
ការចុះចូលព្រះដោយអំណរ
ដោយAlistair Begg
November 9, 2026
«តែទ្រង់ផ្ដល់ព្រះគុណមកកាន់តែខ្លាំងឡើង ហេតុនោះបានជាទ្រង់មានបន្ទូលថា «ព្រះទ្រង់ទាស់ទទឹងនឹងពួកមានឫកធំ តែទ្រង់ផ្ដល់ព្រះគុណមកពួករាបសាវិញ»។ ដូច្នេះ ត្រូវចុះចូលចំពោះព្រះ»។ យ៉ាកុប ៤:៦-៧
សព្វថ្ងៃនេះ យើងពិបាកស្រមៃអំពីមនុស្សនៅសម័យមុន ដែលពួកគេស្ទើរតែមិនពាក់ខ្សែក្រវ៉ាត់ពេលកំពុងបើកបរ ហើយក្មេងតូចក៏មិនត្រូវឲ្យមានកៅអីសុវត្ថិភាពបន្ថែមសម្រាប់អង្គុយក្នុងឡាន ដូចពេលសព្វថ្ងៃ ។ បើគ្មានខ្សែក្រវ៉ាត់ និងកៅអីកូនក្មេង សម្រាប់ឲ្យពួកគេអង្គុយជាប់ក្នុងឡានទេ នោះគេមុខជាពិបាកធ្វើឲ្យពួកគេអង្គុយនៅមួយកន្លែង ដោយមិនបង្កការពិបាក ។ មានរឿងមួយដំណាលថា ក្មេងតូចម្នាក់អង្គុយនៅលើកៅអីខាងក្រោយ ខណៈពេលដែលម្តាយវាកំពុងបើកបរឡាន ។ ហើយវាអង្គុយមិនស្ងៀម ដោយឡើងចុះកៅអីមិនឈប់ ។ ម្តាយរបស់វាក៏បានប្រាប់វាថា វាត្រូវអង្គុយឲ្យស្ងៀម ។ ទីបំផុត បន្ទាប់ពីការបង្គាប់វាច្រើនដង ហើយវានៅតែមិនស្តាប់ គាត់ក៏ដឹងថា គាត់ត្រូវតែឈប់ឡាន ហើយអនុវត្តនូវការដាក់វិន័យដ៏សមរម្យ ។ គាត់ក៏បានឲ្យវាអង្គុយនៅលើកៅអីវាវិញ ហើយបន្តដំណើរទៅមុខទៀត ។ ពីរបីវិនាទីក្រោយមក ក្មេងប្រុសនោះក៏បានរអ៊ូរទាំនៅកន្លែងអង្គុយរបស់វាថា វាប្រហែលកំពុងអង្គុយនៅសម្បកក្រៅ តែក្នុងចិត្តរបស់វា វាគិតថា វាកំពុងតែឈរ ។
រឿងខ្លីនេះទំនងជាជំរុញយើងឲ្យញញឹម តែវាក៏ជាការដាស់តឿនសម្រាប់យើងផងដែរ ។ ក្មេងប្រុសនោះមានការស្តាប់បង្គាប់តែសម្បកក្រៅ តែនៅក្នុងចិត្តវា នៅតែមានការបះបោរ ។ តើយើងមានអាកប្បកិរិយាដូចនេះ ចំពោះព្រះប៉ុន្មានដងហើយ ? យើងប្រហែលជាធ្វើតែសម្បកក្រៅ ឬនិយាយយ៉ាងត្រឹមត្រូវ ជាពិសេស នៅទីសាធារណៈ និងនៅព្រះវិហារ ប៉ុន្តែ ខាងក្នុងចិត្ត យើងកំពុងតែគិត និងមានអារម្មណ៍ផ្ទុយពីនេះ ។ ការធ្វើដូចនេះ ហាក់ដូចជាមិនខុស និងជារឿងធម្មតា ប៉ុន្តែ អំនួតដែលកំពុងតែកើនឡើង ក្នុងចិត្តរបស់ក្មេងប្រុសនោះ ដែលបណ្តាលឲ្យវានិយាយស្តីទាស់ប្រឆាំងនឹងម្តាយវា ហើយអំនួតដែលកំពុងកើនឡើងក្នុងចិត្តយើង នៅពេលដែលយើងកំពុងអង្គុយនៅស្ងៀមតែសម្បកក្រៅ តែក្នុងចិត្តយើងកំពុងតែឈរ ។ ហើយព្រះទ្រង់ទតឃើញទាំងអស់ ។
ការចុះចូលពិតប្រាកដចំពោះព្រះ កើតចេញពីចិត្តដែលមានការបន្ទាបខ្លួនពិតប្រាកដ ។ ដើម្បីចុះចូលចំពោះព្រះ យើងចាំបាច់ត្រូវកែប្រែចិត្តគំនិត ការប្រព្រឹត្ត និងការសម្រេចចិត្ត ឲ្យត្រូវនឹងការគ្រប់គ្រងរបស់ព្រះអង្គ ។ តាមនិស្ស័យសាច់ឈាមរបស់យើង យើងទាស់ប្រឆាំងនឹងអំណាចគ្រប់គ្រង ហើយមិនចូលចិត្តឲ្យគេប្រាប់យើងឲ្យធ្វើអ្វីទេ ។ ប៉ុន្តែ ការចុះចូលនឹងព្រះ មិនត្រូវធ្វើទាំងបង្ខំនោះទេ ។ យើងគួរតែលះបង់បំណងចិត្តរបស់យើង ដោយចុះចូល ដោយអំណរ ចំពោះបំណងព្រះទ័យ ដែលព្រះទ្រង់បង្ហាញដល់យើង ក្នុងព្រះបន្ទូលទ្រង់ ។ ការរកឃើញសេចក្តីពិត និងប្រព្រឹត្តតាមសេចក្តីពិតរបស់ទ្រង់ នាំមកនូវក្តីអំណរ ។
ការចុះចូលដោយអំណរដូចនេះ អាចកើតមាន ដោយសារលក្ខណៈសម្បត្តិរបស់ព្រះ ដែលយើងចុះចូល ។ ពេលណាយើងចុះចូលព្រះអម្ចាស់យេស៊ូវគ្រីស្ទ យើងនឹងទទួលបានសេរីភាពពិតប្រាកដ (កាឡាទី ៥:១)។ យើងព្រមទទួលបន្ទុកដែលស្រាលជាង និងនឹមដែលងាយស្រួលជាង (ម៉ាថាយ ១១:៣០)។ ដូចនេះ ចូរពិនិត្យមើលជីវិត និងចិត្តរបស់អ្នក នៅថ្ងៃនេះ ។ តើអ្នកកំពុងតែអង្គុយតែសម្បកក្រៅ តែអ្នកកំពុងឈរក្នុងចិត្ត តាមរបៀបណាមួយ ដោយស្តាប់បង្គាប់ព្រះ តែទន្ទឹមនឹងនោះ អ្នកក៏កំពុងតែរអ៊ូរទាំឬទេ ? ព្រះទ្រង់តែងតែមានព្រះគុណបន្ថែមទៀត សម្រាប់អំនួតប្រភេទនេះ ប៉ុន្តែ យើងចាំបាច់ត្រូវប្រែចិត្ត ដោយបន្ទាបខ្លួន ។ តើអ្នកត្រូវចងចាំអំពីព្រះ ដូចម្តេចខ្លះ ដើម្បីឲ្យអ្នកអាចប្រែចិត្ត ហើយបន្ទាប់មក ចុះចូលបំណងព្រះទ័យទ្រង់ ដោយស្ម័គ្រចិត្ត ដោយអំណរ និងអស់ពីចិត្ត ?
ខគម្ពីរជញ្ជឹងគិត៖ រ៉ូម ៦:១៥-២៣
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អែសរ៉ា ៦-៨ ២ធីម៉ូថេ ៣