
ចង្កូមរបស់អារក្សបានបាក់
ដោយAlistair Begg
October 29, 2026
«ដោយហេតុនោះបានជាព្រះរាជបុត្រានៃព្រះបានលេចមក គឺដើម្បីនឹងបំផ្លាញការរបស់អារក្សចេញ» ។ ១យ៉ូហាន ៣:៨
ដោយសារព្រះគុណព្រះ អ្នកជឿព្រះគ្រីស្ទម្នាក់ៗបានចេញពីស្ថានងងឹត ចូលទៅក្នុងនគររបស់ព្រះរាជបុត្រាស្ងួនភ្ងារបស់ព្រះ (កូល៉ុស ១:១៣) ។ យើងកំពុងរស់នៅក្នុងពិភពលោក ក្នុងពេលសព្វថ្ងៃ ក្នុងនាមជាកូននៃពន្លឺ ហើយព្យាយាមបង្កើតផលផ្លែនៃពន្លឺ (អេភេសូរ ៥:៨-៩) ។ ទោះផលផ្លែនោះមានភាពរុងរឿងយ៉ាងណា ក៏យើងដឹងថា ភាពងងឹតមិនទាន់បានលុបបំបាត់ចេញពីជីវិតយើងទាំងស្រុងទេ ។ ការពិតដែលថា អស់អ្នកជឿបានក្លាយជាពលរដ្ឋនៃនគរព្រះ គឺបានឆ្លុះបញ្ចាំងអំពីការប៉ះទង្គិចរវាងស្ថានងងឹតនឹងពន្លឺ ដែលមានសារៈសំខាន់ដ៏អស់កល្បជានិច្ច ។ សូមសរសើរដំកើងព្រះអម្ចាស់ អារក្សមិនមានអំណាចរារាំងកូនព្រះអង្គ មិនឲ្យស្គាល់សេចក្តីសង្គ្រោះបានឡើយ ប៉ុន្តែ បន្ទាប់ពីបានស្គាល់បរាជ័យនោះហើយ សព្វថ្ងៃនេះ វាបានព្យាយាមធ្វើអ្វីដែលវាអាចធ្វើបាន ដើម្បីរារាំងយើងមិនឲ្យរស់នៅ ក្នុងនាមជាអ្នកស្នងមរតកនៃនគរដ៏អស់កល្បរបស់ព្រះវរបិតា ។ វាប្ដេជ្ញាចិត្តទាំងស្រុង ក្នុងការរារាំងយើងមិនឲ្យយកតម្រាប់តាមព្រះ (អេភេសូរ ៥:១) ហើយ «ដើរដូចជាមនុស្សភ្លឺ» (ខ.៨) ។ វត្ថុបំណងធំរបស់វា គឺដើម្បីរារាំងអ្នកមិនឲ្យទុកចិត្តព្រះ រុញច្រានអ្នកឲ្យធ្លាក់ផ្លូវ មុនពេលអ្នកទៅដល់ក្លោងទ្វារនៃសិរីល្អ ។
យើងមិនគួរមើលរំលងពាក្យដាស់តឿន ដែលព្រះគម្ពីរប៊ីបបានប្រើ ដើម្បីពិពណ៌នា អំពីអារក្ស និងពាក្យបន្ទាប់ក្នុងបទគម្ពីរដែលជំរុញយើងឲ្យតតាំងនឹងវា ។ សាវ័កពេត្រុសបានជំរុញយើង «ឲ្យដឹងខ្លួន ហើយចាំយាមចុះ ព្រោះអារក្សដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហ ដើម្បីនឹងរកអ្នកណាដែលវានឹងត្របាក់លេបបាន» (១ពេត្រុស ៥:៨) ។ សាតាំងគឺជាខ្មាំងសត្រូវដ៏កាចសាហាវ ។ វានាំឲ្យយើងមានការសង្ស័យ ការបែកបាក់ និងសេចក្តីហិនវិនាស ។ វាចូលមករកយើង តាមផ្លូវក្រមសីលធម៌ផង និងផ្លូវបញ្ញាផង ។ ដោយភាពកាចសាហាវនៃអំណាចដែលខ្លាំងលើសធម្មជាតិ វាព្យាយាមវាយផ្តួលយើង ហើយបំផ្លាញជំនឿយើងឲ្យខ្ទេច ។
តើគ្រីស្ទានត្រូវធ្វើដូចម្តេច នៅពេលយើងប្រឈមមុខដាក់សត្រូវដ៏សាហាវនេះ? ដំណឹងដ៏ល្អនោះគឺថា «ព្រះរាជបុត្រានៃព្រះបានលេចមក ដើម្បីបំផ្លាញកិច្ចការរបស់អារក្ស» ។ ទោះវានៅតែបន្តដើរក្រវែលជុំវិញយើងក៏ដោយ ក៏ព្រះអង្គបានចាប់ផ្តើមដកចង្កូមវាហើយ ហើយនៅទីបំផុត វានឹងត្រូវព្រះអង្គបោះទៅក្នុងបឹងភ្លើង (វិវរណៈ ២០:១០) ។
បរាជ័យមានពិតមែនសម្រាប់អារក្ស និងពលបរិវារបស់វា ហើយតាមរយៈព្រះគ្រីស្ទ គ្រីស្ទានមានជ័យជម្នះមកលើវា ។ ក្នុងព្រះគ្រីស្ទ ព្រះទ្រង់ប្រទានអ្នកនូវអំណាចខាងវិញ្ញាណ ដើម្បី «អាចនឹងឈរមាំមួន ទាស់នឹងឧបាយកលទាំងអម្បាលម៉ានរបស់អារក្ស» (អេភេសូរ ៦:១១) ។ ទ្រង់ប្រទានគ្រឿងសឹកដ៏ស្ថិតស្ថេរ ក្នុងដំណឹងល្អ ហើយព្រះបន្ទូលព្រះអង្គគឺជាដាវ (ខ.១១-១៧) ។ ពេលណាអ្នកដួលចុះ ព្រះអង្គអត់ទោសឲ្យអ្នក ។ អារក្សមិនមានអំណាចមកលើអ្នកទេ ។ កណ្ឌគម្ពីរយ៉ាកុបបានបង្គាប់យើងឲ្យ «តស៊ូនឹងអារក្សវិញចុះ នោះវានឹងរត់ចេញពីអ្នករាល់គ្នាទៅ» (៤:៧) ។
ដូចនេះ តើអ្នកកំពុងតែមានសង្គ្រាមប្រឆាំងនឹងអ្វី? តើប្រឆាំងនឹងបាប ឬទុក្ខលំបាកណាមួយ? ចូរទទួលព្រះគុណព្រះដែលបានប្រទានមកអ្នក ក្នុងព្រះគ្រីស្ទ រាប់បញ្ចូលទាំងការរួមដំណើរជាមួយបងប្អូនរួមជំនឿ ហើយបណ្តេញអារក្សដែលគ្រហឹមដូចតោឲ្យដកថយ ដោយជឿលើដំណឹងល្អរបស់ព្រះអង្គ ។
ខគម្ពីរជញ្ជឹងគិត៖ ១យ៉ូហាន ៣:៧-១០
២សាំយ៉ូអែល ១២-១៣ និង ១យ៉ូហាន ៣