
សេចក្តីអំនួតដឹកនាំជីវិត
ដោយAlistair Begg
September 14, 2026
«នៅថ្ងៃនោះ ហាម៉ានក៏ចេញទៅ ដោយមានចិត្តអំណរអររីករាយ តែកាលលោកឃើញម៉ាដេកាយនៅត្រង់មាត់ទ្វារព្រះរាជវាំង ដែលមិនឈរឡើង ឬកំរើកគោរពនៅមុខខ្លួន នោះលោកមានពេញដោយសេចក្ដីឃោរឃៅចំពោះម៉ាដេកាយ» ។ នាងអេសធើរ ៥:៩
លោក ហាម៉ាន គឺជាមនុស្សមានអំនួតដែលតែងតែលើកដំកើងខ្លួនឯង ។ គាត់ចូលចិត្តហ៊ុមព័ទ្ធខ្លួនឯង ដោយមនុស្សដែលចូលចិត្តស្តាប់គាត់និយាយឥតឈប់អំពីខ្លួនឯង និងអ្នកដែលនិយាយបញ្ជោរថា គាត់ជាមនុស្ស សំខាន់ និងខ្ពង់ខ្ពស់ ។ គាត់រស់នៅ ដោយការយល់ច្រឡំថា គាត់គឺជាចំណុចកណ្តាលនៃចក្រវាល ។ គាត់អាចចូលក្នុងវប្បធម៌លោកខាងលិចបានយ៉ាងងាយ ជាកន្លែងដែលបណ្ដាញសង្គម និងព័ត៌មាន ច្រើនតែនិយាយរឿងឥតប្រយោជន៍ អំពីមនុស្សដែលហាក់ដូចជាមិនបានធ្វើអ្វីជាដុំកំភួន តែបានរស់នៅ ដោយរំពឹងចង់បានការចាប់អារម្មណ៍ និងការសរសើរពីអ្នកដទៃ ។ យើងច្រើនតែខុសពីគាត់ មិនមែនដោយសារយើងគោរពប្រតិបត្តិព្រះជាងគាត់ តែដោយសារយើងមិនមានឱកាសលើកដំកើងខ្លួនឯង)។
បន្ទាប់ពីលោក ហាម៉ានបានទទួលការអញ្ជើញពីព្រះនាងអេសធើរ ឲ្យចូលរួមពិធីជប់លៀង គាត់ក៏បានចេញទៅផ្ទះវិញ ដោយចិត្តសប្បាយរីករាយ ដោយឋានៈដែលបានលើកដំកើង ក្នុងនគរ ដែលបានឃើញគាត់ទទួលការអញ្ជើញធ្វើជាភ្ញៀវកិត្តិយស ។ ប៉ុន្តែ គ្រប់ទាំងការអរសប្បាយ ឋានៈ និងការកោតសរសើរ នៅមិនទាន់គ្រប់គ្រាន់ល្មមនឹងរារាំងគាត់ មិនឲ្យខឹងសម្បារ នៅពេលដែលលោក ម៉ាដេកាយឈរស្ងៀម ដោយមិនគោរពគាត់ ពេលដែលគាត់ដើរកាត់ពីមុខ ។ ភាពសប្បាយរីករាយរបស់គាត់ មានភាពផុយស្រួយណាស់ បានជាទិដ្ឋភាពតែបន្តិចនេះ អាចធ្វើឲ្យគាត់មានកំហឹងពោរពេញ ។
អំនួតធ្វើឲ្យមនុស្សមានប្រតិកម្មយ៉ាងដូចនេះ ។ គ្មានអ្វីអាចធ្វើឲ្យគាត់ស្កប់ចិត្តឡើយ ។ ព្រោះមនុស្សមានអំនួត តែងតែចង់បានការឡើងតំណែង រង្វាន់ និងទ្រព្យសម្បត្តិបន្ថែមទៀត ពោលគឺមានចិត្តបាញ់ទៅរកអ្វីផ្សេងទៀត ដែលខ្លួនមិនទាន់ឈោងដល់ ។ ស្តេចសាឡូម៉ូនបានសរសេរអំពីមនុស្សប្រភេទនេះថា «ឯងដែលឃើញមនុស្សដែលប្រកាន់ថា ខ្លួនមានប្រាជ្ញាឬទេ មានសង្ឃឹមចំពោះមនុស្សល្ងីល្ងើជាជាងអ្នកនោះទៅទៀត» (សុភាសិត ២៦:១២)។ ការពិពណ៌នានេះ ត្រូវនឹងជីវិតរបស់លោក ហាម៉ាន ។ អំនួតបានជំរុញឲ្យគាត់រៀបគម្រោងសម្លាប់គេ ហើយថែមទាំងប៉ុនប៉ងប្រល័យពូជសាសន៍ផង ។ អំនួតបានធ្វើឲ្យគាត់មិនស្កប់ចិត្តនឹងអ្វីដែលគាត់មាន តែខឹងនឹងអ្វីដែលគាត់មិនមាន ។
យើងប្រហែលជាគ្រវីក្បាល ដោយហួសចិត្តចំពោះអំនួតរបស់លោក ហាម៉ាន ។ ប៉ុន្តែ ពេលយើងអានព្រះបន្ទូលព្រះ យើងឃើញថា ព្រះយេស៊ូវ ក្នុងនាមព្រះអង្គជាព្រះ «បានលះបង់ព្រះអង្គទ្រង់ មកយករូបភាពជាបាវបំរើវិញ ព្រមទាំងប្រសូតមកមានរូបជាមនុស្សផង ហើយដែលឃើញទ្រង់មានភាពជាមនុស្សដូច្នោះ នោះក៏បន្ទាបព្រះអង្គទ្រង់ ទាំងចុះចូលស្ដាប់បង្គាប់ រហូតដល់ទីមរណៈ គឺទ្រង់ទទួលសុគតជាប់លើឈើឆ្កាងផង» (ភីលីព ២:៧-៨)។ ហើយយើងបង្ខំចិត្តសួរខ្លួនឯងថា តើយើងមានលក្ខណៈដូចនេះ ឬដូចលោក ហាម៉ានជាង? ពេលណាយើងពិចារណា គំរូរបស់ព្រះយេស៊ូវសម្រាប់មនុស្សជាតិ យើងយល់សេចក្តីពិត អំពីចិត្តរបស់យើងដែលមានអំនួត ។
យើងគួរតែពិចារណាពាក្យសម្តីលោកគ្រូ ចច វ៉ាយហ្វៀល (George Whitefield)ដែលបានពោលថា «ឱ សូមឲ្យខ្ញុំមើលឃើញសណ្ឋានពិតរបស់ខ្លួនឯង! ខ្ញុំជឿថា ខ្ញុំគួរតែមានហេតុផលតិចតួច ដែលត្រូវក្រាបថ្វាយបង្គំខ្លួនឯង ។ សូមព្រះទ្រង់មានសេចក្តីមេត្តាចំពោះខ្ញុំ ជាមនុស្សមានបាបផង!»71 ពេលដែលយើងបានឃើញអំនួតរបស់លោក ហាម៉ាន និងការធ្លាក់ចុះរបស់គាត់នៅទីបំផុត ហើយពិនិត្យមើលខ្លួនឯង យើងពិតជានឹងទទួលបានការបណ្តាលចិត្តឲ្យស្រែកសូមសេចក្តីមេត្តាពីព្រះ ដើម្បីជួយយើងដើរ ដោយបន្ទាបខ្លួនដូចព្រះយេស៊ូវ ដ្បិត «ព្រះទ្រង់ទាស់ទទឹងនឹងពួកមានឫកធំ តែទ្រង់ផ្ដល់ព្រះគុណមកពួករាបសាវិញ» (យ៉ាកុប ៤:៦)។
ខគម្ពីរជញ្ជឹងគិត៖ នាងអេសធើរ ៥:៩-១៤
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ពួកចៅហ្វាយ ១៩-២១ និង យ៉ូហាន ៦:១-២១