នំម៉ាណាប្រចាំថ្ងៃ
ការ​ការពារ​ពី​ព្រះបន្ទូល​ព្រះ

ការ​ការពារ​ពី​ព្រះបន្ទូល​ព្រះ

ដោយAlistair Begg

August 30, 2026

«ទូល​បង្គំ​មិន​សូម​ឲ្យ​យក​គេ​ចេញពី​លោកីយ​ទេ គឺ​សូម​ឲ្យ​ទ្រង់​រក្សា​គេ ឲ្យ​រួចពី​សេចក្ដី​អាក្រក់​វិញ» ។ យ៉ូហាន ១៧:១៥
នេះ​ជា​ការ​អធិស្ឋាន​ដែល​ព្រះយេស៊ូវ​បាន​បន្លឺ​ព្រះ​សូរសៀង​ឡើង សម្រាប់​ពួក​សិស្ស​ ។ ហើយ​ការ​អធិស្ឋាន​នេះ​ក៏​ជា​សេចក្តី​បង្គាប់ អំពី​របៀប​ដែល​ពួកគេ​មាន​ទំនាក់​ទំនងជា​មួយ​លោកិយ​ នៅ​ជុំ​វិញ​ពួកគេ​ ។ របៀប​នៃ​ការ​រស់នៅ ដែល​ព្រះយេស៊ូវ​បាន​កំណត់​ក្នុង​សេចក្តី​អធិស្ឋាន​នេះ មិនមែន​ជា​របៀប​នៃ​ការ​រស់នៅ ដែល​គ្រីស្ទាន​អាច​មាន​យ៉ាង​សុខ​ស្រួល ដល់​ថ្នាក់​មិន​អាច​មើល​ឃើញ​ភាព​ខុស​គ្នា​ពី​លោកិយ​នោះ​ទេ ហើយក៏​មិន​មែន​ជា​ការ​ផ្តាច់​ខ្លួន​ចេញពី​សង្គម​ដែរ​ ។
ចក្ខុ​វិស័យ​ដែល​ព្រះយេស៊ូវ​មាន​សម្រាប់​រាស្រ្ត​ទ្រង់ គឺ​ឲ្យ​ពួកគេ​រស់នៅ​ក្នុង​លោកិយ តែ​មាន​ភាព​ខុស​ប្លែក​ពី​លោកិយ​ ។ តាម​ពិត ព្រះ​ទ្រង់​តែងតែ​ត្រាស់ហៅ​រាស្រ្ត​របស់​ទ្រង់​ឲ្យ​រស់នៅ​ដូច​នេះ ធ្វើ​ជា «ពួក​សង្ឃ​ហ្លួង ជា​សាសន៍​បរិសុទ្ធ» (និក្ខមនំ ១៩:៦ និង ១ពេត្រុស ២:៩-១០) ។ បទ​គម្ពីរ​ទំនុក​ដំកើង​បាន​ចែង​យ៉ាង​ច្បាស់​ថា ការ​អាក្រក់​តែងតែ​មាន​វត្ត​មាន ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​គ្រប់​ពេល​ ។ មនុស្ស​ដែល​ជា «ខ្មាំង​សត្រូវ» និង «មនុស្ស​ដែល​កំចាយ​ឈាម» (ទំនុក​ដំកើង ៥៩:១-២) ហើយ «អស់អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់» មាន​នៅ​គ្រប់​ទី​កន្លែង (៩៤:៤) ហើយ​មាន​អ្នក​ខ្លះ​បែរ​ទៅ តាម​ផ្លូវ​ខ្វិច​ខ្វៀន​របស់​ខ្លួន (១២៥:៥) ។ ហេតុ​នេះ​ហើយ បញ្ហា​ប្រឈម​ធំ​បំផុត​ត្រង់​ចំណុច​នេះ គឺ​ត្រូវ​ដឹង​អំពី​របៀប​គោរព​ប្រតិបត្តិ​តាម​ព្រះបន្ទូល​របស់​ព្រះយេស៊ូវ ដោយ​ជៀសវាង​ការ​បន្ថែម​បន្ថយ​សេចក្តី​ពិត តាម​ការ​ជំរុញ​នៃ​សេចក្តី​អាក្រក់​នៅ​ជុំ​វិញ​យើង​​ ។
ព្រះ​យេស៊ូវ​បាន​ទូល​សូម​ព្រះវរបិតា​ថា «សូម​ឲ្យ​ទ្រង់​រក្សា​គេ ឲ្យ​រួចពី​សេចក្ដី​អាក្រក់​វិញ» ។ ការ​ការពារ គឺ​មាន​សម្រាប់​មនុស្ស​ទាំង​អស់​ដែល​ថ្វាយ​ជីវិត​ដាច់​ដល់​ព្រះ​ ។ សេចក្តី​ពិត​នេះ​ក៏​ស្រប​នឹង​បទ​គម្ពីរ​ទំនុក​ដំកើង ដែល​ក្នុង​នោះ យើង​ឃើញថា ព្រះ​ទ្រង់​ប្រទាន​ការ​ការពារ​ដល់​ជន​ទុរគត​ ។ ព្រះអម្ចាស់​មាន​បន្ទូល​ថា «ដោយ​ព្រោះ​ដំងូរ​របស់​មនុស្ស​កំសត់​ទុគ៌ត អញ​នឹង​ដាក់​គេ​ឲ្យ​នៅ​ទី​សាន្ត​ត្រាណ ដែល​គេ​ដង្ហក់​រក​នោះ» (ទំនុក​ដំកើង ១២:៥) ។ អាច​និយាយ​ម្យ៉ាង​ទៀត​ថា ព្រះអង្គ​មិន​ការពារ​មនុស្ស​ក្រអឺតក្រទម និង​មនុស្ស​មាន​អំនួត​ឡើយ តែ​ការពារ​មនុស្ស​ដែល​ទទួល​ស្គាល់​ថា ខ្លួន​ត្រូវ​ពឹង​ផ្អែកលើ​ព្រះអង្គ​ ។ ព្រះអង្គ​បាន​ស្តាប់​ឮ​សម្លេង​ទំនួញ​របស់​ពួកគេ​ ។ ហើយ​ការ​ការពារ​ដែល​ព្រះអម្ចាស់​មាន​សម្រាប់​ជន​ទុរគត ក៏​ជា​ការពារ​ពួកគេ​ឲ្យ​រួចពី​មនុស្ស​អាក្រក់​ផង​ដែរ​ ។ ស្តេច  ​ដាវីឌ   ​បាន​សារភាព​ថា ព្រះអម្ចាស់ «នឹង​ជួយ​ទំនុកបំរុង​គេ ចាប់​តាំង​ពី​ដំណ​នេះ​ជា​រៀង​រាប​ត​ទៅ» (ខ.៧) ។ មនុស្ស​អាក្រក់​អាច​ធ្វើ​ឲ្យ​រាស្រ្ត​របស់​ព្រះ​រង​ទុក្ខ​វេទនា តែ​មួយ​រយៈ​ពេល​ប៉ុណ្ណោះ ព្រោះ​ពួកគេ​មិន​អាច​បំផ្លាញ​​វិញ្ញាណ​របស់​យើង​បានទេ​ ។ ព្រះ​ទ្រង់​នឹង​ថែរក្សា​វិញ្ញាណ​របស់​អ្នកជឿ​ពិត​ប្រាកដ មិន​ឲ្យ​ដាច់​ចេញពី​ព្រះអង្គ​ឡើយ​ ។
ការ​ការពារ​របស់​ព្រះ គឺ​សម្រាប់​ជន​ទុរគត និង​សម្រាប់​ការពារ​ឲ្យ​រួចពី​មនុស្ស​អាក្រក់ ប៉ុន្តែ តើ​យើង​អាច​ទទួល​បាន​ការ​ការពារ​នេះ​ដោយ​របៀបណា? គឺ​តាមរយៈ​ព្រះបន្ទូល​ព្រះ ដែល​ជា​ចង្កៀង​បំភ្លឺ​ផ្លូវ​យើង (ទំនុក​ដំកើង ១១៩:១០៥) ។ ព្រះបន្ទូល​ទ្រង់​គឺជា​ពាក្យ​ពិត ដែល​ផ្តល់​ឲ្យ​យើង​នូវ​ខែល​ការពារ​ឲ្យ​រួចពី​ខ្មាំង​សត្រូវ​ទាំង​អស់ (១៨:៣០) ។ បើ​យើង​ចង់​រស់នៅ​ដោយ​ស្មោះ​ត្រង់ ក្នុង​លោកិយ​នេះ យើង​ត្រូវតែ​មាន​ការ​ប្តូរ​ផ្តាច់​ចំពោះ​ព្រះ​គម្ពីរប៊ីប​ ។ ដើម្បី​ឲ្យ​អ្នក​មាន​ការ​គិត​ដ៏​ត្រឹម​ត្រូវ អំពី​សេចក្តី​អាក្រក់​ក្នុង​លោកិយ អ្នក​ត្រូវ​មាន​ព្រះបន្ទូល​ជាប់​ក្នុង​ចិត្ត គំនិត និង​អណ្តាត​របស់​អ្នក​ ។ ព្រះ​ទ្រង់​បាន​ប្រទាន​ព្រះ​បន្ទូល​មក​អ្នក ដើម្បី​ថែរក្សា​អ្នក​ឲ្យ​ជាប់​នៅ​ ។ តើ​អ្នក​បាន​អធិស្ឋាន​ឲ្យ​ខ្លួនឯង តាម​លំនាំ​ព្រះ​យេស៊ូវ​អធិស្ឋាន​ឲ្យ​អ្នក​ដើរ​តាម​ព្រះអង្គ នៅ​ថ្ងៃ​មុន​ពេល​ព្រះ​អង្គ​សុគត​ឬ​ទេ? ចូរ​ពិចារណា​ថា អ្នក​កំពុង​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់​នៃ​ការ​មាន​លក្ខណៈ​ដូច​លោកិយ ឬ​គ្រោះ​ថ្នាក់​នៃ​ការ​ផ្តាច់​ខ្លួន​ចេញពី​សង្គម​ ។ ចូរ​ទូល​សូម​ព្រះអម្ចាស់ នូវ​សេចក្តី​ស្រឡាញ់ ប្រាជ្ញា និង​សេចក្តី​ក្លាហាន សម្រាប់​រស់នៅ​តាម​គំរូ​របស់​ព្រះអង្គ ក្នុង​លោកិយ តែ​មាន​លក្ខណៈ​ខុសពី​លោកិយ​ ។ 
 

ខគម្ពីរ​ជញ្ជឹង​គិត ៖ យ៉ូហាន ១៧:៩-១៩
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុក​ដំកើង ១២៩-១៣១ និង ២កូរិនថូស ៩
 

ប្រភេទ