
ជ័យជម្នះស្រេចនៅលើព្រះអម្ចាស់
ដោយAlistair Begg
November 27, 2026
«ឱព្រះយេហូវ៉ាអើយ សូមទ្រង់ក្រោកឡើង ឱព្រះនៃទូលបង្គំអើយ សូមទ្រង់ជួយសង្គ្រោះទូលបង្គំផង ដ្បិតគឺទ្រង់ដែលទះកំផ្លៀងអស់ទាំងខ្មាំងសត្រូវនៃទូលបង្គំ ទ្រង់បំបាក់ធ្មេញរបស់ពួកមនុស្សអាក្រក់ដែរ ឯសេចក្ដីសង្គ្រោះ នោះស្រេចនៅព្រះយេហូវ៉ា សូមឲ្យព្រះពរទ្រង់បាននៅលើរាស្ត្រទ្រង់ចុះ»។ ទំនុកដំកើង ៣:៧-៨
តើបញ្ហានាំអ្នកទៅរកព្រះ ឬនាំអ្នកចេញពីព្រះអង្គ ?
ក្នុងបទគម្ពីរទំនុកដំកើង ជំពូក៣ ស្តេចដាវីឌកំពុងប្រឈមមុខដាក់ទុក្ខលំបាកធ្ងន់ធ្ងរ គឺការបះបោររបស់អាប់សាឡំម ជាបុត្រាទ្រង់ ដែលហាក់ដូចជាមានជ័យជម្នះហើយ ។ ទ្រង់ត្រូវតែរត់គេចពីព្រះរាជវាំង និងរាជធានី ។ មនុស្សជាច្រើនដែលទ្រង់ចាត់ទុកជាមិត្តសំឡាញ់ បានងាកមកទាស់ប្រឆាំងទ្រង់ដែរ។
តើស្តេចដាវីឌត្រូវធ្វើដូចម្តេច ? គឺទ្រង់បានថ្វាយទុក្ខលំបាកទ្រង់ ដល់ព្រះអម្ចាស់ដោយមិនបង្អង់យូរ ។ ទ្រង់ទទួលស្គាល់ ហើយយើងក៏គួរតែបន្ទាបខ្លួន ដើម្បីទទួលស្គាល់ជាមួយទ្រង់ថា ការផ្លាស់ប្តូរដែលកែប្រែចិត្ត ដំណោះស្រាយធំបំផុត និងជោគជ័យដ៏ស្ថិតស្ថេរ គឺស្រេចតែព្រះអម្ចាស់សម្រេចជាចុងក្រោយ ។
តើនរណាអាចនាំការសង្គ្រោះ រួចពីភាពជាទាសករនៃបាបដែលយើងធ្វើជាទម្លាប់ ? តើនរណាអាចរំដោះទាសករឲ្យមានសេរីភាព ? តើនរណាអាចដោះបន្ទុកចេញពីស្មារបស់មនុស្ស ? គឺមានតែព្រះអម្ចាស់ទេដែលអាចធ្វើបាន ។
ទោះយើងជួបការរំខានធម្មតា ឬជួបសោកនាដកម្មដ៏អាក្រក់ក៏ដោយ ក៏មានតែព្រះទេ ដែលនាំមកនូវការរំដោះ ។
សូម្បីនៅពេលដែលសត្រូវរបស់ស្តេចដាវីឌបានហ៊ុមព័ទ្ធទ្រង់ ទ្រង់មិនបានព្យាយាមសងសឹកឡើយ ។ ទ្រង់ទទួលស្គាល់ថា ព្រះទ្រង់ជាអ្នកសម្រេចបានជ័យជម្នះ ព្រោះទ្រង់ជាប្រភពពិតប្រាកដនៃជ័យជម្នះដ៏ស្ថិតស្ថេរ ។ ហេតុនេះហើយ ស្តេចដាវីឌបានស្រែកឡើងថា «ឱព្រះយេហូវ៉ាអើយ សូមទ្រង់ក្រោកឡើង ឱព្រះនៃទូលបង្គំអើយ» ព្រោះស្តេចដាវីឌជ្រាបថា «សេចក្ដីសង្គ្រោះ នោះស្រេចនៅព្រះយេហូវ៉ា»។
គួរកត់សំគាល់ផងដែរថា ស្តេចដាវីឌជ្រាបថា ការរំដោះមិនមែនសម្រាប់តែទ្រង់ប៉ុណ្ណោះទេ បានជាទ្រង់អធិស្ឋានសូមឲ្យព្រះពរ សម្រាប់រាស្ត្រទ្រង់។ ទុក្ខលំបានច្រើនតែនាំយើងផ្ដោតទៅលើខ្លួនឯង ហើយងាកចេញពីព្រះ និងអ្នកដទៃ ។ ការអធិស្ឋានឲ្យខ្លួនឯងតែម្នាក់ ច្រើនតែមានភាពងាយស្រួលយ៉ាងខ្លាំង ។ ប៉ុន្តែ ស្តេចដាវីឌបានរំឭកយើងថា សូម្បីតែនៅក្នុងជ្រលងនៃជីវិត យើងធ្វើដំណើរជាមួយគ្នា ហើយចាំបាច់ត្រូវនឹកចាំបងប្អូនប្រុសស្រីយើង ក្នុងការអធិស្ឋាន គឺមិនគ្រាន់តែអធិស្ឋានឲ្យអ្នកជឿ តែក៏អធិស្ឋានសូមសេចក្តីសង្គ្រោះ សម្រាប់អ្នកដែលស្រែករកជំនួយពីព្រះយេស៊ូវ ។
អ្នកជិតខាង មិត្តរួមការងាររបស់យើង និងមនុស្សដែលយើងមិនស្គាល់កំពុងឈរតម្រង់ជួររង់ចាំនៅកន្លែងលក់កាហ្វេ សុទ្ធតែត្រូវការការរំដោះ ដូចយើងផងដែរ ។
បើអ្នកចង់បានជ័យជម្នះ ក្នុងជីវិតអ្នក ជាបឋម អ្នកត្រូវតែទទួលស្គាល់ ដូចស្តេចដាវីឌថា អ្នកមិនអាចមានជ័យជម្នះបានទេ បើមិនមានជំនួយពីព្រះអង្គ ។ ហើយបើអ្នកចង់ធ្វើជាឧបករណ៍នៃព្រះគុណ សម្រាប់មនុស្សដែលព្រះទ្រង់បានដាក់នៅជុំវិញអ្នក អ្នកត្រូវមើលឃើញតម្រូវការរបស់អ្នកដទៃផងដែរ ហើយទទួលស្គាល់ថា មានតែព្រះអង្គទេ ដែលមានព្រះចេស្តាគ្រប់គ្រាន់ ដើម្បីប្រទានព្រះពរ និងការរំដោះ ។
មានតែព្រះអង្គទេ ដែលជាក្តីសង្ឃឹមដ៏អស់កល្បរបស់យើង ជាអំណោយដ៏ប្រសើរនៃសេចក្តីសង្គ្រោះ ជាប្រភពនៃការស្កប់ចិត្ត សម្រាប់ការស្រេកឃ្លានរបស់យើង ក្នុងជ្រលង ក៏ដូចជានៅលើកំពូលភ្នំ ។
ខគម្ពីរជញ្ជឹងគិត៖ ១របាក្សត្រ ២៩:១០-១៤
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ២របាក្សត្រ ១៧-១៨ និង លូកា ៨:១-២៥