
ការបំផ្លាញ និងការប្រោសលោះ
ដោយAlistair Begg
July 27, 2026
«កាលហាម៉ានឃើញថា ម៉ាដេកាយមិនឱនគោរពដល់ខ្លួនទេ នោះលោកមានចិត្តពេញដោយសេចក្ដីក្រោធ
តែលោកតោះតើយ នឹងចង់ចាប់ម៉ាដេកាយតែ១ប៉ុណ្ណោះ ដ្បិតគេបានជំរាបឲ្យលោកជ្រាបពីសាសន៍របស់ម៉ាដេកាយហើយ បានជាលោករកឱកាសនឹងបំផ្លាញសាសន៍យូដាទាំងអស់បង់ ដែលមាននៅពេញក្នុងនគររបស់អ័ហាស៊ូរុសទាំងមូលវិញ គឺជាជាតិរបស់ម៉ាដេកាយទាំងប៉ុន្មាន» ។ នាងអេស-៦ធើរ ៣:៥
គេបានសង្កេតឃើញថា គ្មានមនុស្សមានអំនួតណា ដែលបានទទួលការគោរព និងការឲ្យតម្លៃ ដែលគាត់គិតថា ខ្លួនគាត់សមនឹងទទួលនោះទេ ។ គឺដូចដែលយើងបានឃើញក្នុងករណីរបស់លោក ហាម៉ាន ។ គាត់មិនស្កប់ចិត្តឡើយ នៅពេលដែលគេគ្រប់គ្នាគោរពគាត់ តែមានសាសន៍យូដាម្នាក់ឈ្មោះម៉ាដេកាយ បានបដិសេធមិនព្រមគោរពគាត់ ។ លោក ហាម៉ានមានកំហឹងជាពន់ពេក ។ គាត់មានបញ្ហាជាមួយលោក ម៉ាដេកាយ ប៉ុន្តែ ការស្លាប់របស់លោក ម៉ាដេកាយតែម្នាក់ឯងក៏មិនអាចធ្វើឲ្យគាត់ស្កប់ចិត្តឡើយ ។ គាត់ចង់ឲ្យគេបំផ្លាញជាតិសាសន៍របស់លោក ម៉ាដេកាយទាំងមូលឲ្យវិនាសផងដែរ ។
ហេតុអ្វីគ្រាន់តែការប្រឆាំងរបស់ជនជាតិយូដាតែម្នាក់ បានបណ្តាលឲ្យគាត់មានចិត្តចង់បំផ្លាញសហគមន៍សាសន៍យូដាទាំងមូល? មហិច្ឆតាដ៏ពិសពុលរបស់លោក ហាមាន គឺជាតំណាងឲ្យអារក្សសាតាំងជាឪពុកខាងវិញ្ញាណរបស់គាត់ (យ៉ូហាន ៨:៤៤) ។ សាតាំងដឹងថា ព្រះដែលជាក្សត្រដ៏ប្រោសលោះ ជាអ្នកកិនក្បាលរបស់សត្វពស់ ដែលព្រះទ្រង់បានសន្យាថា នឹងយាងមក ក្នុងបទគម្ពីរលោកុប្បត្តិ ៣:១៥ នឹងចាប់កំណើតក្នុងសាសន៍យូដា ជាកូនចៅជំនាន់ក្រោយរបស់លោក អ័ប្រាហាំ បានជាវាតាំងចិត្តកំទេចពួកគេឲ្យវិនាស ។ រឿងនេះក៏បានពន្យល់អំពីប្រតិកម្មរបស់ស្តេចហេរ៉ូឌ ប៉ុន្មានសតវត្សរ៍ក្រោយមក ក្នុងការសម្លាប់ក្មេងប្រុស ក្រោមអាយុ២ឆ្នាំ (ម៉ាថាយ ២:១៦) ។ ទង្វើនេះមិនគ្រាន់តែជាសកម្មភាពដ៏វក់វីរបស់មនុស្សដែលក្រហល់ក្រហាយប៉ុណ្ណោះទេ តែក៏ជាការប៉ុនប៉ងរបស់សាំង ដើម្បីបិទផ្លូវមិនឲ្យមានព្រះមែស៊ីមកសង្គ្រោះមនុស្សជាតិ ។
នៅពេលដែលលោក ហាម៉ានចូលគាល់ស្តេច តាមផែនការរបស់គាត់ ស្តេចដែលសម្រេចព្រះទ័យ តាមដែលគាប់ព្រះទ័យតែមួយពេល ងាយនឹងត្រូវគេប្រើទ្រង់បម្រើប្រយោជន៍គេ ហើយក៏បានចេញព្រះរាជក្រឹត្យមួយ (នាងអេសធើរ ៣:៨-១១) ។ អ្វីដែលសំខាន់នោះ គេបានចេញព្រះរាជក្រឹត្យនោះ នៅថ្ងៃទី១៣ នៃខែទីមួយ គឺរយៈពេលមួយថ្ងៃមុនការប្រារព្ធបុណ្យរំលងមកដល់ (៣:១២ លេវីវិន័យ ២៣:៥) ។ នៅពេលដែលគេបានទទួលដំណឹងថា គេនឹងចាប់ផ្តើមអនុវត្តតាមរាជក្រឹត្យនោះ ក្នុងរយៈពេល១២ខែទៀត រាស្រ្តរបស់ព្រះក៏បានជួបជុំគ្នា ដើម្បីរំឭកអំពីការធ្វើអន្តរាគមន៍របស់ព្រះអម្ចាស់ដោយការអស្ចារ្យ កាលពួកគេស្ថិតក្នុងស្ថានភាពទាល់ច្រក ក្នុងភាពជាទាសករក្នុងទឹកដីអេស៊ីព្ទ ។ ព្រះរាជក្រឹត្យរបស់លោក ហាម៉ាន បានប្រកាសថា សេចក្តីហិនវិនាសរបស់ពួកគេមិនអាចជៀសរួចទេ តែភាពតក់ស្លុតដែលពួកគេកំពុងប្រឈមមុខនោះ គឺជាឱកាសសម្រាប់ឲ្យពួកគេមើលទៅព្រះអង្គ ដែលបានសន្យាថា នឹងថែរក្សាពួកគេរហូតដល់ចុងបញ្ចប់ ។ តើពួកគេនឹងប្រព្រឹត្តដោយការមិនទុកចិត្ត និងការភ័យខ្លាច ឬដោយជំនឿ?
ក្រោយមក រាស្រ្តរបស់ព្រះក៏បានដឹងថា វិធីសាស្រ្តដែលគេបានរៀបគម្រោងប្រើ ដើម្បីបំផ្លាញពួកគេឲ្យវិនាស គឺជាវិធីសាស្រ្តដែលព្រះអង្គបានប្រើ ដើម្បីរំដោះពួកគេ (នាងអេសធើរ ៧:៩-១០) ។ ការនេះបានចង្អុលបង្ហាញយើងឲ្យងាកទៅរកឈើឆ្កាងរបស់ព្រះយេស៊ូវ ដែលនៅទីនោះ វិធីសាស្រ្តដែលអារក្សបានព្យាយាមប្រើ ដើម្បីបំផ្លាញគោលបំណងរបស់ព្រះអង្គឲ្យរលាយ គឺជាវិធីសាស្រ្តដែលព្រះអង្គប្រើ ដើម្បីឲ្យព្រះគ្រីស្ទបានទទួលជ័យជម្នះដ៏ប្រសើរបំផុត ។
ពេលខ្លះ អ្នកប្រហែលជារស់នៅ ដោយការភ័យខ្លាចគ្របសង្កត់ ព្រោះអ្នកកំពុងស្ថិតក្នុងស្ថានភាពដែលហាក់ដូចជាទាល់ច្រក មិនអាចចេញរួច ។ ពេលណាអ្នកស្ថិតក្នុងកាលៈទេសៈដូចនេះ ចូរចាំថា «ព្រះនាមព្រះយេហូវ៉ាជាប៉មមាំមួន មនុស្សសុចរិតរត់ចូលទៅពឹងជ្រក ហើយមានសេចក្ដីសុខ» (សុភាសិត ១៨:១០) ។ គ្មានព្រះបន្ទូលសន្យាមួយណា ដែលព្រះអង្គមិនបានប្រកាន់ខ្ជាប់តាមនោះទេ ទោះអារក្សព្យាយាមធ្វើអ្វីក៏ដោយ ។ អ្នកអាចសម្រាក ដោយការទុកចិត្ត ដោយដឹងថា ព្រះបន្ទូល និងការសន្យារបស់ព្រះអង្គ មិនដែលបាត់ឡើយ ហើយពេលដែលងងឹតបំផុត ច្រើនតែជាឱកាសដែលព្រះអង្គបានប្រើ ដើម្បីទទួលបានជោគជ័យធំបំផុត ។
ខគម្ពីរជញ្ជឹងគិត៖ ទំនុកដំកើង ៧
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុកដំកើង ៤៣-៤៥ និង កិច្ចការ ១៩:១-២០