នំម៉ាណាប្រចាំថ្ងៃ
ការ​បម្រើ​ដោយ​ចិត្ត​ស្មោះ​ត្រង់

ការ​បម្រើ​ដោយ​ចិត្ត​ស្មោះ​ត្រង់

ដោយAlistair Begg

August 4, 2026

«អ្នកណា​ដែល​យក​ប្រពន្ធ នោះ​ឈ្មោះថា​ជា​ប្ដី​ហើយ ឯពួក​មិត្រ​សំឡាញ់ ដែល​ឈរ​ស្ដាប់​គាត់ កំពុង​ដែល​រៀប​ការ នោះ​ក៏​មាន​សេចក្ដី​អំណរ​អរ​ឡើង ដោយសារ​សំឡេង​ប្ដី គឺ​យ៉ាង​នោះ​ឯង ដែល​សេចក្ដី​អំណរ​របស់​ខ្ញុំ​បាន​ពោរ​ពេញ​ហើយ​ ។ ត្រូវ​ឲ្យ​ព្រះអង្គ​នោះ​បាន​ចំរើន​ឡើង ហើយ​ខ្ញុំ​ត្រូវ​ថយ​វិញ​ចុះ» ។ យ៉ូហាន ៣:២៩-៣០
មាន​មនុស្ស​ជា​ច្រើន ដែល​អះអាង​ថា ខ្លួន​មាន​ជំនាញ នៅ​ក្នុង​ការ​មើល​ភាសា​កាយ​វិការ​ ។ ពួកគេ​អាច​ដឹង​ថា គេ​កំពុង​ទំនាក់​ទំនង​គ្នា​អំពី​អ្វី ដោយ​មើល​ទៅ​ឥរិយាបថ​នៃ​រូបកាយ និង​ចលនា​របស់​ដៃ និង​ទឹក​មុខ​ដែល​ពួកគេ​បាន​បង្ហាញ​ចេញ​មក​ ។ ជំនាញ​នេះ​អាច​មាន​ប្រយោជន៍ ជា​ពិសេស សម្រាប់​ការ​មើល​ដឹង​ថា ឬ​យ៉ាង​ហោច​ណាស់​ស្ទើរតែ​មើល​ដឹង​ថា នរណា​ម្នាក់​កំពុងតែ​និយាយ​ការ​ពិត ឬ​អត់​ ។
ទោះជា​យ៉ាងណា​ក៏ដោយ គ្រីស្ទបរិស័ទ​អាច​ប្រព្រឹត្ត​ដោយ​ការ​ភូត​កុហក ដែល​អ្នក​ជំនាញ​ភាសា​កាយ​វិការ មិន​អាច​មើល​ដឹង​ ។ អ្វី​ដែល​គួរ​ឲ្យ​សោក​ស្តាយ​នោះ គឺ​មនុស្ស​ជា​ច្រើន​ធ្វើ​ការ​បម្រើ ក្នុង​ព្រះ​នាម​ព្រះគ្រីស្ទ ដោយ​បំណង​ចិត្ត​ផ្សេងៗ​គ្នា​ ។ អ្នក​ខ្លះ​បម្រើ​មិនមែន​ដោយ​គិត​ដល់​សុខុមាល​ភាព​របស់​អ្នក​ដទៃ ដោយ​ចិត្ត​ស្មោះ តែ​ដោយ​ចិត្ត​អាត្មា​និយម​វិញ​ ។ ពួកគេ​ចង់​ឲ្យ​អ្នក​ដទៃ​កត់​សំគាល់​ពួកគេ​ ។ ពួកគេ​ចង់​បាន​ការ​សរសើរ​ ។ ពួក​គេ​ប្រហែល​ជា​ចង់​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​ ។ ការ​មាន​បំណង​ចិត្ត​ដូច​នេះ អាច​បណ្តាល​ឲ្យ​ពួកគេ​សម្រេច​កិច្ចការ​អ្វី​មួយ​បាន ប៉ុន្តែ វា​មិន​បង្កើត​ឲ្យ​មាន​ការ​បម្រើ​ដោយ​ចិត្ត​ស្មោះ​ទេ​ ។ ការ​បម្រើ​របស់​គ្រីស្ទបរិស័ទ​អាច​មាន​លក្ខណៈ​ក្លែងក្លាយ​ ។ ពេល​មើល​ពី​ចំងាយ អ្នក​ឃើញ​ពួកគេ​ហាក់​ដូចជា​ស្មោះ​ត្រង់ តែបើ​​មើល​ឲ្យ​ជិត អ្នក​អាច​​ឃើញ​ចំណុច​ខ្វះខាត​ជា​ច្រើន​ ។ 
ដូច​នេះ តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​អាច​មើល​ដឹង​ថា ពួកគេ​មាន​ចិត្ត​ស្មោះ​ត្រង់​ឬ​អត់? ខាង​ក្រោម​នេះ គឺជា​សញ្ញា​សំគាល់​ពីរ​យ៉ាង ដែល​បង្ហាញថា យើង ឬ​អ្នក​ដទៃ​មាន​ចិត្ត​ស្មោះ​ត្រង់​ក្នុង​ការ​បម្រើ​ឬ​អត់​ ។
ទីមួយ យើង​ស្ម័គ្រ​ចិត្ត​បម្រើ ដោយ​គិត​ពីមុខ​មាត់​ ។ នេះ​ជា​ប្រភេទ​នៃ​ការ​បម្រើ ដែល​សប្បាយ​ចិត្ត នៅ​ក្នុង​ការ​ធ្វើ​ការ​ល្អ ទោះ​មាន​ការ​ចាប់​អារម្មណ៍​មក​លើ​យើង​ឬ​អត់​ ។ ព្រះយេស៊ូវ​មាន​បន្ទូល​ដោយ​ផ្ទាល់​ថា «ក្នុង​ពួក​មនុស្ស ដែល​កើត​ពី​ស្ត្រី​មក នោះ​គ្មាន​ហោរា​ណា​បាន​ធំ​ជាង​យ៉ូហាន-បាទីស្ទ​ទេ» (លូកា ៧:២៨) ប៉ុន្តែ លោក ​យ៉ូហាន បាទីស្ទ​ ចង់​ឃើញ​ព្រះគ្រីស្ទ​បាន​តម្កើង​ឡើង តាមរយៈ​ការ​បន្ទាប​ខ្លួន​របស់​គាត់ គឺ​ដូច​ដែល​គាត់​មាន​ប្រសាសន៍​ថា «ត្រូវ​ឲ្យ​ព្រះអង្គ​នោះ​បាន​ចំរើន​ឡើង ហើយ​ខ្ញុំ​ត្រូវ​ថយ​វិញ​ចុះ» ។ 
ទីពីរ ភាព​ស្មោះ​ត្រង់​ពិត​ប្រាកដ​ ។ សាវ័ក​ប៉ុល​បាន​បញ្ជាក់​ថា លោក ​ធីម៉ូថេ ជា​មិត្តសំឡាញ់​របស់​គាត់ មាន​ការ​ខ្វល់ខ្វាយ​ពិត​ប្រាកដ ចំពោះ​សុខុមាល​ភាព​របស់​ពួក​ជំនុំ​នៅ​ទីក្រុង​ភីលីព ខុសពី​អ្នក​ដែល «ស្វែងរក​ប្រយោជន៍​ផ្ទាល់​ខ្លួន» (ភីលីព ២:២០-២១) ។ លោក ​អេប៉ា​ប្រូឌីត ក៏ «មាន​ចិត្ត​ព្រួយ» អំពី​សុខ​ទុក្ខ​របស់​ពួក​ជំនុំ​នៅ​ទីក្រុង​ភីលីព​ផង​ដែរ (ខ.២៦) ។ ការ​ខ្វល់​អំពី​សុខ​ទុក្ខ​អ្នក​ដទៃ​ដូច​នេះ មិន​អាច​ក្លែងក្លាយ​បានទេ តែ​កើត​ចេញពី​សេចក្តី​ស្រឡាញ់​ពិត​ប្រាកដ​ ។ 
ជា​ច្រើន​ឆ្នាំ​កន្លងមក មាន​គ្រូ​អធិប្បាយ​ម្នាក់​បាន​ប្រកាស​ថា គាត់ «មាន​ការ​ពេញ​ចិត្ត ចំពោះ​ការងារ​ជា​អ្នក​បម្រើ​ដ៏​តូច​ទាប​របស់​ព្រះ» ។ តើ​អ្នក​អាច​និយាយ​ដូច​គាត់ ដោយ​ចិត្ត​ស្មោះ​ត្រង់​បានទេ? តើ​អ្នក​សប្បាយ​ចិត្ត​ដែល​បាន​បន្ទាប​ខ្លួន​ចុះ ដើម្បី​តម្កើង​សិរី​ល្អ​របស់​ព្រះគ្រីស្ទ​ដែរ​ឬ​ទេ? តើ​អ្នក​បាន​គិត​ប្រយោជន៍​អ្នក​ដទៃ យ៉ាង​ពិត​ប្រាកដ​ឬ​ទេ? មនុស្ស​នៅ​ជុំ​វិញ​យើង​ប្រហែល​មិន​អាច​ប្រាប់​ថា មាន​អ្វី​ជំរុញ​ចិត្ត​យើង​ទេ តែ​យើង​អាច​ប្រាកដ​ថា ព្រះ​អង្គ​សង្គ្រោះ​ដែល​យើង​បម្រើ ពិតជា​អាច​ ។
ប្រហែល​ពេល​នេះ ជា​ឱកាស​ដ៏​ល្អ សម្រាប់​ពិចារណា ដោយ​ការ​អធិស្ឋាន អំពី​គំរូ​របស់​សាវ័ក​ប៉ុល ដែល​មាន​ប្រសាសន៍​ថា «ខ្ញុំ​ក៏​មិន​រាប់​ជីវិត​នេះ ទុកជា​របស់​វិសេស​ដល់​ខ្ញុំ​ដែរ ឲ្យតែ​ខ្ញុំ​បាន​បង្ហើយ​ការ​រត់​ប្រណាំង​របស់​ខ្ញុំ ដោយ​អំណរ​ចុះ​ព្រម​ទាំង​ការងារ ដែល​ខ្ញុំ​បាន​ទទួល​អំពី​ព្រះអម្ចាស់យេស៊ូវ» (កិច្ចការ ២០:២៤) ។ ចូរ​ទូល​សូម​ព្រះ​គុណ​ពី​ព្រះ ដើម្បី​ឲ្យ​យើង​ថា តាម​គាត់ ដោយ​ចិត្ត​ស្មោះ​ត្រង់​ ។ តើ​នរណា​ដឹង​ថា ព្រះអង្គ​នឹង​ប្រើ​ជីវិត​អ្នក​យ៉ាង​ដូច​ម្តេច​ខ្លះ នៅពេល​ដែល​អ្នក​ថ្វាយ​ជីវិត​អ្នក​ដាច់​ដល់​ព្រះអង្គ? 

ខគម្ពីរ​ជញ្ជឹង​គិត ៖ ១កូរិនថូស ៣:៥-១៥
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុក​ដំកើង ៦៦-៦៧ និង កិច្ចការ ២៣:១៦-៣៥

ប្រភេទ