
ផ្លូវឆ្ពោះទៅរកសេចក្តីបរិសុទ្ធ
ដោយAlistair Begg
September 30, 2026
«ដ្បិតបើសិនជាអ្នករាល់គ្នារស់តាមសាច់ឈាម នោះនឹងត្រូវស្លាប់ទៅ តែបើសំឡាប់អំពើរបស់រូបសាច់ចេញ ដោយសារព្រះវិញ្ញាណ នោះអ្នករាល់គ្នានឹងបានរស់វិញ» ។ រ៉ូម ៨:១៣
សេចក្តីបរិសុទ្ធរបស់អ្នកមានសារៈសំខាន់ ។
ក្នុងកណ្ឌគម្ពីរសញ្ញាចាស់ ពាក្យ «បរិសុទ្ធ» មិនតែងតែសំដៅទៅលើភាពត្រឹមត្រូវផ្នែកក្រមសីលធម៌នោះទេ គឺច្រើនតែសំដៅទៅលើភាពត្រឹមត្រូវក្នុងទំនាក់ទំនង ។ នៅពេលដែលគេពិពណ៌នា អំពីទីក្រុងបរិសុទ្ធ នាវាបរិសុទ្ធ និងព្រះវិហារបរិសុទ្ធ គឺគេសំដៅទៅលើទំនាក់ទំនងពិសេសដែលពួកគេមានជាមួយព្រះ ។ ហើយការប្រោសលោះបាបក៏មាននលក្ខណៈដូចនេះផងដែរ នៅត្រង់ថា យើងមានទំនាក់ទំនងពិសេសជាមួយព្រះ ។ ព្រះអង្គបានញែកយើងចេញ សម្រាប់ការប្រើប្រាស់ដ៏បរិសុទ្ធ ។
បើអ្នកបានរៀបការហើយ អ្នកប្រហែលជាមានទំនាក់ទំនងជាមួយអ្នកផ្សេងទៀត មុនពេលអ្នកមានទំនាក់ទំនងដែលអ្នកអរសប្បាយជាមួយប្តីប្រពន្ធរបស់អ្នក ។ ខ្ញុំបានរៀបការក្នុងរដូវក្តៅ ក្នុងឆ្នាំ១៩៧៥ ។ នៅសម័យនោះ ទោះកាលពីមុន ខ្ញុំមានទំនាក់ទំនងស្នេហាអ្វីក៏ដោយ ទំនាក់ទំនងទាំងនោះបានបញ្ចប់ហើយ ព្រោះខ្ញុំបានរួបរួមតែមួយជាមួយភរិយាខ្ញុំ ។ ខ្ញុំមានជីវិតថ្មីហើយ ។ ខ្ញុំបានដើរចូលក្នុងពិធីមង្គលការរបស់យើងជាបុគ្គលម្នាក់ ហើយខ្ញុំបានបញ្ចប់កម្មវិធីមង្គលការ ក្នុងលក្ខណៈមនុស្សដែលបានរៀបការហើយ ។ ខ្ញុំនិងភរិយារបស់ខ្ញុំបានញែកខ្លួនចេញ សម្រាប់គ្នាទៅវិញទៅមក តាមរយៈពាក្យសន្យា ការប្ដេជ្ញាចិត្តក្នុងការតាំងសញ្ញា ដែលយើងបានធ្វើចំពោះគ្នាទៅវិញទៅមក ។
យើងមិនអាចធ្វើការសន្យាចំពោះព្រះអម្ចាស់យេស៊ូវគ្រីស្ទ ហើយបន្ទាប់មក យើងប្រព្រឹត្តចំពោះព្រះអង្គ តាមទំនើងចិត្តរបស់យើងឡើយ ។ យើងមិនអាចយកសេចក្តីបរិសុទ្ធមកលេងសើចបានទេ ។ តើហេតុអ្វី? ព្រោះ «បើអ្នកណាគ្មានសេចក្ដីបរិសុទ្ធ នោះមិនដែលឃើញព្រះអម្ចាស់ឡើយ» (ហេព្រើរ ១២:១៤)។ សាវ័កប៉ុលបានប្រើពាក្យធ្ងន់ជាងនេះទៀតថា នៅពេលដែលគាត់បង្គាប់យើងឲ្យ «សំឡាប់អំពើរបស់រូបសាច់ចេញ» ។ ពួកព្យួរីធិនបានហៅការសំឡាប់អំពើរបស់រូបសាច់ថា «ការសម្លាប់បាបនៅក្នុងសាច់ឈាម» ។ ហើយការសំឡាប់បាបនេះ មិនកើតមានដោយស្វ័យប្រវត្តិឡើយ ហើយក៏មិនកើតឡើង ដោយយើងមិនបានដឹងដែរ ។ វាមិនមែនជាដំណើរការនៃការចម្រោះ ។ តែយើងចាំបាច់ត្រូវខិតខំប្រឹងប្រែងបង្ហើយសេចក្តីសង្គ្រោះរបស់យើងជារៀងរាល់ថ្ងៃ ដោយការភ័យខ្លាច និងភ័យញ័រ (ភីលីព ២:១២)។ យើងត្រូវការព្រះវិញ្ញាណជំរុញចិត្ត និងប្រទានលទ្ធភាព ដើម្បីធ្វើឲ្យយើងនឹកចាំថា យើងត្រូវតែទួញយំអស់ពីចិត្ត ចំពោះបាបរបស់យើង ប្រែចិត្តចេញ និងងាកបែរចេញពីបាបរបស់យើង ហើយព្យាយាមស្តាប់បង្គាប់ព្រះអម្ចាស់របស់យើង មិនគ្រាន់តែចំពោះបាបណាដែលយើងមើលឃើញច្បាស់ តែក៏ចំពោះបាបនៅខាងក្នុង ដែលមានដូចជាការច្រណែន អំនួត ឈ្នានីស ការមានពុត និងការតាំងខ្លួនជាមនុស្សសុចរិត ។
យើងចូលដល់ពេលដ៏អស្ចារ្យ កាលណាព្រះទ្រង់ជួយយើងឲ្យដឹងច្បាស់ថា យើងមានបាបធ្ងន់ប៉ុណ្ណា ហើយនាំយើងប្រឈមមុខដាក់បាបនោះ ។ យើងត្រូវតែប្រឈមមុខដាក់បាបរបស់យើង យ៉ាងម៉ឺងម៉ាត់ ភ្លាមៗ និងជាប់ជានិច្ច ។
សេចក្តីបរិសុទ្ធពិតប្រាកដមិនធ្វើឲ្យយើងសាហាវ ថ្កោលទោសគេ ឬរឹងទទឹងនោះទេ ។ អាកប្បកិរិយាទាំងនេះ មាននៅក្នុងក្រឹត្យវិន័យនិយម ដែលមានមោទនភាពចំពោះក្រឹត្យវិន័យ ហើយគិតថាខ្លួនឯងល្អជាងអ្នកដទៃ ។ ទោះជាយ៉ាងណាក៏ដោយ សេចក្តីបរិសុទ្ធមានន័យថា យើងត្រូវបានញែកចេញ ដើម្បីផ្គាប់ព្រះទ័យព្រះ ។ សេចក្តីបរិសុទ្ធបង្ហាញខ្លួនចេញមក តាមរយៈព្រះគុណ សេចក្តីសប្បុរស និងសេចក្តីល្អ ។ ហេតុនេះហើយ សេចក្តីបរិសុទ្ធពិតប្រាកដមានភាពស្រស់ស្អាត និងគួរឲ្យទាក់ទាញ ។ ពេលណាយើងមើលឃើញសេចក្តីបរិសុទ្ធនៅក្នុងនរណាម្នាក់ ទោះយើងមិនគិតថា គាត់មានសេចក្តីបរិសុទ្ធក៏ដោយ ក៏សេចក្តីបរិសុទ្ធបានទាក់ទាញយើង ហើយធ្វើឲ្យយើងចង់បានសេចក្តីបរិសុទ្ធ ។
សេចក្តីបរិសុទ្ធអាចកើតមានចំពោះយើង ព្រោះព្រះយេស៊ូវបានសុគត ដើម្បីលោះបាប ដែលកើតចេញពីនិស្ស័យសាច់ឈាម ហើយព្រះអង្គចាត់ព្រះវិញ្ញាណបរិសុទ្ធគង់សណ្ឋិតនៅក្នុងយើង ។ តាមរយៈព្រះវិញ្ញាណ យើងអាចតយុទ្ធនឹងបាប ហើយបន្តដើរទៅរកជីវិតអស់កល្ប ។
យើងចម្រើនឡើងក្នុងសេចក្តីបរិសុទ្ធ ដោយឆ្លុះបញ្ចាំងអំពីការអ្វីដែលព្រះយេស៊ូវបានធ្វើ សម្រាប់យើង ។ ចូរគិតឲ្យបានដិតដល់អំពីផ្លូវមួយនេះ ហើយទូលសូមព្រះយេស៊ូវបង្ហាញសេចក្តីពិតនេះ ឲ្យបានអ្នកយល់ច្បាស់ជាងមុន ។ ខណៈពេលដែលអ្នកបន្តដើរទៅមុខ ចូរផ្ដោតចិត្តទៅលើព្រះយេស៊ូវ ជាអង្គដែលចាប់ផ្តើម និងបញ្ចប់សេចក្តីជំនឿរបស់យើង ។
ខគម្ពីរជញ្ជឹងគិត៖ រ៉ូម ៦:១-១១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អេសេគាល ២៤-២៦ និង យ៉ូហាន ១៣:២១-៣៨