នំម៉ាណាប្រចាំថ្ងៃ
ផ្លូវ​ចូល​ទៅ​ជិត​ព្រះអង្គ

ផ្លូវ​ចូល​ទៅ​ជិត​ព្រះអង្គ

ដោយAlistair Begg

September 24, 2026

«នោះ​ត្រូវ​ឲ្យ​យើង​ចូល​ទៅ​ជិត​ទាំង​មាន​ចិត្ត​ស្មោះ​ត្រង់ នឹង​ចិត្ត​ដឹង​ពិត​ប្រាកដ ហើយ​សេចក្ដី​ជំនឿ ព្រម​ទាំង​មាន​ចិត្ត​ប្រោះ​ញែក​ជា​ស្អាត​រួចពី​បញ្ញា​ចិត្ត​ដែល​សៅ​ហ្មង​ផង ហើយ​បាន​លាង​រូបកាយ​នឹង​ទឹក​ដ៏​ស្អាត​ដែរ» ។ ហេព្រើរ ១០:២២
សម្រាប់​រាស្រ្ត​របស់​ព្រះ​ជា​ច្រើន​សន្ធឹក ដែល​កំពុង​រស់នៅ ក្នុង​គ្រា​សញ្ញា​ចាស់ ពួកគេ​មាន​ផ្លូវ​តែមួយ​ប៉ុណ្ណោះ​ចូល​ទៅ​កាន់​ព្រះ គឺ​ត្រូវ​ចូល​តាម​រយៈ​សម្តេច​សង្ឃ​ ។ មានតែ​ស​ម្តេច​សង្ឃ​ទេ ដែល​អាច​ចូល​ទៅ​ជិត​ព្រះ ដោយ​រូបកាយ​របស់​គាត់ ក្នុង​ភាព​ជិត​ស្និទ្ធ​បាន ហើយក៏​ចូល​បានតែ១ឆ្នាំ​ម្តង​ប៉ុណ្ណោះ គឺ​នៅ​ថ្ងៃ​បុណ្យ​ប្រោស​លោះ! ដូច​នេះ ការ​ដែល​អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​ហេព្រើរ​បាន​លើក​ទឹក​ចិត្ត​អ្នកអាន​សំបុត្រ​គាត់ «ឲ្យ​ចូល​ជិត» ព្រះ ដោយ​ការ​អធិស្ឋាន គឺ​បាន​បង្ហាញ​នូវ​ការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ ។ 
តើមាន​អ្វី​កើត​ឡើង ដែល​បាន​នាំមក​នូវ​ការ​ផ្លាស់​ប្តូរ​ខ្លាំង​យ៉ាង​នេះ ក្នុង​របៀប​ដែល​មនុស្ស​អាច​ចូល​ទៅ​រក​ព្រះ? យើង​អាច​ឆ្លើយ​យ៉ាង​ខ្លី​ថា គឺ​ដោយសារ​រឿង​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ភ្នំ​កាល់វ៉ារី​ ។ កាល​ព្រះយេស៊ូវ «ទ្រង់​បាន​ស្រែក​ជា​ខ្លាំង​ម្ដង​ទៀត នោះ​ទ្រង់​ប្រគល់​វិញ្ញាណ​ទ្រង់​ទៅវិញ គ្រា​នោះ វាំងនន​ក្នុង​ព្រះវិហារ​ក៏​រហែក​ជា២ភាគ ចាប់​តាំង​ពីលើ​ចុះទៅ​ដល់​ក្រោម ក៏​មាន​កក្រើក​ដី ហើយ​ថ្ម​ប្រេះ​ដាច់​ពី​​គ្នា» (ម៉ាថាយ ២៧:៥០-៥១)។ តាម​សញ្ញា​ចាស់ វាំងនន​នេះ​ជា​របាំង​មិន​ឲ្យ​មនុស្ស​ជា​ទូទៅ​ចូល​ទៅ​ក្នុង​ព្រះ​វត្ត​មាន​របស់​ព្រះ តែ​សព្វថ្ងៃ​នេះ រនាំង​នេះ​លែង​មាន​ទៀត​ហើយ​ ។ ផ្អែក​ទៅលើ​ការ​សុគត​របស់​ព្រះគ្រីស្ទ​ដែល​បាន​លោះ​បាប​យើង បុរស​និង​ស្ត្រី​ទាំងឡាយ អាច​ចូល​ដោយ​ផ្ទាល់ ទៅ​ក្នុង​ព្រះ​វត្ត​មាន​ព្រះ​ ។ ឥឡូវ​នេះ ពួកគេ​អាច​ចូល​ទៅ​ជិត​ព្រះ ដែល​មាន​ភាព​អស្ចារ្យ​ក្នុង​សេចក្តី​បរិសុទ្ធ​របស់​ព្រះអង្គ ហើយ​ក្នុង​ព្រះ​វត្ត​មាន​ព្រះអង្គ គ្មាន​មនុស្ស​មាន​បាប​ណា ដែល​អាច​មាន​ជីវិត​រស់​បានទេ ទាល់តែ​ព្រះយេស៊ូវ​បាន​សម្រេច​ការ​ប្រោស​លោះ​នៅ​ភ្នំ​កាល់វ៉ារី​ហើយ​ ។ 
តើ​យើង​គួរតែ​ឆ្លើយតប​ដូច​ម្តេច​ខ្លះ ចំពោះ​ការ​អញ្ជើញ​របស់​អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​ហេព្រើរ? ទីមួយ យើង​គួរតែ​ចូល​ទៅ​ជិត​ព្រះអង្គ ដោយ​មាន​ទំនុក​ចិត្ត​ ។ អ្នក​និពន្ធ​បាន​ចាប់​ផ្តើម​ការ​លើក​ទឹក​ចិត្ត ដោយ​ពាក្យ​ថា «យើង​មាន​សេចក្ដី​ក្លៀវក្លា​នឹង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ» (ហេព្រើរ ១០:១៩)។ កាលពី​មុន ការ​ចូល​ទៅ​រក​ព្រះ អាច​មានតែ​ភាព​មិន​ច្បាស់​លាស់ និង​ការ​ភ័យ​ខ្លាច តែ​ឥឡូវ យើង​អាច​ចូល​ដោយ​ទំនុក​ចិត្ត ដោយ​ជំនឿ និង​អំណរ​ដ៏​អស្ចារ្យ ផ្អែក​ទៅលើ «ព្រះ​លោហិត​នៃ​ព្រះយេស៊ូវ» (ខ.១៩)។
ទីពីរ យើង​គួរតែ​ចូល​ទៅ​ជិត​ព្រះអង្គ ដោយ​ការ​ដឹង​គុណ​ ។ យើង​គួរតែ​ទទួល​ស្គាល់​ភាព​អស្ចារ្យ​នៃ​ការ​ដែល​យើង​អាច​ចូល​ទៅ​ក្នុង​ព្រះ​វត្ត​មាន​ព្រះអង្គ ដោយ​ផ្ទាល់​ ។ យើង​មិន​ចូល​ទៅ​ក្បែរ ដោយ​មាន​រនាំង ឬ​ដោយ​ការ​ធ្វេស​ប្រហែស​នោះ​ទេ ព្រោះ​ដើម្បី​បើក «ផ្លូវ​ថ្មី ហើយ​រស់» នេះ ព្រះរាជបុត្រា​នៃ​ព្រះ​បាន​លះបង់​ព្រះ​ជន្ម​ទ្រង់ (ហេព្រើរ ១០:២០)។ ដូច​នេះ យើង​ត្រូវ​ចូល​ទៅ​ជិត​ព្រះអង្គ ដោយ​ការ​បន្ទាប​ខ្លួន និង​ការ​កោត​ខ្លាច ដោយ​ការ​ដឹង​គុណ​ ។
លោក​គ្រូ​ហ្វ្រង់ ដេលីត (Franz Delitzsch)បាន​លើក​ឡើង​ថា ផ្លូវ​នៃ​សញ្ញា​ចាស់ «គ្រាន់តែ​ជា​ផ្លូវ​ដើរ​ដែល​គ្មាន​ជីវិត ដែល​ពួក​ស​ម្តេច​សង្ឃ​ដើរ តែ​ម្នាក់ឯង»76 តែ​ផ្លូវ​ដែល​យើង​កំពុង​ដើរ ជា​ផ្លូវ​ថ្មី និង​មាន​ជីវិត​ ។ អរ​ព្រះគុណ​ព្រះអង្គ ដែល​យើង​អាច​ចូល​ទៅ​ជិត​ព្រះ តាមរយៈ​ព្រះយេស៊ូវ ដោយ​ការ​ធានា​ទាំង​ស្រុង​ថា ព្រះអាទិករ​នៃ​យើង​បាន​ទទួលយក​យើង​ហើយ​ ។ តើ​អ្នក​កំពុងតែ​រួញរា មិន​ហ៊ាន​អធិស្ឋាន​ទៅ​កាន់​ព្រះវរបិតា​ដ៏​មាន​ចេស្តា​របស់​អ្នក ដោយសារ​អ្នក​បាន​ដឹង​ថា ​ខ្លួន​កំពុង​មាន​បាប​​ណា​មួយ​ឬ? ចូរ​ប្រាកដ​ថា ព្រះ​លោហិត​របស់​ព្រះយេស៊ូវ​បាន​គ្រប​បាំង​បាប​​នោះ​រួច​ហើយ​ ។ តើ​អ្នក​ជឿ​ថា​ អ្នក​ត្រូវ​លាង​សម្អាត​ទង្វើ​របស់​អ្នក ហើយ​នាំ​ការ​ល្អ​របស់​អ្នក ចូល​ទៅ​ចំពោះ​ព្រះអង្គ ដើម្បី​ឲ្យ​ព្រះ​អង្គ​ទទួលយក​អ្នក​ឬទេ? ចូរ​ប្រាកដ​ច្បាស់​ថា វាំងនន​នោះ​បាន​រហែក​ដាច់​ជា​ពីរ ហើយ​ព្រះយេស៊ូវ​បាន​សម្រេច​យ៉ាង​ពេញលេញ​ហើយ​ ។ តើ​អ្នក​ឈប់​ចូល​ទៅ​ជិត​ព្រះ ដោយសារ​សុខ​ស្រួល​ពេក​ភ្លេច​ខ្លួន ឬ​ដោយសារ​រវល់​ពេក? ចូរ​ចាំ​ថា ព្រះយេស៊ូវ​បាន​សុគត ដើម្បី​ប្រទាន​ឯកសិទ្ធិ​នេះ​មក​អ្នក​ ។ ដោយសារ​ការ​អ្វី​ដែល​បាន​សម្រេច​នៅ​ភ្នំ​កាល់វ៉ារី យើង​អាច និង​គួរតែ​ចូល​ទៅ​ជិត​ព្រះអង្គ ដោយ​ទំនុក​ចិត្ត និង​ការ​ដឹង​គុណ នៅ​ថ្ងៃ​នេះ​ ។


ខគម្ពីរ​ជញ្ជឹង​គិត៖ ហេព្រើរ ១២:១៨-២៤
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល​១​ឆ្នាំ៖ អេសេគាល ១១-១៣ និង យ៉ូហាន ១០:២២-៤២
 

ប្រភេទ