នំម៉ាណាប្រចាំថ្ងៃ
ធ្វើ​ជា​ពន្លឺ​ភ្លឺ

ធ្វើ​ជា​ពន្លឺ​ភ្លឺ

ដោយAlistair Begg

August 18, 2026

«ចូរ​ធ្វើ​គ្រប់​ការ​ទាំង​អស់​ដោយ​ឥត​ត្អូញត្អែរ ឥត​ប្រកែក ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​ឥត​សៅហ្មង ឥត​កិច្ចកល ជា​កូន​ព្រះ​ដែល​រក​បន្ទោស​មិន​បាន​នៅ​ក្នុង​ដំណ​មនុស្ស​វៀច ហើយ​ខិល​ខូច ដែល​អ្នក​រាល់​គ្នា​ភ្លឺ​នៅ​កណ្ដាល​គេ ដូច​ជា​តួ​ពន្លឺ​នៅ​ក្នុង​លោក ទាំង​ហុច​ព្រះបន្ទូល​នៃ​ជីវិត​ដល់​គេ ដើម្បី​ដល់​ថ្ងៃ​នៃ​ព្រះគ្រីស្ទ នោះ​ឲ្យ​ខ្ញុំ​បាន​សេចក្ដី​អំនួត​អួត​ថា ខ្ញុំ​មិន​បាន​រត់ ឬ​ខំ​ប្រឹង​ធ្វើ​ការ​ជា​ឥត​ប្រយោជន៍​ឡើយ» ។ ភីលីព ២:១៤-១៦
យើង​រាល់​គ្នា​សុទ្ធតែ​ស្គាល់​មនុស្ស​ដែល​នាំមក​នូវ​ភាព​រីករាយ នៅពេល​ដែល​ពួកគេ​ចូល​ក្នុង​បន្ទប់​ជួបជុំគ្នា ឬ​បន្ទប់​ធ្វើការ គឺ​បុរស​ស្ត្រី​ដែល​មាន​លក្ខណសម្បត្តិ ដែល​ធ្វើ​ឲ្យ​គេ​ចង់​ស្តាប់ ឬ​នៅ​ក្បែរ​ពួកគេ ឬ​ក៏​ដើរ​តាម​គំរូ​របស់​ពួកគេ​ ។ ពួកគេ​ធ្វើ​ឲ្យ​ចិត្ត​យើង​រីករាយ និង​ធូរ​ស្បើយ​ ។ 
យើង​ចូល​ចិត្ត​នៅ​ក្បែរ​ពួកគេ ទោះ​យើង​មិន​ពន្យល់​ថា មូល​ហេតុ​អ្វី​ក៏ដោយ​ ។ ក្នុង​នាម​យើង​ជា​គ្រីស្ទាន យើង​គួរតែ​ព្យាយាម​មាន​ឥទ្ធិពល​ស្រដៀង​នេះ មក​លើ​មនុស្ស​នៅ​ក្បែរ​យើង​ផង​ដែរ​ ។ មិន​មែន​មាន​ន័យ​ថា យើង​គួរតែ​ព្យាយាម​កែ​ប្រែ​ខ្លួន​យើង​ទៅជា​មនុស្ស​ម្នាក់​ទៀត ដែល​មិនមែន​ជា​ខ្លួន​យើង ឬ​បង្ខំ​ខ្លួន​យើង​ឲ្យ​ក្លាយ​ជា​មនុស្ស​ដែល​រួសរាយ​បំផុត នៅ​ក្នុង​ការ​ជួប​ជុំ​នីមួយៗ​នោះ​ឡើយ​ ។ អ្វី​ដែល​យើង​ព្យាយាម​ធ្វើ​ឲ្យ​ចម្រើន​ឡើង ក្នុង​នាម​យើង​ជា​គ្រីស្ទាន គឺ​មិនមែន​ជា​បុគ្គលិកលក្ខណៈ​គួរ​ឲ្យ​ស្ញប់​ស្ញែង គួរ​ឲ្យ​ទាក់ទាញ ឬ​កំប្លែង​នោះ​ទេ​ ។ តែ​យើង​ត្រូវ​ចម្រើន​ឡើង​ខាង​ឯ​សេចក្តី​បរិសុទ្ធ​នៃ​ក្រម​សីលធម៌​ ។ នេះ​ជា​អ្វី​ដែល​ព្រះយេស៊ូវ​សព្វ​ព្រះទ័យ​ឲ្យ​យើង​យល់ នៅពេល​ដែល​ព្រះអង្គ​ប្រាប់​ពួក​សិស្ស​ទ្រង់​ថា ពួកគេ​ត្រូវ​ធ្វើ​ជា «ពន្លឺ​សម្រាប់​លោកិយ» ក្នុង​ន័យ​ថា ពួកគេ​ត្រូវ​រស់នៅ ដើម្បី​ឲ្យ​លោកិយ​បាន​ឃើញ​ការ​ល្អ​ដែល​ពួកគេ​ធ្វើ ហើយ​សរសើរ​ដំកើង​ព្រះ (ម៉ាថាយ ៥:១៤-១៦) ។ ការ​នេះ​ក៏​ជា​អ្វី​ដែល​មាន​ក្នុង​គំនិត​សាវ័ក​ប៉ុល​ផង​ដែរ នៅពេល​ដែល​គាត់​ប្រាប់​មិត្ត​សំឡាញ​ទាំងឡាយ​របស់​គាត់ នៅ​ទីក្រុង​ភីលីព​ថា ពួកគេ​ត្រូវ «ភ្លឺ​នៅ​កណ្ដាល​គេ ដូច​ជា​តួ​ពន្លឺ​នៅ​ក្នុង​លោក» ក្នុង «ដំណ​មនុស្ស​វៀច ហើយ​ខិលខូច» ។ ចារិក​លក្ខណៈ​របស់​គ្រីស្ទបរិស័ទ គឺ​មិន​គ្រាន់តែ​អាច​ឲ្យ​គេ​សង្កេត​មើល​ប៉ុណ្ណោះ តែ​ក៏​បញ្ចេញ​ពន្លឺ​ផង​ដែរ​ ។ ក្នុង​នាម​យើង​ជា​រាស្រ្ត​របស់​ព្រះ យើង​ជួប​ជុំ​គ្នា​ដើម្បី​ថ្វាយបង្គំ​ព្រះ​ដ៏​រស់ ដើម្បី​ទទួល​ការ​កែ​តម្រង់​ដោយ​ព្រះបន្ទូល ហើយ​ចម្រើន​កម្លាំង ក្នុង​ព្រះគុណ​ទ្រង់ ប៉ុន្តែ មិនមែន​ដើម្បី​ឲ្យ​យើង​អាច​ត្រលប់​ទៅ​ផ្ទះ​វិញ ហើយ​នៅ​ស្ងាត់​ស្ងៀម​រហូត​នោះ​ទេ​ ។ នៅពេល​ដែល​ជំនឿ​គ្រីស្ទាន​របស់​យើង​មាន​ឥទ្ធិពល​តែ​នៅ​ត្រឹម​មាត់​ទ្វារ​ព្រះវិហារ នោះ​ជំនឿ​របស់​យើង​មិន​មាន​ប្រយោជន៍​សម្រាប់​នរណា​ម្នាក់​ឡើយ​ ។ យើង​បោះ​​ជំហាន​ចេញពី​ការ​ថ្វាយបង្គំ​រួម ចូល​ទៅ​ក្នុង​លោកិយ​ដែល​ងងឹត និង​ភាន់​ភាំង តាម​របៀប​ជា​ច្រើន ហើយ​យើង​គួរ​តែ​បោះ​ជំហាន​ចេញ ដោយ​ការ​ប្ដេជ្ញា​ចិត្ត​ថា យើង​នឹង​រស់នៅ ក្នុង​លោកិយ ដោយ​សេចក្តី​ស្មោះ​ត្រង់ ដែល​បញ្ចេញ​ពន្លឺ​ចែងចាំង​ ។
នៅ​សម័យ​បុរាណ គេ​ប្រើ​ពន្លឺ​របស់​ផ្កាយ​នៅ​លើមេឃ ជា​ជំនួយ​ក្នុង​ការ​ធ្វើ​ដំណើរ​ ។ គេ​ដើរ​ចេញ​ក្រៅ​ផ្ទះ មើលទៅ​លើមេឃ ហើយ​កំណត់​ទិសដៅ តាម​ពន្លឺ​ផ្កាយ​នៅ​លើមេឃ​ ។ សាវ័ក​ប៉ុល​ចង់​ឲ្យ​អ្នកអាន​សំបុត្រ​របស់​គាត់ រស់នៅ​ឲ្យ​មាន​ប្រយោជន៍​ដូច​ផ្កាយ​នៅ​លើមេឃ​ផង​ដែរ ដោយ​ធ្វើ​ជា​ជំនួយ​ក្នុង​ការ​ធ្វើ​ដល់​សម្រាប់​លោកិយ ដែល​មិន​ដឹង​ថា ត្រូវ​ងាក​ទៅ​ខាងណា ដោយ​ចង្អុល​បង្ហាញ​គេ​ឲ្យ​ងាក​​ទៅ​រក​ផ្កាយ​នាំ​ផ្លូវ​ធំ​ប្រសើរ​បំផុត គឺជា​ព្រះ​ដែល​បាន​បង្កើត​ផ្កាយ​ទាំង​អស់​មក​ ។
ដើម្បី​រស់នៅ​តាម​របៀប​នេះ យើង​ត្រូវតែ​ប្រកាន់​ខ្ជាប់​តាម​ព្រះបន្ទូល​នៃ​ជីវិត ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​របស់​យើង​ ។ ជំហាន​របស់​យើង​ត្រូវតែ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ព្រះបន្ទូល​ដ៏​ពិត និង​មាន​អំណាច​ ។ យើង​ត្រូវតែ​ប្រកាន់​ខ្ជាប់​តាម​ព្រះបន្ទូល​នៃ​ជីវិត​ ។ ដំណឹង​ល្អ​របស់​ព្រះយេស៊ូវ មាន​កត់ទុក​ក្នុង​ព្រះបន្ទូល​ព្រះ ហេតុ​នេះ​ហើយ យើង​ត្រូវ​ចែក​ចាយ​ព្រះបន្ទូល​ទ្រង់ ដល់​អ្នក​ជិត​ខាង និង​មិត្ត​ភក្តិ​របស់​យើង ដោយ​ដឹង​ថា ព្រះបន្ទូល​ព្រះ​អង្គ​មិន​ត្រឡប់​មកវិញ​ជា​អសារ​ឥតការ​ឡើយ (អេសាយ ៥៥:១១) ។ យើង​ត្រូវ​រស់​​នៅ​ជា​គំរូ​តាម​ដំណឹង​ល្អ គឺ​ដូច​ដែល​ផ្កាយ​បញ្ចេញ​ពន្លឺ​នាំ​ផ្លូវផង​ដែរ​ ។ 
បើ​យើង​ត​យុទ្ធ​នឹង​ការ​ល្បួង ដែល​នាំ​យើង​រអ៊ូរទាំ មិន​បរិសុទ្ធ និង​អាត្មា​និយម ហើយ​បើ​យើង​រស់នៅ​ដោយ​អំណរ ស្កប់​ចិត្ត និង​មាន​សង្ឃឹម ដោយ​ព្រះគុណ​ព្រះ ហើយ​ទន្ទឹម​នឹង​នោះ​យើង​ប្រកាន់​ខ្ជាប់​តាម​ព្រះបន្ទូល​ព្រះ នោះ​យើង​នឹង​បញ្ចេញ​ពន្លឺ​យ៉ាង​ពិត​ប្រាកដ សម្រាប់​អ្នក​ជិត​ខាង​របស់​យើង និង​ដើម្បី​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ​ ។ ព្រះ​ទ្រង់​បាន​ត្រាស់ហៅ​អ្នក​ឲ្យ​បញ្ចេញ​ពន្លឺ​ក្នុង​ភាព​ងងឹត​ ។ ចូរ​ប្រាកដ​ថា អ្នក​បញ្ចេញ​ពន្លឺ​នៅ​ថ្ងៃ​នេះ​ ។


ខគម្ពីរ​ជញ្ជឹង​គិត ៖ ម៉ាថាយ ៥:១៤-១៦
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុក​ដំកើង ១០០-១០២ និង កាឡាទី ៣

ប្រភេទ