នំម៉ាណាប្រចាំថ្ងៃ
ប្ដេជ្ញា​ចិត្ត​ធ្វើ​តាម​បំណង​ព្រះទ័យ​ព្រះ

ប្ដេជ្ញា​ចិត្ត​ធ្វើ​តាម​បំណង​ព្រះទ័យ​ព្រះ

ដោយAlistair Begg

September 12, 2026

«ដូច្នេះ អេសធើរ​ក៏​បង្គាប់ ឲ្យ​គេ​ទៅ​ជំរាប​ម៉ាដេកាយ​ថា សូម​ទៅ​ប្រមូល​ពួក​សាសន៍​យូដា ដែល​នៅ​ក្រុង​ស៊ូសាន ឲ្យ​ប្រជុំ​គ្នា​តម​អត់​ឲ្យ​ខ្ញុំ កុំ​ឲ្យ​បរិភោគ​អ្វី​ទាំងយប់​ទាំង​ថ្ងៃ​អស់​រវាង៣ថ្ងៃ ឯ​ខ្ញុំ នឹង​ពួក​ស្រី​បំរើ​របស់​ខ្ញុំ ក៏​នឹង​តម​ដូច្នោះ​ដែរ យ៉ាង​នោះ ខ្ញុំ​នឹង​ចូល​ទៅ​គាល់​ស្ដេច ដែល​ជា​ការ​ខុស​ច្បាប់ ហើយ​បើ​ខ្ញុំ​ត្រូវ​ស្លាប់ ក៏​ស្លាប់​ទៅចុះ» ។ នាងអេសធើរ ៤:១៥-១៦
ទាល់តែ​យើង​មិន​ខ្លាច​ស្លាប់ ទើប​យើង​អាច​រស់នៅ ដោយ​មាន​សេរី​ភាព​ពិត​ប្រាកដ​ ។
រហូត​មកដល់​ចំណុច​នេះ ក្នុង​កណ្ឌ​នាងអេសធើរ លោក ​ម៉ាដេកាយ​បាន​ផ្ញើ​សារ​ណែនាំ ដល់​ព្រះ​នាងអេសធើរ ហើយ​ព្រះ​នាង​ក៏​បាន​ឆ្លើយតប​យ៉ាង​ច្បាស់​លាស់​ ។ ប៉ុន្តែ ពេល​នេះ ព្រះ​នាង​បាន​សម្រេច​ព្រះទ័យ​ថា នឹង​ត្រូវ​ធ្វើ​អ្វី​ ។ ព្រះ​នាង​មាន​ការ​ផ្លាស់​ប្តូរ​ពី​ភាព​អសកម្ម ទៅជា​សកម្ម ដោយ​ការ​តាំង​ចិត្ត​ច្បាស់​លាស់​ ។ ព្រះ​នាង​នឹង​ចូល​គាល់​ស្តេច ដើម្បី​ទូល​អង្វរ​ជំនួស​ប្រជាជន​របស់​ព្រះ​នាង​ ។ ព្រះ​នាង​នឹង​ចូល​គាល់​ស្តេច​តែ​ម្នាក់ឯង តែ​បេសកកម្ម​របស់​ព្រះ​នាង មិនមែន​ជា​ការ​ខិត​ខំ​តែ​ម្នាក់ឯង​នោះ​ទេ​ ។ សហគមន៍​នៃ​ជនជាតិ​យូដា នឹង​មាន​ការ​តម​អត់​ជាមួយ​ព្រះ​នាង និង​អធិស្ឋាន​ឲ្យ​ព្រះ​នាង ដូច​នេះ ពួក​គេ​កំពុង​ជិះ​ទូក​តែមួយ​ ។ ការ​អធិស្ឋាន​តម​នោះ មិនមែន​ជា​ការ​សោក​សង្រេង​នោះ​ទេ តែ​ជា​ការ​ប្រកាស​អំពី​ការ​ស្រេក​ឃ្លាន​រក​ការ​ធ្វើ​អន្តរាគមន៍​ពី​ព្រះ​ ។ ព្រះ​នាងអេសធើរ​ទទួល​ស្គាល់​ថា ខ្លួន​ត្រូវ​ធ្វើ​អ្វី​ម្យ៉ាង តែ​ព្រះ​នាង​មិន​ចង់​ចូល​គាល់​ស្តេច ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់ ដោយ​សម្អាង​ទៅលើ​សម្រស់​របស់​ព្រះ​នាង ដែល​ជាទី​ពេញ​ចិត្ត​ដល់​ស្តេច​នោះ​ឡើយ​ ។ ព្រះ​នាង​ចង់ទៅ​ចូល​គាល់​ស្តេច ដោយ​ដឹង​ថា ព្រះ​ទ្រង់​ជា​នរណា ហើយ​ព្រះអង្គ​សព្វ​ព្រះទ័យ​អ្វី​ខ្លះ​ ដែល​នេះ​ជា​ចំណុច​ខ្លាំង​របស់​ព្រះនាង ។
មាន​ភស្តុតាង​បញ្ជាក់​ច្បាស់​ថា ព្រះ​នាងអេសធើរ​មាន​ការ​ប្ដេជ្ញា​ព្រះទ័យ​ចំពោះ​ព្រះ ដោយ​ព្រះ​នាង​បាន​មាន​បន្ទូល​ថា «បើ​ខ្ញុំ​ត្រូវ​ស្លាប់ ក៏​ស្លាប់​ទៅចុះ» ។ ព្រះ​នាង​មាន​ការ​តាំង​ព្រះទ័យ​ថា នឹង​ចូល​គាត់​ស្តេច ទោះ​ខុស​ច្បាប់ ហើយ​អាច​បណ្តាល​ឲ្យ​ព្រះ​នាង​អស់​ព្រះ​ជន្ម​ក៏ដោយ (នាងអេសធើរ ៤:១០-១១)។ នេះ​ជា​ការ​ប្រថុយ​គ្រោះ​ថ្នាក់ តែ​ព្រះ​នាង​ក៏​ដឹង​ដែរ​ថា ព្រះ​រាជ​បញ្ជា​របស់​ព្រះ សំខាន់​ជាង​អ្វីៗ​ទាំង​អស់​ ។ ព្រះ​នាង​ជ្រាប​ថា ព្រះ​នាង​ត្រូវតែ​ធ្វើ​អ្វី​ដែល​អាច​ធ្វើ​បាន ដើម្បី​រាស្រ្ត​របស់​ព្រះ ហេតុ​នេះ​ហើយ ព្រះ​នាង​ស្ម័គ្រ​ព្រះទ័យ​ប្រថុយ​ជីវិត​ ។ បើ​តាម​គំនិត​របស់​មនុស្ស​ជា​ទូទៅ ព្រះ​នាងអេសធើរ​គួរតែ​ធ្វើ​តាម​របៀប​ដែល​មិន​គ្រោះ​ថ្នាក់ ដោយ​រក្សា​ភាព​ស្ងៀម​ស្ងាត់ និង​សង្ឃឹមថា ស្តេច​ប្រហែល​ជា​អញ្ជើញ​ព្រះ​នាង​ចូល​គាល់​ទ្រង់​ក្នុង​ពេល​ឆាប់ៗ​ ។ ប៉ុន្តែ គំនិត​របស់​មនុស្ស និង​សេចក្តី​ជំនឿ មិន​តែងតែ​ដើរ​ស្រប​គ្នា​ឡើយ​ ។ និយាយ​រួម គំនិត​មនុស្ស​យល់​ឃើញថា ការ​បាត់បង់​ជីវិត គឺជា​រឿង​អាក្រក់​បំផុត ដែល​អាច​កើត​ឡើង​ចំពោះ​យើង ប៉ុន្តែ សេចក្តី​ជំនឿ យល់​ឃើញថា សេចក្តី​ស្លាប់ «គឺជា​កំរៃ» និង «ល្អ​ជាង​ជីវិត​ឆ្ងាយ​ណាស់» ព្រោះ​វា​ជា​ការ​ចាក​ចេញទៅ​នៅ​ជាមួយ​ព្រះគ្រីស្ទ (ភីលីព ១:២១,២៣)។
ព្រះ​នាងអេសធើរ​ស្ម័គ្រ​ប្រថុយ​ជីវិត ដើម្បី​ធ្វើ​អ្វី​ដែល​ចាំបាច់​ ។ ព្រះ​នាង​បាន​សម្រេច​ព្រះទ័យ​ថា ការ​ស្លាប់​ដោយ​ការ​ស្តាប់​បង្គាប់ ប្រសើរ​ជាង​ការ​រស់នៅ ដោយ​មិន​ស្តាប់​បង្គាប់​ ។ ទាល់តែ​យើង​បាន​ទៅដល់​ចំណុច​មួយ​នៃ​ដំណើរ​ជីវិត​ខាង​វិញ្ញាណ​របស់​យើង ដែល​យើង​អាច​និយាយ​ដោយ​ស្មោះ​ត្រង់ថា «បើសិន​ជា​ខ្ញុំ​ត្រូវ​ស្លាប់ ក៏​ស្លាប់​ចុះ» ទើប​យើង​អាច​បន្ត​រស់នៅ​ថ្វាយ​ព្រះ​ ។ ការ​ប្រថុយ​អាច​មាន​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់ តែ​រង្វាន់​ដែល​យើង​នឹង​ទទួល​បាន​មាន​ទំហំ​ធំធេង​ជាង​ទៅទៀត​ ។ នៅ​ថ្ងៃ​នេះ ចូរ​ទូល​សូម​ព្រះ​ទ្រង់​តម្រង់​ចិត្ត​របស់​អ្នក ដើម្បី​ឲ្យ​អ្នក​អាច​ប្រកាស​ជាមួយ​ព្រះ​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​ថា «ដ្បិត១ថ្ងៃ​នៅ​ក្នុង​ព្រះលាន​នៃ​ទ្រង់ នោះ​វិសេស​ជាង១ពាន់​ថ្ងៃណា​ទៀត ទូល​បង្គំ​ស៊ូ​ធ្វើ​ជា​អ្នក​ឆ្មាំ​ទ្វារ នៅ​ក្នុង​ដំណាក់​របស់​ព្រះ​នៃ​ទូល​បង្គំ ជាជាង​នៅ​ក្នុង​លំនៅ​នៃ​សេចក្ដី​អាក្រក់» (ទំនុក​ដំកើង ៨៤:១០)។ បើ​អ្នក​មាន​ទស្សនៈ​ស្រប​តាម​បទ​គម្ពីរ​នេះ អ្នក​នឹង​រក​ឃើញ​សេចក្តី​ក្លាហាន និង​ការ​ស្តាប់​បង្គាប់ កាន់តែ​ងាយ​ស្រួល​ជាង​មុន និង​មាន​អំណរ​ជាង​មុន​ ។


ខគម្ពីរ​ជញ្ជឹង​គិត៖ នាងអេសធើរ ៤:១-១៦
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល​១​ឆ្នាំ៖ ពួក​ចៅហ្វាយ ១៣-១៥ និង យ៉ូហាន ៥:១-២៤

ប្រភេទ