដែល​យើង​មាន​បំណង​ប្រាថ្នា​ដ៏​ល្ងង់​ខ្លៅ យើង​ក៏​អាច​មាន​ការ​ប្រែ​ប្រួល និង​ធ្លាក់​ចុះ ឬ​ថែម​ទាំង​បំផ្លាញ​ជីវិត​ខ្លួនឯង​ជា​រៀង​រហូត​ ។
មាន​ផ្លូវ​មួយ ដែល​ហាក់​ដូចជា​ត្រឹម​ត្រូវ ប៉ុន្តែ ព្រះ​គម្ពីរ​បាន​ចែង​ឲ្យ​យើង​ដឹង​ថា នៅ​ចុង​បញ្ចប់​នៃ​ផ្លូវ​នោះ គឺជា​ភាព​ចន្លោះ​ប្រហោង និង​សេចក្តី​ស្លាប់ (សុភាសិត ១៤:១២) ។ ខណៈ​ពេល​ដែល​អ្នក​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត ចូរ​ប្រញាប់​សួរ​ខ្លួន​ឯង​ថា តើ​ការ​លើក​ដំកើង​ខ្លួនឯង ភាព​ឆេវឆាវ មិត្ត​ភក្តិ​ក្លែងក្លាយ ឬ​ការ​ស៊ីផឹក​ជ្រុល កំពុង​ដឹកនាំ​ជីវិត​អ្នក​ឬ​ទេ ហើយ​ត្រូវ​ប្រញាប់​មើលទៅ​ព្រះ​អង្គ​សង្គ្រោះ ដើម្បី​សូម​ឲ្យ​ព្រះអង្គ​ដឹកនាំ​អ្នក តាម​ផ្លូវ​ចង្អៀត ដែល​មាន​ប្រាជ្ញា ដែល​នាំ​ទៅ​រក​ជីវិត​ពេញ​បរិបូរ (ម៉ាថាយ ៧:១៣-១៤) ។


ខគម្ពីរ​ជញ្ជឹង​គិត៖ ដានីយ៉ែល ៣:១-១៨
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល១ឆ្នាំ​៖ ទំនុក​ដំកើង ៣១-៣២ និង កិច្ចការ ១៦:១-២១

ប្រភេទ