នំម៉ាណាប្រចាំថ្ងៃ
ត្រាស់ហៅ​ឲ្យ​មាន​សកម្មភាព

ត្រាស់ហៅ​ឲ្យ​មាន​សកម្មភាព

ដោយAlistair Begg

July 29, 2026

«ម៉ាដេកាយ​ប្រាប់​គាត់ ពី​គ្រប់​ទាំង​ដំណើរ​ដែល​បាន​កើតមក​ដល់​ខ្លួន នឹង​ពី​ចំនួន​ប្រាក់​ដែល​ហា​ម៉ាន​បាន​សន្យា​បញ្ចេញ​ទៅ​ឯ​ឃ្លាំង​ហ្លួង​ទាំង​ប៉ុន្មាន ឲ្យ​បាន​បំផ្លាញ​ដល់​ពួក​សាសន៍​យូដា ក៏​ឲ្យ​សំណៅ​ព្រះ​រាជ​ឱង្ការ១ច្បាប់ ជា​សេចក្ដី​ដែល​បាន​ប្រកា​ស​ប្រាប់​នៅ​ក្រុង​ស៊ូសាន បង្គាប់​ឲ្យ​សំឡាប់​គេ ដល់​ភ្នាក់ងារ​នោះ ឲ្យ​នាំ​យក​ទៅ​បង្ហាញ​ដល់​អេសធើរ ហើយ​រាប់រៀប​ទូល​ព្រះ​នាង​ឲ្យ​ជ្រាប ព្រម​ទាំង​ផ្ដាំ ឲ្យ​ព្រះ​នាង​ចូល​ទៅ ទូល​អង្វរ​ចំពោះ​ស្ដេច ថ្វាយ​ពាក្យ​សំណូម​ជំនួស​សាសន៍​របស់​ខ្លួន​ផង» ។ នាងអេសធើរ ៤:៧-៨
លោក ​ម៉ាដេកាយ បាន​ដើរ​ទៅមក នៅ​តាម​ផ្លូវ​ខាង​ក្រៅ​ក្លោង​ទ្វារ​រាជ​វាំង​របស់​ស្តេច​អ័ហាស៊ូរុស ដោយ​សង្ឃឹមថា នឹង​បាន​ទទួល​ដំណឹង​ថ្មីៗ​ ។ ទោះជា​យ៉ាងណា​ក៏ដោយ អ្វី​ដែល​គាត់​ឮ​នៅ​ថ្ងៃ​នោះ ដូច​ដែល​ខ​គម្ពីរ​ខាងលើ​បាន​ពិពណ៌នា គឺ​ពិតជា​បាន​ធ្វើ​ឲ្យ​គាត់​មាន​ការ​ពិបាក​ចិត្ត​ខុសពី​ធម្មតា ព្រោះ​ចក្រភព​ពើស៊ី​ហៀបនឹង​ប្រហារ​ជីវិត​ជនជាតិ​យូដា​ឲ្យ​វិនាស​ផុតពូជ​ ។
ព្រះ​នាងអេសធើរ ដែល​ជា​ប្អូន​ជីដូនមួយ​របស់​គាត់ មិន​បាន​នៅ​ក្បែរ​ក្លោង​ទ្វារ​រាជ​វាំង​ទេ​ ។ ព្រះ​នាង​កំពុងតែ​នៅ​ម្នាក់ឯង ក្នុង​ដំណាក់​របស់​ព្រះ​នាង ហើយ​មិន​បាន​ជ្រាប​ថា មាន​រឿង​អ្វី​កំពុង​កើត​ឡើង​ឡើយ ។ នៅពេល​ដែល​ព្រះ​នាង​បាន​ទទួល​ដំណឹង​ថា ជនជាតិ​យូដា រួម​ទាំង​លោក ​ម៉ា​ដេកាយ កំពុង​សោក​សង្រេង អធិស្ឋាន​តម និង​ទួញ​យំ នាង​ក៏​បាន​ឆ្លើយតប ដោយ​សេចក្តី​អាណិត ប៉ុន្តែ ព្រះ​នាង​នៅតែ​មិន​បាន​ដឹង​ថា មាន​រឿង​អ្វី​កំពុង​កើត​ឡើង​ទេ (នាងអេសធើរ ៤:៣-៥) ។
ម្នាក់​បាន​ដឹង​អំពី​ទម្ងន់​នៃ​ស្ថានភាព​នេះ ហើយ​ម្នាក់​ទៀត​មិន​បាន​ដឹង តែ​ទោះជា​យ៉ាងណា​ក៏ដោយ ទាំង​លោក ​ម៉ាដេកាយ និង​ព្រះ​នាងអេសធើរ សុទ្ធតែ​ប្រឈម​មុខ​ដាក់​សំណួរ​ដ៏​សំខាន់​ដូច​គ្នា​ ។ តើ​បុរស​ដូច​លោក ​ម៉ា​ដេកាយ​អាច​រស់នៅ​ជា​អ្នកជឿ​ព្រះ​ផង និង​ជា​មន្ត្រី​ដ៏​សំខាន់​របស់​ស្តេច ដោយ​របៀបណា? តើ​ព្រះ​នាងអេសធើរ ដែលគេ​នាំ​ចូល​ក្រឡា​បន្ទំ​របស់​ស្តេច អាច​យល់​អំពី​ការ​ពិត​ដែល​ថា ព្រះ​នាង​មាន​ឈ្មោះ​ជា​សាសន៍​ពើស៊ី​ផង និង​សាសន៍​យូដា​ផង​ដោយ​របៀបណា? តើ​ព្រះ​នាង​រាប់​ខ្លួន​នាង​ជា​រាស្រ្ត​របស់​ព្រះ​ដែរ​ឬ​ទេ? ឬ​ព្រះ​នាងស​ម្រេច​ព្រះទ័យ​រស់នៅ ក្នុង​ភាព​ដាច់​ដោយឡែក ដែលគេ​បាន​ផ្តល់​ឲ្យ​ក្នុង​រាជ​វាំង?
ទី​បំផុត លោក ​ម៉ាដេកាយ មិន​អាច​អង្គុយ​រង់​ចាំ​បាន​ឡើយ​ ។ គាត់​បាន​ទាក់ទង​អ្នក​បម្រើ​របស់​ព្រះ​នាងអេសធើរ ហើយ​ក៏​បាន​ជួយ​ព្រះ​នាង​ឲ្យ​យល់​អំពី​រឿង​ដែល​កំពុង​កើត​ឡើង និង​អំពី​តួនាទី​ដែល​ព្រះ​នាង​​អាច​ប្រើ​ប្រាស់​ ។
ព្រះ​នាងអេសធើរ​បាន​សម្រេច​ព្រះទ័យ​លះបង់​ភាព​សុខ​ស្រួល ហើយ​ថែម​ទាំង​ប្រថុយ​ព្រះ​ជន្ម​ផង ដើម្បី​ធ្វើ​អន្តរាគមន៍​ជួយ​សាសន៍​របស់​ព្រះ​នាង​ ។ អ្នក​ទាំង​ពីរ​បាន​យល់ថា ព្រះ​ទ្រង់​មាន​ផែនការ និង​អធិបតេយ្យ​ភាព​គ្រប់​គ្រង​អ្វីៗ​ទាំង​អស់ តែ​មិន​មានន័យថា អ្នកជឿ​ទ្រង់​មិន​ចាំបាច់​ត្រូវ​ទទួល​ខុស​ត្រូវ ក្នុង​ការ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ និង​ប្រើ​ឥទ្ធិពល ដែល​ពួកគេ​មាន ដើម្បី​ជួយ​រាស្រ្ត​ទ្រង់​នោះ​ទេ​ ។ 
ក្នុង​នាម​យើង​ជា​មនុស្ស​ដែល​ជឿ​លើ​​អធិបតេយ្យ​ភាព​របស់​ព្រះ តើ​យើង​គួរតែ​រស់នៅ ក្នុង​លោកិយ​ដែល​ទាស់​ប្រឆាំង​នឹង​ដំណឹង​ល្អ​ដោយ​របៀបណា? ពេល​ខ្លះ យើង​អាច​មាន​អារម្មណ៍​ថា យើង​មិន​មាន​លទ្ធ​ភាព​ផ្លាស់​ប្តូរ​វប្បធម៌ ដែល​ព្យាយាម​បំបិទ​ជំនឿ​របស់​យើង​ ។ ហើយ​ប្រហែល​ជា​គ្រាន់តែ​ចង់​បាន​ភាព​សុខ​ស្រួល ដោយ​បន្ត​មិន​ដឹង​មិនឮ ដោយ​ជៀសវាង​លោកិយ​នៅ​ជុំ​វិញ​យើង ហើយ​ទំនាក់​ទំនង​តែ​ជាមួយ​គ្រីស្ទបរិស័ទ ដើម្បី​កុំ​ឲ្យ​ពិបាក​ជម្នះ​បញ្ហា​ប្រឈម​ខាង​វប្បធម៌​ ។ ប៉ុន្តែ ផែនការ​របស់​ព្រះ មិន​បាន​ត្រាស់ហៅ​យើង ឲ្យ​​អសកម្ម​នោះ​ទេ​ ។ តែ​បាន​ត្រាស់ហៅ​ឲ្យ​មាន​សកម្មភាព​ ។ ដ្បិត​ផែនការ​ទ្រង់ ច្រើនតែ​សម្រេច​តាមរយៈ​ភាព​ក្លាហាន​របស់​រាស្រ្ត​ទ្រង់ តាមរយៈ​ការ​ដែល​ពួក​គេ​បដិសេធ​មិន​ព្រម​ឈប់​ប្រយុទ្ធ ដើម្បី​អ្វី​ដែល​ត្រឹម​ត្រូវ និង​ល្អ​ ។ នៅ​ថ្ងៃ​នេះ ខណៈ​ពេល​ដែល​អ្នកអាន​ព្រះ​គម្ពីរប៊ីប ចូរ​ព្យាយាម​យល់​អំពី​ភាព​ចាំបាច់​ដែល​ព្រះ​គម្ពីរប៊ីប នៅតែ​មាន​សម្រាប់​ព្រឹត្តិការណ៍​ក្នុង​ពិភពលោក នៅពេល​សព្វថ្ងៃ​ ។ ហើយ​ចូរ​ទូល​សូម​ព្រះ​វិញ្ញាណ​នៃ​ព្រះ​បង្ហាញ​អ្នក អំពី​របៀប​ដែល​ព្រះអង្គ​អាច​ត្រាស់ហៅ​អ្នក​ឲ្យ​បោះ​ជំហាន​ទៅមុខ​ដោយ​ជំនឿ ប្រឈម​នឹង​គ្រោះ​ថ្នាក់ ហើយ​ហ៊ាន​បើក​មាត់​និយាយ ដើម្បី​បុព្វ​ហេតុ​ដំណឹង​ល្អ និង​រាស្រ្ត​របស់​ព្រះ​ ។


ខគម្ពីរ​ជញ្ជឹង​គិត៖ ម៉ាកុស ៦:១៤-២៩
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល១ឆ្នាំ​៖ ទំនុក​ដំកើង ៤៩-៥០ និង កិច្ចការ ២០:១-១៦

ប្រភេទ