
បទទំនាយបានសម្រេច
ដោយAlistair Begg
November 8, 2026
«ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាបានសព្វព្រះហឫទ័យនឹងវាយទ្រង់ឲ្យជាំ ហើយឲ្យឈឺចាប់ .... ទ្រង់នឹងឃើញផលនៃការដែលព្រលឹងទ្រង់រងវេទនា នោះនឹងបានស្កប់ស្កល់ផង អ្នកដ៏សុចរិត គឺជាអ្នកបំរើរបស់អញទ្រង់នឹងធ្វើឲ្យមនុស្សជាច្រើនបានសុចរិត ដោយគេស្គាល់ដល់ទ្រង់ ហើយទ្រង់នឹងទទួលរងទោសចំពោះអំពើទុច្ចរិតរបស់គេ»។ អេសាយ ៥៣:១០-១១
ការកត់ត្រាក្នុងកណ្ឌគម្ពីរដំណឹងល្អ អំពីការសុគតនៅលើឈើឆ្កាងរបស់ព្រះគ្រីស្ទ មានផ្នែកដែលល្អបំផុត នៅត្រង់របៀបដែលកណ្ឌគម្ពីរទាំងនោះបានពិពណ៌នាម្តងហើយម្តងទៀតថា ព្រឹត្តិការណ៍នៅថ្ងៃនោះ បានសម្រេចបទទំនាយគ្រាសញ្ញាចាស់ កាលរាប់រយឆ្នាំមុន ។
កាលពួកសម្តេចសង្ឃ និងពួកគ្រូក្រឹត្យវិន័យបញ្ជូនព្រះយេស៊ូវ ទៅលោក ពីឡាត់ អភិបាលជនជាតិរ៉ូម៉ាំងម្នាក់នេះ មានការភ្ញាក់ផ្អើលចំពោះការដែលព្រះអង្គជ្រើសរើសមិនការពារខ្លួនឯង ជាសាធារណៈ ។ ពេលដែលលោក ពីឡាត់ទូលសួរថា «តើអ្នកជាស្ដេចរបស់សាសន៍យូដាឬអី ?» ព្រះយេស៊ូវ ទ្រង់មានបន្ទូលទៅលោកថា «ត្រូវដូចលោកមានប្រសាសន៍ហើយ» (ម៉ាថាយ ២៧:១១)។ នៅពេលដែលពួកអ្នកដឹកនាំសាសនាបន្តធ្វើការចោទប្រកាន់ទ្រង់ លោក ពីឡាត់ក៏បានទូលសួរព្រះអង្គម្តងទៀតថា «តើអ្នកមិនព្រមឆ្លើយសោះទេឬអី មើលរឿងជាច្រើនទាំងម្ល៉េះ ដែលគេធ្វើបន្ទាល់ទាស់នឹងអ្នក ?» (ម៉ាកុស ១៥:៤-៥)។ ប៉ុន្តែ ព្រះគ្រីស្ទក៏បានធ្វើដូចដែលបទគម្ពីរអេសាយ ៥៤:៧ បានថ្លែងទំនាយថា «ទ្រង់មិនបានហើបព្រះឱស្ឋសោះ» តែផ្ទុយទៅវិញ ព្រះអង្គរង់ចាំយ៉ាងស្ងាត់ស្ងៀម ចំពោះការកាត់ទោសប្រហារជីវិត ។
ក្រោយមក នៅថ្ងៃនោះ ប៉ុន្មានម៉ោងមុនពេលព្រះអង្គផុតដង្ហើម នៅពេលថ្ងៃរសៀល មេឃក៏ស្រាប់តែប្រែជាងងឹត (ម៉ាថាយ ២៧:៤៥)។ ជនជាតិយូដាដែលមានវត្តមាននៅទីនោះ គួរតែយល់អំពីសារៈសំខាន់នៃហេតុការណ៍ ដែលបានកើតឡើង ក្នុងពិធីបុណ្យរំលងទីមួយ ។ ពួកគេដឹងថា ក្នុងទឹកដីអេស៊ីព្ទ គ្រោះកាចទី៩ ដែលកើតឡើង មុនពេលការសម្លាប់កូនច្បងរបស់ជនជាតិអេស៊ីព្ទ គឺជាគ្រោះកាចនៃភាពងងឹត (និក្ខមនំ ១០:២១-២៩)។ ភាពងងឹតនៅថ្ងៃព្រះយេស៊ូវសុគតនៅលើឈើឆ្កាង បានឆ្លុះបញ្ចាំងអំពីគ្រោះកាចនោះ ជាការសំគាល់អំពីភាពចាំបាច់នៃការកំចាយឈាមកូនចៀម ដែលត្រូវសម្លាប់ និងភាពចាំបាច់នៃការជ្រកកោនឲ្យរួចផុតពីការជំនុំជម្រះ ដែលភាពងងឹតនោះបានថ្លែងប្រាប់ ។
ដំណឹងល្អបានបង្ហាញយើងថា ព្រះយេស៊ូវជ្រាបថា ព្រះអង្គគឺជាបុគ្គលដែលព្រះទ្រង់សន្យាប្រទាន ជាអ្នកដែលនឹងទទួលបាបរបស់យើង ដើម្បីសម្រេចបានសេចក្តីសង្គ្រោះសម្រាប់យើង ។ ព្រះអង្គសម្រេចពាក្យទំនាយរបស់បទគម្ពីរអេសាយ ជំពូក៥៣ ហើយព្រះអង្គប្រើឆន្ទៈរបស់ព្រះអង្គ តាមផែនការរបស់ព្រះដ៏មានចេស្តា ដោយបង្ហាញសេចក្តីស្រឡាញ់ និងការលះបង់គ្រប់យ៉ាង ដើម្បីមនុស្សដែលមិនសក្ដិសមទទួលអ្វីសោះក្រៅពីការជំនុំជម្រះ ។
ខណៈពេលដែលបទទំនាយគ្រាសញ្ញាចាស់បានសម្រេច នៅពីមុខពួកគេ នៅថ្ងៃដែលព្រះគ្រីស្ទបានសុគតនៅលើឈើឆ្កាង សំណួរធំបំផុត ដែលលោក ពីឡាត់ និងជនជាតិយូដាប្រឈមមុខដាក់គឺ តើពួកគេត្រូវធ្វើយ៉ាងណាចំពោះព្រះយេស៊ូវ ? ហើយនេះក៏ជាសំណួរធំបំផុតដែលយើងម្នាក់ៗប្រឈមមុខដាក់ជារៀងរាល់ថ្ងៃផងដែរ ។ តាមនិស្ស័យសាច់ឈាមរបស់យើង យើងមិនអើពើចំពោះប្រាជ្ញារបស់ព្រះអង្គ បះបោរទាស់នឹងអំណាចរបស់ព្រះអង្គ ហើយសង្ស័យចំពោះសេចក្តីល្អរបស់ព្រះអង្គ ។
ហេតុនេះហើយ ព្រះអម្ចាស់ «សព្វព្រះហឫទ័យនឹងវាយទ្រង់ឲ្យជាំ ហើយឲ្យឈឺចាប់» ដ្បិតព្រះទ្រង់មានគោលបំណងឲ្យទ្រង់ «ទទួលរងទោសចំពោះអំពើទុច្ចរិតរបស់គេ»។ យើងត្រូវដឹងថា ព្រះទ្រង់មានផែនការតាំងពីអស់កល្បជានិច្ច ឲ្យព្រះរាជបុត្រាទ្រង់សុគត ដើម្បីទទួលបាបរបស់មនុស្ស ហើយការដឹងដូចនេះ គួរតែធ្វើឲ្យជង្គង់យើងលត់ចុះដោយចិត្តស្ញប់ស្ញែង មិនគ្រាន់តែនៅចំពោះផែនការដែលព្រះទ្រង់ធ្វើដោយអធិបតេយ្យភាពរបស់ទ្រង់ ក៏ចំពោះក្តីស្រឡាញ់ដែលនាំឲ្យផែនការបានសម្រេច គឺផែនការដែលឈានដល់ចំណុចខ្ពស់បំផុត នៅភ្នំកាល់វ៉ារី ។ ព្រះគ្រីស្ទបានស្ងៀមស្ងាត់ នៅចំពោះមុខលោក ពីឡាត់ តែយើងគ្មានហេតុផល ឬការដោះសា ដែលត្រូវបន្តស្ងាត់ស្ងៀម ខណៈពេលដែលយើងលត់ជង្គង់នៅចំពោះព្រះអង្គ ហើយពិចារណា អំពីអ្វីៗទាំងអស់ដែលព្រះអង្គបានធ្វើសម្រាប់យើង ។
ខគម្ពីរជញ្ជឹងគិត៖ លូកា ៤:១៦-២១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អែសរ៉ា ៣-៥ និង ២ធីម៉ូថេ ២