នំម៉ាណាប្រចាំថ្ងៃ
ស្តាប់​បង្គាប់​ជានិច្ច

ស្តាប់​បង្គាប់​ជានិច្ច

ដោយAlistair Begg

August 12, 2026

«ដូចជា​បាន​ស្ដាប់​បង្គាប់​ខ្ញុំ​ជា​ដរាប​រៀងមក​ដែរ មិន​មែន​តែ​កាល​ខ្ញុំ​នៅ​ជាមួយ​ប៉ុណ្ណោះ​ទេ សូម្បី​ឥឡូវ​នេះ​ដែល​ខ្ញុំ​មិន​នៅ​ជាមួយ នោះ​ក៏​ចូរ​ខំ​ប្រឹង​ឲ្យលើស​ទៅ​ទៀត​ផង​ ។ ដ្បិត​គឺជា​ព្រះ​ហើយ ដែល​បណ្ដាល​ចិត្ត​អ្នក​រាល់​គ្នា ឲ្យ​មាន​ទាំង​ចំណង់​ចង់​ធ្វើ ហើយ​ឲ្យ​បាន​ប្រព្រឹត្ត​តាម​បំណង​ព្រះហឫទ័យ​ទ្រង់​ដែរ» ។ ភីលីព ២:១២-១៣
គ្រូ​បង្រៀន​ម្នាក់​ចង់​មាន​អំណាច​ដូច​នេះ​ មក​លើ​ថ្នាក់​រៀន​របស់​ខ្លួន ដើម្បី​ឲ្យ​សិស្ស​មាន​អាកប្ប​កិរិយា​ល្អ មិន​គ្រាន់តែ​នៅពេល​ដែល​គ្រូ​មាន​វត្ត​មាន​ប៉ុណ្ណោះ​ទេ តែ​ក៏​នៅពេល​ដែល​គ្រូ​ដើរ​ចេញពី​ថ្នាក់​រៀន អស់​មួយ​រយៈ​ពេល​ផង​ដែរ​ ។ មិន​មាន​គ្រូ​បង្រៀន​ច្រើន​ទេ ដែល​អាច​ធ្វើ​ដូច​នេះ​បាន! ប៉ុន្តែ នេះ​ជា​បំណង​ចិត្ត​ដែល​យើង​អាច​យល់​បាន​ ។
បំណង​ចិត្ត​នេះ​ស្រដៀង​នឹង​បំណង​ចិត្ត ដែល​សាវ័ក​ប៉ុល​បាន​បង្ហាញ នៅពេល​ដែល​គាត់​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​កាន់​ពួក​ជំនុំ​នៅ​ទីក្រុង​ភីលីព ដោយ​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ដើរ ដោយ​ស្តាប់​បង្គាប់ មិន​គ្រាន់តែ នៅ​​ពេល​គាត់​មាន​វត្ត​មាន តែ​ក៏​នៅពេល​ដែល​គាត់​មិន​នៅ​ក្បែរ​ពួកគេ​ផង​ដែរ​ ។ សាវ័ក​ប៉ុល​មិន​គ្រាន់តែ​ចង់​ឲ្យ​អ្នកជឿ​ទាំង​នោះ ស្តាប់​គាត់​ប៉ុណ្ណោះ​ទេ តែ​ក៏​រស់នៅ តាម​របៀប​ដែល​សក្តិ​សមនឹង​ដំណឹង​ល្អ​របស់​ព្រះគ្រីស្ទ (ភីលីព ១:២៧) ។ សម្រាប់​សាវ័ក​ប៉ុល ការ​រស់នៅ​ដែល​សក្តិ​សមនឹង​ដំណឹង​ល្អ គឺជា​ជីវិត​ដែល​មាន​ការ​ស្តាប់​បង្គាប់​ព្រះគ្រីស្ទ ជា​សញ្ញា​សំ​គាល់​ ។ អ្នកជឿ​ត្រូវ «បង្ហើយ» សេចក្តី​សង្គ្រោះ ដោយ «ភ័យ​ញ័រ» យ៉ាង​ដូច​នេះឯង​ ។
យើង​អាច​មើល​ឃើញ​អំណាច​នៃ​ការ​យក​ចិត្ត​ទុកដាក់​របស់​សាវ័ក​ប៉ុល​ច្បាស់ នៅ​ពេលណា​យើង​ពិចារណា អំពី​ខ​គម្ពីរ​ដែល​នាំ​ទៅ​រក​ខ​គម្ពីរ ភីលីព ២:១២​ ។ ក្នុង​នោះ គាត់​ទើបតែ​បញ្ចប់​ការ​រៀបរាប់ អំពី​ការ​បន្ទាប​ខ្លួន និង​ការ​លើក​ដំកើង​ព្រះរាជបុត្រា​នៃ​ព្រះ ដែល​បាន​យក​កំណើត​ជា​មនុស្ស និង​អ្នក​បម្រើ​ ។ គឺ​ដូច​ដែល​ព្រះយេស៊ូវ​បាន «បន្ទាប​ព្រះអង្គ​ទ្រង់ ទាំង​ចុះ​ចូល​ស្ដាប់​បង្គាប់ រហូត​ដល់ទី​មរណៈ គឺ​ទ្រង់​ទទួល​សុគត​ជាប់​លើ​ឈើ​ឆ្កាង​ផង» (ខ.៨) ។ ព្រះ​អង្គ​សង្គ្រោះ​​របស់​យើង​មាន​បេសកកម្ម ដែល​ត្រូវ​សម្រេច ដែល​ជា​ការ​សង្គ្រោះ​មនុស្ស​មាន​បាប​ ។ ព្រះអង្គ​មាន​ការ​ស្តាប់​បង្គាប់​ទាំងស្រុង ក្នុង​បេសកកម្ម​នេះ រហូត​ដល់​អស់​ព្រះ​ជន្ម​ ។ បន្ទាប់ពី​សាវ័ក​ប៉ុល​​បាន​បង្ហាញ​ការ​ស្តាប់​បង្គាប់​ដ៏​អស្ចារ្យ​របស់​ព្រះយេស៊ូវ​ហើយ គាត់​ក៏បាន​ប្រាប់​អ្នកអាន​សំបុត្រ​គាត់ ឲ្យ​បន្ត​ស្តាប់​បង្គាប់​ព្រះ​យ៉ាង​ដូច​នេះ​ផង​ដែរ​ ។ គាត់​ប្រាប់​ពួកគេ​ឲ្យ​ស្តាប់​បង្គាប់ ដោយ «ភ័យ​ញ័រ» បាន​សេចក្តី​ថា ពួក​គេ​ស្តាប់​បង្គាប់ ដោយ​ការ​យល់​ដឹង អំពី​ភាព​ធំ​ឧត្តម​របស់​ព្រះ ដែល​សម្រេច​បាន​ការ​សង្គ្រោះ​ពួកគេ ហើយ​ឥឡូវ​នេះ ទ្រង់​កំពុង​ធ្វើ​ការ​ក្នុង​ពួកគេ​ ។ មនុស្ស​ជាតិ​មិន​ស្វាគមន៍​ការ​បង្រៀន​ឲ្យ​ស្តាប់​បង្គាប់ ឲ្យ​ភ័យ​ញ័រ​ឡើយ តែ​អ្នក​ដែល​ចង់​ដើរ​តាម​ព្រះគ្រីស្ទ នៅតែ​ជា​អ្នក​ដែល​ព្រះ​អង្គ​ត្រាស់ហៅ​ឲ្យ​លីឈើ​ឆ្កាង​ដើរ​តាម​ព្រះអង្គ នៅ​តាម​ផ្លូវ​នៃ​ការ​បន្ទាប​ខ្លួន និង​ស្តាប់​បង្គាប់​ ។ ការ​លីឈើ​ឆ្កាង​នេះ មិនមែន​ជា​ជម្រើស​បន្ទាប់បន្សំ ក្នុង​ជីវិត​ជា​គ្រីស្ទបរិស័ទ​នោះ​ទេ តែ​មាន​តម្លៃ​បំផុត​ចំពោះ​ពួកគេ​ ។ អ្នក​ដែល​តាំង​ខ្លួន​ជា​គ្រីស្ទបរិស័ទ តែ​រស់នៅ​ដោយ​ការ​មិន​ស្តាប់​បង្គាប់​ជា​ប្រចាំ ជា​ទម្លាប់ មិន​គ្រាន់តែ​ជា​សញ្ញា​បង្ហាញ​អំពី​ភាព​មិន​ពេញវ័យ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ភាព​ល្ងីល្ងើ​បំផុត​ ។ តើ​ធ្វើ​ដូច​ម្តេច ឲ្យ​មនុស្ស​ដែល​ជា​កម្មសិទ្ធិ​របស់​ព្រះគ្រីស្ទ​ដែល​បាន​ស្តាប់​បង្គាប់ មិន​សូវ​ខ្វល់​អំពី​រឿង​ស្តាប់​បង្គាប់?
យើង​គួរតែ​ក្រើន​រំឭក​ខ្លួនឯង​ជា​រៀង​រាល់​ថ្ងៃ​ថា ព្រះអង្គ​តែងតែ​ទតមើល​យើង​ជានិច្ច​ ។ គ្មាន​ពេលណា ដែល​ព្រះអង្គ​មិន​ជ្រាប​អំពី​ពាក្យ​សម្តី ការ​ប្រព្រឹត្ត ការ​គិត ឬ​បំណង​ចិត្ត​យើង​នោះ​ឡើយ​ ។ ទោះ​ព្រះ​ទ្រង់​ជ្រាប និង​ទត​ឃើញ​យើង​គ្មាន​កន្លែង​ចន្លោះ​ក៏ដោយ ក៏​ព្រះអង្គ​នៅតែ​ស្រឡាញ់​យើង ដោយ​ព្រះអង្គ​នៅតែ​ស្គាល់​យើង​ច្បាស់​ជាង​យើង​ស្គាល់​ខ្លួនឯង លើស​ពី​ការ​រំពឹង​គិត​របស់​យើង​ទៅទៀត​ ។ ដូច​នេះ យើង​ត្រូវ​ស្តាប់​បង្គាប់ ដោយ​ការ​ភ័យ​ញ័រ ផ្អែក​ទៅលើ​សេចក្តី​ពិត​នេះ​ ។ 
តើ​ផ្នែក​ណា​ខ្លះ​នៃ​គំនិត ពាក្យ​សម្តី ឬ​ការ​ប្រព្រឹត្ត​របស់​អ្នក ដែល​ព្រះ​វិញ្ញាណ​កំពុងតែ​ប្រាប់​អ្នក​ថា អ្នក​ចាំ​បាច់​ត្រូវ​កែ​ប្រែ ដើម្បី​ឲ្យ​មាន​ការ​ស្តាប់​បង្គាប់? ចូរ​កុំ​ភ្លេច​ព្រះ​ដែល​បាន​សង្គ្រោះ​អ្នក និង​ទត​ឃើញ ហើយ​ធ្វើ​ការ​ក្នុង​អ្នក​ ។ 


ខគម្ពីរ​ជញ្ជឹង​គិត ៖ ម៉ាកុស ៩:២-៧
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុក​ដំកើង ៨៤-៨៦ និង ១ពេត្រុស ២

ប្រភេទ