
បញ្ញាចិត្តដែលប្រកាន់ទោសខ្លួនឯង
ដោយAlistair Begg
August 20, 2026
«ដាវីឌក៏ក្រោកឡើងលបចូលទៅថ្នមៗកាត់ផ្ដាច់ជាយព្រះពស្ត្ររបស់សូលចេញ តែបន្ទាប់នោះមក នោះដាវីឌក៏មានសេចក្ដីឈឺចិត្តស្ដាយ ដោយព្រោះបានកាត់ជាយព្រះពស្ត្ររបស់សូល ។ រួចនិយាយនឹងពួកខ្លួនថា សូមព្រះយេហូវ៉ាទ្រង់ឃាត់ កុំឲ្យខ្ញុំប្រព្រឹត្តដូច្នេះ ដល់ចៅហ្វាយរបស់ខ្ញុំ ដែលទ្រង់បានចាក់ប្រេងតាំងឲ្យ គឺដែលខ្ញុំនឹងលើកដៃទាស់នឹងទ្រង់ឡើយ ដ្បិតព្រះយេហូវ៉ាបានចាក់ប្រេងតាំងទ្រង់ហើយ ... លុះកាលដាវីឌបានទូលសេចក្ដីទាំងនេះរួចហើយ នោះសូលទ្រង់សួរថា ឱដាវីឌកូនអើយ នេះជាសំឡេងឯងឬអី រួចទ្រង់ក៏ឡើងសំឡេងយំ ។ ហើយមានបន្ទូលថា ឯងសុចរិតជាងអញ ដ្បិតអញបានធ្វើការអាក្រក់ដល់ឯង តែឯងបានស្នងការល្អដល់អញវិញ» ។ ១សាំយ៉ូអែល ២៤:៤-៦,១៦-១៧
ក្នុងរឿងដែលបានចែងក្នុងបទគម្ពីរខាងលើនេះ យើងឃើញថា ដាវីឌមានបញ្ញាចិត្ត ឬមនសិការដែលងាយភ្ញាក់ខ្លួន ខុសពីស្តេច សូល ដែលមានបញ្ញាចិត្តរឹងទទឹង មិនងាយភ្ញាក់ខ្លួន ។
ដាវីឌដឹងថា ទោះព្រះវិញ្ញាណរបស់ព្រះបានយាងចេញពីស្តេច សូល ហើយក៏ដោយ ក៏ស្តេច សូល នៅតែជាក្សត្រដែលព្រះអម្ចាស់បានចាក់ប្រេងតាំង ហើយគេមិនត្រូវដាក់បណ្តាសា ឬសម្លាប់មនុស្សដែលព្រះបានចាក់ប្រេងតាំងនោះឡើយ (និក្ខមនំ ២២:២៨) ។ ដោយសារបញ្ញាចិត្តរបស់ទ្រង់ឆាប់ឆ្លើយតបចំពោះព្រះ និងក្រឹត្យវិន័យរបស់ទ្រង់ ទ្រង់មានបន្ទុកក្នុងចិត្តភ្លាមៗ ដោយសារការកាត់ជាយព្រះពស្ត្ររបស់ស្តេច សូល ទោះទ្រង់អាចធ្វើលើសនេះទៀតក៏ដោយ ។ ហេតុនេះហើយ ដាវីឌក៏បានប្រែចិត្តចេញពីបាប នៅចំពោះមុខពួកប្រុសៗដែលនៅជាមួយគាត់ ហើយក៏បានរារាំងពួកគេមិនឲ្យវាយប្រហារស្តេច សូល ឡើយ (១សាំយ៉ូអែល ២៤:៦-៧) ។
បន្ទាប់ពីស្តេច ដាវីឌ បាននិយាយទៅកាន់ស្តេច សូល ដោយបើកចំហ អំពីគំនុំដែលដក់ជាប់ក្នុងព្រះទ័យទ្រង់ (១សាំយ៉ូអែល ២៤:៨-១៥) ស្តេច សូល ក៏បានប៉ះពាល់ចិត្តរហូតដល់ស្រក់ទឹកភ្នែក ដោយសារសេចក្តីសប្បុរសរបស់ដាវីឌ ។ ប៉ុន្តែ ស្តេច សូល មិនបានឆ្លៀតឱកាសពេលនោះ ដើម្បីផ្សះផ្សាគ្នាទេ ។ ទោះទ្រង់បានស្រក់ទឹកភ្នែកមុននោះ ដោយព្រះទ័យស្មោះត្រង់ក្តី ពាក្យសម្តីរបស់ទ្រង់ល្អតែសម្បកក្រៅ តែមួយរយៈពេលខ្លីប៉ុណ្ណោះ ដោយសារទ្រង់មានព្រះទ័យរឹងទទឹង និងងងឹតងងុល ។ យើងអាចដឹងដូចនេះបាន ព្រោះក្រោយមក ទ្រង់នៅតែតាមសម្លាប់ដាវីឌ ។
ព្រះគម្ពីរប៊ីបបានចែងថា បញ្ញាចិត្ត ឬមនសិការ គឺជាផ្នែកដ៏សំខាន់របស់ជីវិតរបស់មនុស្សជាតិ ។ ក្រឹត្យវិន័យរបស់ព្រះបានកត់ទុកក្នុងចិត្តយើង ទោះយើងបានឮក្រឹត្យវិន័យរបស់ទ្រង់ឬអត់ក៏ដោយ (រ៉ូម ២:១៤-១៥) ។ ពេលណាយើងមិនអើពើចំពោះក្រឹត្យវិន័យរបស់ព្រះ ដើម្បីធ្វើតាមចិត្តរបស់យើង យើងមានអារម្មណ៍ដឹងថា ខ្លួនឯងមានកំហុស និងភាពខ្មាសអៀន ។ នៅពេលនោះ យើងប្រឈមមុខដាក់ការសម្រេចចិត្តថា តើយើងនឹងស្វែងរកការអត់ទោស និងការផ្សះផ្សាឬទេ? ឬយើងបណ្តោយឲ្យបញ្ញាចិត្តរបស់យើងកាន់តែរឹងទទឹង ដោយការដេញតាមភាពអាត្មានិយមរបស់យើង?
បញ្ញាចិត្តដែលដឹងថាខ្លួនឯងខុស គឺជាបន្ទុកដ៏ធ្ងន់ តែក៏អាចជាអំណោយមកពីព្រះផងដែរ ។ លោកគ្រូ វ៉លទ័រ ជេ ចាន់ទ្រី (Walter J. Chantry) បានសរសេរថា «បញ្ញាចិត្តគឺជាមិត្តសំឡាញ់ ដែលជំរុញអ្នកឲ្យប្រញាប់ចូលទៅក្នុងព្រះហស្តនៃព្រះអង្គសង្គ្រោះតែមួយ ឲ្យរួចផុតពីក្រឹត្យវិន័យ ដែលប្រេះបែក និងបណ្តាសារបស់ក្រឹត្យវិន័យ» ។66 បើអ្នកមានអារម្មណ៍ថា មានបន្ទុកធ្ងន់ ដោយសារបញ្ញាចិត្តដែលប្រកាន់ទោសខ្លួនឯង ចូរកុំយល់ច្រឡំថា ការសោកស្តាយតែមួយភ្លែត គឺជាការប្រែចិត្តពិតប្រាកដនោះឡើយ ។ ចូរងាកទៅរកព្រះ ដោយការប្រែចិត្ត ងាកចេញពីបាបរបស់អ្នក ហើយប្ដេជ្ញាចិត្តថា អ្នកនឹងកែប្រែ ដោយពឹងអាងកម្លាំងមកពីព្រះអង្គ ។ នេះជារបៀបដែលអ្នកអាចទទួលការអត់ទោស ។ បើសិនជាបញ្ញាចិត្តដែលប្រកាន់ទោសខ្លួនឯង គឺជាអំណោយ ដែលជំរុញអ្នកទៅរកព្រះ នោះបញ្ញាចិត្តដែលជ្រះស្រឡះ គឺជាអំណោយដែលអ្នកនឹងទទួលបានពីព្រះអង្គ ។
ខគម្ពីរជញ្ជឹងគិត ៖ ទំនុកដំកើង ជំពូក២៥
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុកដំកើង ១០៥-១០៦ និង កាឡាទី ៥