នំម៉ាណាប្រចាំថ្ងៃ
ភាព​ខុស​ឆ្គង​ដែលគេ​មើល​មិន​ឃើញ

ភាព​ខុស​ឆ្គង​ដែលគេ​មើល​មិន​ឃើញ

ដោយAlistair Begg

August 26, 2026

«ដ្បិត​មាន​មនុស្ស​ជា​ច្រើន គឺ​ក្នុង​ពួក​អ្នក​កាត់​ស្បែក​ជាដើម ដែល​រឹងរូស ជា​ពួក​អ្នក​ដែល​ពោល​ពាក្យ​ឥត​ប្រយោជន៍ ហើយ​​បង្ខូច​គំនិត​មនុស្ស​ ។ ត្រូវតែ​បំបាត់​មាត់​គេ ដ្បិត​គេ​ផ្ដួល​ពួក​អ្នក​ផ្ទះ​ទាំងមូល ដោយ​បង្រៀន​សេចក្ដី​ដែល​មិន​គួរ​គប្បី ឲ្យតែ​បាន​កំរៃ​ដ៏​លាមក» ។ ទីតុស ១:១០-១១
ចូរ​យើង​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​គ្រោះ​ថ្នាក់ ដែល​បណ្តាល​មកពី​មនុស្ស​ពោល​ពាក្យ​ឥត​ប្រយោជន៍​ ។
ពួក​ជំនុំ​នៅ​លើ​កោះ​ក្រេត កំពុង​ទទួល​ការ​គំរាម​កំហែង​ពី​អ្នក​ខ្លះ ដែល​មាន​លក្ខណៈ​បះបោរ​ ក្នុង​សហគមន៍​នៃ​ជំនឿ ។ ពួកគេ​ប្រៀប​ដូចជា​មនុស្ស​ដែល​ចុះ​ឈ្មោះ​ចូល​ធ្វើ​ទាហាន ពួកគេ​ទទួល​ភារកិច្ច និង​ពាក់​ឯក​សណ្ឋាន តែ​ពេល​ដែល​សង្គ្រាម​ផ្ទុះ​ឡើង ពួក​គេ​បដិសេធ​មិន​ព្រម​ស្តាប់​តាម​មេ​បញ្ជាការ​របស់​ពួកគេ​ ។
សាវ័ក​ប៉ុល​បាន​ហៅ​បុគ្គល​ដែល​បះបោរ​ទាំង​នោះ​ថា «ពួក​អ្នក​ដែល​ពោល​ពាក្យ​ឥត​ប្រយោជន៍» ។ ពួកគេ​ធ្វើ​អ្វី​ដែល​គ្មានន័យ តែ​ពួកគេ​ធ្វើ​ឲ្យ​អ្នក​គិត​ស្មានថា រឿង​នោះ​សំខាន់​បំផុត ក្នុង​ជីវិត​អ្នក​ ។ ពួក​គេ​ចង់​ជៀស​វាង​រឿង​ធំ ដែល​អាច​ឃើញ​ច្បាស់ ក្នុង​ព្រះ​គម្ពីរប៊ីប ហើយ​ចង់​ឲ្យ​គេ​រាល់​គ្នា​ផ្ដោត​ទៅលើ​រឿង​ឥត​ប្រយោជន៍​ ។ ហើយ​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ ទោះ​ពួកគេ​គឺជា «មនុស្ស​បោកបញ្ឆោត» ពួកគេ​អាច​នាំ​មនុស្ស​ដើរ​តាម​ពួកគេ​ ។ 
អ្នក​ខ្លះ​ងាយ​នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​រឿង​ឥត​ប្រយោជន៍​ដូច​នេះ​ ។ អ្នក​មិន​អាច​មាន​ផលិតផល​ដែល​អាច​លក់​បាន​ឡើយ បើសិន​ជា​អ្នក​មិន​មាន​ទី​ផ្សា​ដែល​នឹង​ទិញ​ផលិតផល​នោះ​ទេ​ ។ បើ​ពួក​ជំនុំ​មិន​យល់​សេចក្តី​ពិត​ច្បាស់​ទេ ហើយ​​មិន​មាន​ពួក​ចាស់ទុំ ដូច​ដែល​បាន​ពិពណ៌នា ក្នុង​បទ​គម្ពីរ​ទីតុស ១:៥-៩ ដើម្បី​ថែរក្សា​ហ្វូង​ចៀម​ទេ នោះ​ពួក​គេ​ងាយ​រង​គ្រោះ ដោយសារ​បុគ្គល​ដែល​លេច​ឡើង ពី​ក្នុង​ចំណោម​អ្នក​ជឿ ហើយ​ព្យាយាម​នាំ​ពួក​ស្មោះ​ត្រង់​ឲ្យ​វង្វេង​ចេញ​ ។
គ្រោះ​ថ្នាក់​ធំ​បំផុត មិន​មែន​ទាល់តែ​មាន​ការ​បៀតបៀន​ពី​កម្លាំង​ខាង​ក្រៅ មក​លើ​ពួក​ជំនុំ​នោះ​ទេ​ ។ ភាគ​ច្រើន គ្រោះ​ថ្នាក់​ធំ​បំផុត​កើត​មាន​ស្ងាត់ៗ ដែលគេ​មិន​ចាប់​អារម្មណ៍​ភ្លាមៗ ពោល​គឺ​វា​ចេញ​ពី​ខាង​ក្នុង​ពួក​ជំនុំ​មក​ ។ មនុស្ស​ដែល​បោក​បញ្ឆោត​យ៉ាង​ដូច​នេះ គឺ​គេ​មិន​ងាយ​មើល​ដឹង​ឡើយ​ ។ ពួកគេ​មិន​និយាយ​ត្រង់ៗថា «សូម​មក​តាម​ខ្ញុំ ខ្ញុំ​កំពុង​តែ​ងាក​បែរ​ចេញពី​សេចក្តី​ពិត​ហើយ» ។ ផ្ទុយ​ទៅវិញ ពួក​គេ​និយាយ​ថា «សូម​មក​តាម​ខ្ញុំ ព្រោះ​ខ្ញុំ​មាន​ការ​បង្រៀន​ជា​គន្លឹះ ដែល​អ្នក​ចាំ​បាច់​ត្រូវ​ជឿ​ ។ អ្នក​ត្រូវ​ប្រាកដ​ថា អ្នក​ត្រូវ​ធ្វើ​យ៉ាង​ដូច​នេះ គឺ​មិនមែន​ធ្វើ​យ៉ាង​នោះ​ទេ» ។
ដំណឹង​ល្អ​គឺជា​រឿង​ដ៏​អស្ចារ្យ ដែល​តាមរយៈ​ព្រះយេស៊ូវ និង​ព្រះ​រាជ​កិច្ច​ដែល​ព្រះអង្គ​បាន​ធ្វើ នៅ​លើ​ឈើ​ឆ្កាង ព្រះ​ទ្រង់​បាន​កែ​ប្រែ​ជីវិត​របស់​កូន​ទ្រង់​ទាំងស្រុង​ ។ ក្រៅពី​ការ​ផ្លាស់​ប្រែ ក្នុង​ចិត្ត​យើង ព្រះអង្គ​ក៏​ប្រទាន​សេចក្តី​ពិត​នៃ​ព្រះបន្ទូល​ដែល​មិន​ចេះ​ប្រែ​ប្រួល ជា​សេចក្តី​ពិត​ដែល​សក្តិ​សមនឹង​ឲ្យ​យើង​អធិស្ឋាន ឲ្យ​ពួក​ជំនុំ និង​ពួក​ចាស់ទុំ​របស់​យើង​ ។ សេចក្តី​ពិត​មាន​តម្លៃ​ណាស់ គឺ​សក្តិ​សមនឹង​ឲ្យ​យើង​ការពារ​អស់ពី​កម្លាំង​របស់​យើង​ ។ ដូច​នេះ សូម​ឲ្យ​ការ​បង្រៀន​របស់​សាវ័ក​ប៉ុល​បាន​ក្រើន​រំឭក​យើង ឲ្យ​ការពារ​ពួក​ជំនុំ ឲ្យ​រួចពី​ពួក​មនុស្ស​ដែល​បោក​បញ្ឆោត ហើយក៏​មាន​ការ​ប្រុង​ប្រយ័ត្ន ក្នុង​ការ​ពិនិត្យ​មើល​ចិត្ត​របស់​យើង​ផង​ដែរ​ ។ ចូរ​យើង​ស្តាប់​មនុស្ស​ដែល​មាន​ពាក្យ​សម្តី​ប្រកប​ដោយ​សេចក្តី​ពិត និង​ព្រះគុណ ហើយ​ត្រូវ​ប្រាកដ​ថា ពាក្យ​សម្តី​របស់​យើង​ក៏​ពេញ​ដោយ​សេចក្តី​ពិត និង​ព្រះគុណ ដែល​ជា​សញ្ញា​សំ​គាល់​ដ៏​សំខាន់​នៃ​ជីវិត​គ្រីស្ទបរិស័ទ​ផង​ដែរ​ ។


ខគម្ពីរ​ជញ្ជឹង​គិត ៖ ទីតុស ១:៥-១៦
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុក​ដំកើង ១១៩:៨៩-១៧៦ និង ២កូរិនថូស ៥

ប្រភេទ