
ដើរតាមផ្លូវទាល់ច្រក
ដោយAlistair Begg
November 10, 2026
«យើងបាននិយាយចំពោះចិត្តយើងថា មកចុះ យើងនឹងល្បងលឯងដោយការអរសប្បាយ ឯងនឹងបានគ្រឹកគ្រេងសប្បាយទទេ តែមើល ការនោះក៏ឥតប្រយោជន៍ដែរ»។ សាស្តា ២:១
កណ្ឌគម្ពីរសាស្តា គឺជាកណ្ឌគម្ពីរបុរាណមួយ តែមានពេញទៅដោយពាក្យពេចន៍ ដែលនៅតែមានប្រយោជន៍ចំពោះមនុស្សគ្រប់សម័យ ។ កណ្ឌគម្ពីរនេះត្រូវបាននិពន្ធឡើង កាល៣ពាន់ឆ្នាំមុន តែអ្នកប្រហែលគិតថា អ្នកនិពន្ធក៏បានគិតដល់ជីវិតរបស់យើងក្នុងសម័យបច្ចុប្បន្នផងដែរ។ ជាការពិតណាស់ ពេលអ្នកអានកណ្ឌគម្ពីរនេះ អ្នកមើលឃើញខ្លួនឯងកំពុងដើរតាមផ្លូវទាល់ ជាតំណាងឲ្យផ្លូវដែលយើងច្រើនតែដើរ ក្នុងការស្វែងរកការស្កប់ចិត្ត ។
ការអប់រំគឺជាផ្លូវមួយ ដែលយើងព្យាយាមដើរ ដើម្បីស្វែងរកអត្ថន័យជីវិត ។ អ្នកជំនាញជាច្រើនបានលើកឡើងឥតឈប់ថា បញ្ហានៃការញៀនថ្នាំ ការបំពាន និងអសីលធម៌ផ្លូវភេទ ព្រមទាំងបញ្ហាសង្គមជាច្រើន អាចមានដំណោះស្រាយ បើសិនជាមនុស្សមានការអប់រំល្អជាងមុន ។ ប៉ុន្តែ តាមបទពិសោធន៍របស់យើង យើងឃើញថា ការអប់រំតែម្យ៉ាងមិនអាចធ្វើឲ្យចិត្តមនុស្សស្កប់ស្កល់ ឬអាចផ្សាំងវិញ្ញាណដែលគ្មានសណ្ដាប់ធ្នាប់បានឡើយ ។ តាមការវាស់ស្ទង់ជាច្រើន គេបានរកឃើញថា ប្រជាជាតិនៅអឺរ៉ុបបានទទួលការអប់រំល្អបំផុតក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ ប៉ុន្តែ ពួកគេហាក់ដូចជាមិនមែនជាប្រជាជនសប្បាយជាងគេ ហើយពួកគេក៏ជាមនុស្សដែលមានការស្រេកឃ្លានភាពស្កប់ចិត្តលើសគេ ពោលគឺស្រេកឃ្លានខ្លាំងជាងអ្នកដទៃ ។
ដូចនេះ បើការអប់រំមិនធ្វើឲ្យយើងស្កប់ចិត្តទេ យើងប្រហែលជាងាកទៅរកផ្លូវនៃការសប្បាយវិញ ។ យើងសម្រេចចិត្តបណ្តោយខ្លួនឲ្យមានពេលដែលសប្បាយរីករាយ ។ ពីដំបូង យើងប្រហែលរកឃើញអ្វីមួយ ដែលមានលក្ខណៈល្អដូចសុភមង្គល ប៉ុន្តែ ទីបំផុត យើងរកឃើញថា ការសប្បាយដែលយើងទទួលបាន មិនស្ថិតស្ថេរទេ ។ វាក្លាយជាផ្លូវគេចចេញពីការពិត ដោយបញ្ឆោតយើងចូលទៅក្នុងជីវិត ដែលផ្ដោតទៅលើខ្លួនឯង និងល្អតែសម្បកក្រៅ ហើយស្តាប់ទៅគួរឲ្យជឿ និងអស្ចារ្យណាស់ តែតាមពិត មានតែចន្លោះប្រហោងខាងក្នុង ។
ភាគច្រើន លោកិយដែលកំពុងហ៊ុមព័ទ្ធយើង កំពុងទាក់ទាញយើងឲ្យដើរតាមផ្លូវទាល់ច្រកដូចនេះឯង ។ គេយល់ឃើញថា ជំនឿលើព្រះគ្រីស្ទ មិនមានចំណាប់អារម្មណ៍លើការអប់រំ និងការសប្បាយទេ ។ ការយល់ឃើញដូចនេះ គឺជាការយល់ច្រឡំហើយ ។ នេះមិនមែនជាការពិតទេ! តែអ្នកនិពន្ធបទគម្ពីរសាស្តា បានបង្ហាញយើងថា ការដេញតាមការសប្បាយ និងការអប់រំទាំងអស់នេះ មិនមានន័យអ្វីទេ ហើយក៏មិនអាចបំបាត់ការស្រេកឃ្លានធំបំផុតរបស់យើងបានឡើយ ។ ទាល់តែយើងបានស្គាល់ព្រះពិត ដែលមានព្រះជន្មរស់ ទើបការអរសប្បាយនឹងព្រះពរនៃជីវិត នាំមកនូវអំណរដ៏ស្ថិតស្ថេរ ។ ទោះយើងស្ថិតក្នុងស្ថានភាពទាល់ច្រក ក៏យើងនៅតែអាចមានសង្ឃឹម ព្រោះព្រះគ្រីស្ទអាចជួយសង្គ្រោះយើង ដោយនាំយើងដើរតាមផ្លូវចង្អៀត ដែលនាំទៅរកជីវិត (ម៉ាថាយ ៧:១៣-១៤)។ នេះប្រហែលជាអ្វីដែលបានកើតឡើងចំពោះអ្នកហើយ ។ ឬប្រហែលជាអ្នកបានជួបការល្បួងឲ្យប្រឆាំងនឹងការដាស់តឿន ក្នុងបទគម្ពីរសាស្តា តែអ្នកនៅតែដើរតាមផ្លូវទាំងនោះ ជាជាងទៅតាមផ្លូវនៃការស្តាប់បង្គាប់ព្រះអម្ចាស់ យ៉ាងស្មោះត្រង់ ពុំនោះទេ អ្នកបានជួបការល្បួងឲ្យនាំមនុស្សជាទីស្រឡាញ់របស់អ្នកដើរតាមផ្លូវនោះផងដែរ ។ បើអ្នកជួបការល្បួងឲ្យចាត់ទុកការអប់រំ និងការសប្បាយ ជាសំខាន់បំផុតក្នុងជីវិត ចូរចាំថា ថ្ងៃមួយ អ្នកនឹងឈរនៅពីមុខបល្ល័ង្ករបស់ព្រះ ហើយអ្នកនឹងសារភាពអំពីរបៀបដែលអ្នកបានរស់នៅ ។ តើអ្នកនឹងដើរតាមផ្លូវមួយណា ?
ខគម្ពីរជញ្ជឹងគិត៖ ម៉ាថាយ ៧:១៣-១៤
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អែសរ៉ា ៩-១០ និង ២ធីម៉ូថេ ៤