នំម៉ាណាប្រចាំថ្ងៃ
ព្រះយេស៊ូវ​ជា​មិត្តសំឡាញ់​ពិត

ព្រះយេស៊ូវ​ជា​មិត្តសំឡាញ់​ពិត

ដោយAlistair Begg

September 22, 2026

«នេះ​ជា​សេចក្ដី​បញ្ញត្ត​របស់​ខ្ញុំ គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​ដល់​គ្នា​ទៅវិញ​ទៅមក ដូចជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ គ្មាន​អ្នកណា​មាន​សេចក្ដី​ស្រឡាញ់​ធំជាង​នេះ គឺ​ដែល​អ្នកណា​នឹង​ប្ដូរ​ជីវិត ជំនួស​ពួក​សំឡាញ់​របស់​ខ្លួន​នោះ​ទេ​ ។ បើ​អ្នក​រាល់​គ្នា​ធ្វើ​តាម​សេចក្ដី​ដែល​ខ្ញុំ​បង្គាប់ នោះ​អ្នក​រាល់​គ្នា​ជា​ពួក​សំឡាញ់​ខ្ញុំ​ហើយ ខ្ញុំ​មិន​ហៅ​ជា​អ្នក​បំរើ​ទៀត ពីព្រោះ​អ្នក​បំរើ​គេ​មិន​ដឹង​ជា​ចៅហ្វាយ​ធ្វើ​អ្វី​ទេ គឺ​ខ្ញុំ​ហៅ​អ្នក​រាល់​គ្នា​ថា​ជា​សំឡាញ់​វិញ ពីព្រោះ​ខ្ញុំ​បាន​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​គ្រប់​ការ​ទាំង​អស់ ដែល​ខ្ញុំ​ឮ​ពី​ព្រះវរបិតា​ខ្ញុំ​មក» ។ យ៉ូហាន ១៥:១២-១៥
អ្នក​ចម្រៀង​ទំនុក​ប្រពៃណី និង​ទំនុក​សម័យ​ទំនើប​ជា​ច្រើន បាន​និពន្ធ​បទ​ចម្រៀង ដែល​និយាយ​អំពី​ភាព​ឯកោ ព្រោះ​វា​ឆ្លុះ​បញ្ចាំង​អំពី​អារម្មណ៍​របស់​មនុស្ស​បាន​ច្បាស់​លាស់​ ។ លោក ​ប៉ុល សាយ​មិន (Paul Simon)បាន​ពិពណ៌នា​យ៉ាង​ក្បោះក្បាយ នៅ​ក្នុង​ការ​ច្រៀង​អំពី​ការសាងសង់​ជញ្ជាំង​ដែលគេ​មិន​អាច​ទំលុះ​បាន ក្នុង​ជីវិត​គាត់ និង​អំពី​ការ​ក្លាយ​ជា «ថ្ម» និង «កោះ» ដោយ​បដិសេធ​ក្តី​ស្រឡាញ់ និង​សំណើច ព្រោះ «មិត្តភាព​ធ្វើ​ឲ្យ​គាត់​មាន​ការ​ឈឺ​ចាប់» ។74
ប៉ុន្តែ មិត្តភាព​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង ចំពោះ​យើង​ម្នាក់ៗ​ ។ នេះ​ជា​សេចក្តី​ពិត​ដែល​យើង​រាល់​គ្នា​បាន​ដឹង​ក្នុង​ជម្រៅ​ចិត្ត​យើង​ ។ ព្រះ​ទ្រង់​រចនា​យើង​មក ឲ្យ​យក​ចិត្ត​ទុកដាក់​ចំពោះ​គ្នា​ទៅវិញ​ទៅមក​ ។ យើង​ចង់​បាន​ទំនាក់​ទំនង ដែល​មាន​គេ​ស្គាល់ មាន​គេ​ស្រឡាញ់​យើង​ ។ យើង​ដឹង​ថា សូម្បីតែ​មិត្ត​ភក្តិ​ពិត​ប្រាកដ​តែ​ម្នាក់ ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​មនុស្ស​មាន​តម្លៃ​ពិត​ប្រាកដ​នៅ​ក្នុង​ពិភពលោក​ ។ យើង​មិន​ចង់​ក្លាយ​ជា​កោះ​កណ្ដោចកណ្ដែង​តែ​ម្នាក់ឯង​នោះ​ទេ​ ។
យើង​អាច​មាន​មិត្ត​ភក្តិ​ពិត​ប្រាកដ ដែល​ស្មោះ​ត្រង់ យល់​អារម្មណ៍​យើង និង​ស្មោះ​ត្រង់ តែ​យើង​អាច​រក​ឃើញ​មិត្តភាព​ពិត​ប្រាកដ​តែ​នៅ​ក្នុង​ព្រះយេស៊ូវ​ប៉ុណ្ណោះ​ ។ មានតែ​ព្រះអង្គ​ទេ ដែល​ជា​មិត្តសំឡាញ់​ដែល «នៅតែ​ដដែល គឺ​ពី​ថ្ងៃ​ម្សិល ថ្ងៃ​នេះ ហើយ​ទៅដល់​អស់​កល្ប​ជា​និច្ច​ត​ទៅ» (ហេព្រើរ ១៣:៨)។ ចំណង​មិត្តភាព​របស់​ព្រះអង្គ មានន័យ​ជ្រាល​ជ្រៅ​ជាង​មិត្តភាព​របស់​មនុស្ស ព្រោះ​ព្រះ​អង្គ​ជ្រាប​ថា ការ​ធ្វើ​ជា​មិត្ត​ភក្តិ​ពិត​ប្រាកដ ជា​មួយ​អ្នក​យក​ពន្ធ និង​មនុស្ស​មាន​បាប មាន​លក្ខណៈ​ដូច​ម្តេច (ម៉ាថាយ ១១:១៩ លូកា ៧:៣៤)។ មូល​ហេតុ​មួយ ដែល​អ្នក​ខ្លះ​មើល​ឃើញ​មិត្តភាព​ជា​រឿង​ដែល​ពិបាក​ខ្លាំង ព្រោះ​មិត្ត​ភាព​តម្រូវ​ឲ្យ​មាន​ការ​បើក​ចំហ និង​ការ​ហ៊ាន​ប្រឈម​នឹង​ការ​រង​គ្រោះ​ ។ ប៉ុន្តែ ព្រះយេស៊ូវ​ជា​មិត្ត​ភក្តិ​មិន​ដែល​មាន​អារម្មណ៍​មិន​ល្អ មិន​ដែល​បោះបង់ចោល​យើង ហើយ​មិន​ដែល​ប្រែ​ប្រួល​ឡើយ​ ។ ហើយ​ព្រះអង្គ​សព្វ​ព្រះទ័យ​ធ្វើ​ជា​មិត្តសំឡាញ់​របស់​យើង​ ។ ខណៈ​ពេល​ដែល​អ្នក​ទទួល​ជឿ​ព្រះអង្គ ព្រះ​ដែល​បាន​បង្កើត​របស់​សព្វ​សារពើ​មក មាន​ព្រះទ័យ​រីករាយ ក្នុង​ការ​ហៅ​​អ្នក​ថា មិត្តសំឡាញ់​របស់​ព្រះអង្គ​ ។ ចូរ​យើង​ចំណាយ​ពេល​គិត​អំពី​រឿង​នេះ​បន្តិច​ ។
មិត្ត​ភាព​នីមួយៗ​តម្រូវ​ឲ្យ​មាន​ការ​ប្រឹង​ប្រែង ហើយ​មិត្តភាព​ជាមួយ​ព្រះយេស៊ូវ​ ក៏​មាន​ការ​តម្រូវ​ដូច​នេះ​ផង​ដែរ! ហេតុ​នេះ​ហើយ​ព្រះយេស៊ូវ​បាន​ប្រាប់​យើង​ថា «បើ​អ្នក​រាល់​គ្នា​ធ្វើ​តាម​សេចក្ដី​ដែល​ខ្ញុំ​បង្គាប់ នោះ​អ្នក​រាល់​គ្នា​ជា​ពួក​សំឡាញ់​ខ្ញុំ​ហើយ» ។ ពេលណា​យើង​ទទួល​ព្រះយេស៊ូវ​ជា​មិត្តសំឡាញ់ យើង​ក៏​ទទួល​ព្រះអង្គ​ជា​ស្តេច​របស់​យើង​ផង​ដែរ​ ។
អ្នក​ប្រហែល​ជា​យល់​ឃើញថា ទំនាក់​ទំនងជា​មួយ​មនុស្ស​មាន​ការ​ឈឺ​ចាប់ ឬ​មិន​ស្ថិត​ស្ថេរ​ ។ អ្នក​ប្រហែល​ជា​ហ៊ុមព័ទ្ធ​ទៅ​ដោយ​មិត្ត​ភក្តិ ឬ​អ្នក​ប្រហែល​មិន​មាន​មិត្ត​ភក្តិ​សូម្បីតែ​ម្នាក់​ ។ ទោះ​អ្នក​មាន​មិត្ត​ភក្តិ​ច្រើន​ឬ​អត់ អ្នក​អាច​មាន​មិត្តសំឡាញ់​ដែល​ល្អ​បំផុត ជា​ព្រះ​ដែល​ជ្រាប​អំពី​អ្នក​គ្មាន​កន្លែង​ចន្លោះ ហើយ​ស្រឡាញ់​យើង​ដូច​គ្នា​ ។ យើង​ក៏​អាច​មាន​មិត្ត​ភក្តិ​ម្យ៉ាង «ដែល​នៅ​ជាប់​ជាង​បង​ប្អូន​ទៅទៀត» (សុភាសិត ១៨:២៤)។ 
មិត្ត​ភក្តិ​នៅ​ផែនដី​អាច​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត ឬ​បោះបង់ចោល​យើង
ថ្ងៃ​មួយ គេ​ធ្វើ​ឲ្យ​យើង​ធូរ​ស្បើយ ថ្ងៃ​បន្ទាប់ ធ្វើ​ឲ្យ​យើង​សោក​សង្រេង
ប៉ុន្តែ ទ្រង់​ជា​មិត្តសំឡាញ់​ដែល​មិន​បោក​បញ្ឆោត​យើង
ព្រះអង្គ​ស្រឡាញ់​យើង​ខ្លាំង​ណាស់!75


ខគម្ពីរ​ជញ្ជឹង​គិត៖ យ៉ូហាន ១៥:១២-១៧
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល​១​ឆ្នាំ៖ អេសេគាល ៥-៧ និង យ៉ូហាន ៩:២២-៤១
 

ប្រភេទ