
ហេតុផលដែលត្រូវថ្វាយដោយអំណរ
ដោយAlistair Begg
October 2, 2026
«ខ្ញុំចង់និយាយដូច្នេះ គឺថា អ្នកណាដែលព្រោះដោយកំណាញ់ នោះនឹងច្រូតបានតិច ហើយអ្នកណាដែលព្រោះដោយសទ្ធា នោះនឹងច្រូតបានច្រើនវិញ ។ ចូរឲ្យគ្រប់គ្នាធ្វើតាមដែលសំរេចក្នុងចិត្តចុះ មិនមែនដោយស្ដាយ ឬដោយបង្ខំឡើយ ដ្បិតព្រះទ្រង់ស្រឡាញ់ដល់អ្នកណាដែលថ្វាយដោយអំណរ ... ដូច្នេះ អ្នករាល់គ្នានឹងបានចំរើនកាន់តែច្រើនឡើងគ្រប់ជំពូក សំរាប់ជាការសទ្ធាគ្រប់យ៉ាង ដែលនឹងបង្កើតសេចក្ដីអរព្រះគុណដល់ព្រះ ដោយសារយើងរាល់គ្នា» ។ ២កូរិនថូស ៩:៦-៧,១១
ព្រះទ្រង់ស្រឡាញ់អ្នកណាដែលថ្វាយដង្វាយដោយអំណរ ។ មូលហេតុក៏ដោយសារព្រះអង្គគឺជាអ្នកប្រទានដោយអំណរ ដោយលះបង់អង្គទ្រង់ ដោយសប្បុរស និងអំណរ ធ្វើជាអំណោយដ៏ល្អក្រៃលែងដល់រាស្រ្តទ្រង់ ។ ហើយក្នុងចំណោមអំណោយល្អៗ ដែលព្រះអង្គប្រទានមកយើង ក៏មានការប្រទានព្រះបន្ទូលសន្យា និងសុភាសិតជាបន្តបន្ទាប់ ដើម្បីបញ្ឆេះចិត្តយើងឲ្យមានអំណរ នៅពេលដែលយើងថ្វាយដង្វាយ ។ បទគម្ពីរ ២កូរិនថូស ជំពូក៩ បានផ្តល់ឲ្យយើងនូវការបញ្ឆេះដ៏បរិបូរនេះ ។
សាវ័កប៉ុលបានបង្រៀនថា «អ្នកណាដែលព្រោះដោយកំណាញ់ នោះនឹងច្រូតបានតិច ហើយអ្នកណាដែលព្រោះដោយសទ្ធា នោះនឹងច្រូតបានច្រើនវិញ» ។ ការបង្រៀននេះក៏ផ្អែកទៅលើសុភាសិត ដូចដែលយើងបានអាន ក្នុងកណ្ឌគម្ពីរសញ្ញាចាស់ ដែលបានចែងថា «មានមនុស្សដែលចែកផ្សាយទ្រព្យ តែចេះតែចំរើនកើនឡើង ក៏មានមនុស្សដែលហួងហែងហួសខ្នាត តែគេចេះតែខ្វះខាតវិញ» (សុភាសិត ១១:២៤) ។ ពេលដែលយើងអានខគម្ពីរសុភាសិត យើងត្រូវចាំថា ខគម្ពីរសុភាសិតបង្រៀនអំពីគោលការណ៍ ដែលជាសេចក្តីពិតជាទូទៅ សម្រាប់កាលៈទេសៈផ្សេងគ្នា ។ សាវ័កប៉ុលមិនបានផ្តល់ឲ្យយើងនូវរូបមន្ត ដែលធានាថា បើយើងដាក់ដង្វាយក្នុងបរិមាណណាមួយ យើងនឹងទទួលបានមកវិញ ក្នុងបរិមាណដ៏ច្រើននោះទេ ។ ផ្ទុយទៅវិញ គាត់កំពុងលើកទឹកចិត្តអ្នកអានរបស់គាត់ ឲ្យសាបព្រោះដោយអំណរ និងស្ម័គ្រពីចិត្ត ព្រោះការអនុវត្តដូចនេះនឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើន ។ ការដាក់ដង្វាយដោយចិត្តសប្បុរស នាំមកនូវរង្វាន់ជាច្រើន ដែលមនុស្សកំណាញ់មិនដែលស្គាល់ ។ បើអ្នកសាបព្រោះគ្រាប់ពូជតែពីរបីគ្រាប់ ហើយសង្ឃឹមថា នឹងបានឃើញផ្ការីកស្គុះស្គាយច្រើនសន្ធឹក ក្នុងពេលពីរបីសប្តាហ៍ទៀត អ្នកនឹងមានការខកចិត្ត ។ បើអ្នកព្រោះគ្រាប់ពូជមួយក្តាប់ហើយមួយក្តាប់ទៀត អ្នកនឹងបានឃើញផ្ការីកពេញដី ដ៏ស្រស់ស្អាតគួរឲ្យពេចពិលរមិលមើល ។
ហេតុផលផ្សេងទៀតដែលយើងត្រូវដាក់ដង្វាយ គឺមាននៅក្នុងពីរបីខបន្ទាប់ ដែលក្នុងនោះ សាវ័កប៉ុលមានប្រសាសន៍ថា អ្នកដែលមានចិត្តសប្បុរស «នឹងបានចំរើនកាន់តែច្រើនឡើងគ្រប់ជំពូក» ។ គួរឲ្យស្តាយណាស់ ដែលមនុស្សជាច្រើន គិតតែត្រឹមចំណុចនេះ ដោយសន្និដ្ឋានថា ព្រះទ្រង់នឹងធ្វើឲ្យពួកគេមានទ្រព្យស្តុកស្តម្ភ ពេលដែលពួកគេដាក់ដង្វាយឲ្យបានច្រើន ។ ព្រះអង្គអាចប្រទានពរយើងដូចនេះ តែក្នុងគោលបំណងដែលបានបង្ហាញក្នុងខគម្ពីរបន្ទាប់ ដែលបានចែងថា «អ្នករាល់គ្នានឹងបានចំរើនកាន់តែច្រើនឡើងគ្រប់ជំពូក សំរាប់ជាការសទ្ធាគ្រប់យ៉ាង» ។ ព្រះទ្រង់អាចធ្វើឲ្យអ្នកមានទ្រព្យសម្បត្តិច្រើនជាងមុន ប៉ុន្តែ ក្នុងគោលបំណងដើម្បីឲ្យអ្នកមានចិត្តសទ្ធាកាន់តែខ្លាំង ដែល «នឹងបង្កើតសេចក្ដីអរព្រះគុណដល់ព្រះ» ។ នេះជាព្រះបន្ទូលសន្យាដ៏ប្រសើរ ព្រោះព្រះទ្រង់នឹងតបស្នងចំពោះសេចក្តីសប្បុរសរបស់យើង ដើម្បីឲ្យយើងអាចបន្តមានចិត្តសប្បុរសកាន់តែខ្លាំងថែមទៀត! ពេលណាយើងដាក់ដង្វាយឲ្យគេ ព្រះទ្រង់នឹងប្រទានព្រះពរបន្ថែមទៀត ដើម្បីឲ្យយើងជួយគេកាន់តែច្រើន ។ តើមាននរណាដែលនឹងក្តាប់ដង្វាយយ៉ាងណែនក្នុងដៃ នៅចំពោះមុខនៃព្រះបន្ទូលសន្យាដ៏សប្បុរសដូចនេះ?
គួរឲ្យសោកស្តាយណាស់ ដែលមនុស្សជាច្រើន បានប្រើព្រះបន្ទូលសន្យា និងខគម្ពីរសុភាសិតទាំងនេះក្នុងផ្លូវខុស ធ្វើជានុយបញ្ឆោតមនុស្សដែលមានបំណងល្អ ឲ្យដាក់ដង្វាយ ដើម្បីហេតុផលមិនត្រឹមត្រូវ ។ យើងមិនចាំបាច់ត្រូវសន្យាគេថា គេនឹងទទួលបានទ្រព្យសម្បត្តិច្រើន ឬបង្ខំចិត្តពួកគេឲ្យដាក់ដង្វាយនោះឡើយ ។ ព្រះទ្រង់បានប្រទានហេតុផលល្អៗ និងត្រឹមត្រូវជាច្រើន ដែលយើងត្រូវមានចិត្តសប្បុរស ។ សេចក្តីពិត និងព្រះបន្ទូលសន្យានៃព្រះបន្ទូលព្រះ មានន័យគ្រប់គ្រាន់ ហើយនឹងបណ្តាលចិត្តគ្រីស្ទានពិតប្រាកដ ឲ្យអរសប្បាយ ក្នុងការដាក់ដង្វាយ ។ ចូរយើងប្រកាន់ខ្ជាប់តាមសេចក្តីពិតនេះ និងទៅលើព្រះអង្គសង្គ្រោះរបស់យើង ដែល «ទោះបើទ្រង់ជាសេដ្ឋីក៏ដោយ គង់តែទ្រង់បានត្រឡប់ជាក្រ ដោយព្រោះអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានមានឡើង ដោយសារសេចក្ដីកម្ររបស់ទ្រង់» (២កូរិនថូស ៨:៩) ។ នេះជារបៀបដែលយើងអាចដាក់ដង្វាយ ដែលពិតជាថ្វាយព្រះកិត្តិនាមដល់ព្រះ ដោយការលះបង់ និងដោយអំណរ ។
ខគម្ពីរជញ្ជឹងគិត៖ ២កូរិនថូស ៩:៦-១៥
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អេសេគាល ៣០-៣២ និង យ៉ូហាន ១៥