ខ្ញុំបានឃើញសេចក្តីស្មោះត្រង់របស់ព្រះអង្គ
២សាំយ៉ូអែល ២២:១-៤,៤៨-៥១ ឱព្រះយេហូវ៉ាអើយ ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ នៅកណ្តាលអស់ទាំងសាសន៍ ហើយនឹងច្រៀងទំនុកសរសើរថ្វាយដល់ព្រះនាមទ្រង់។ ២សាំយ៉ូអែល ២២:៥០ នៅក្នុងការដឹកនាំចក្រភពអង់គ្លេស ក្នុងរយៈពេល៧០ឆ្នាំ ក្សត្រីអេលីហ្សាប៊ែតទី២ បានទទួលស្គាល់សៀវភៅជីវប្រវត្តិរបស់ព្រះនាងតែមួយក្បាលប៉ុណ្ណោះដែលគេបាននិពន្ធ ដោយព្រះនាងបានដាក់បញ្ចូលបុព្វកថាដែលព្រះនាងបានសរសេរផ្ទាល់ដៃ ក្រោមចំណងជើងថា ក្សត្រីជាអ្នកបម្រើ និងក្សត្រដែលព្រះនាងបានបម្រើ។ សៀវភៅនេះបានចេញផ្សាយ នៅក្នុងការអបអរខួបកំណើតរបស់ព្រះនាង គម្រប់ព្រះជន្ម៩០ព្រះវស្សា ដោយបានរំឭកអំពីរបៀបដែលសេចក្តីជំនឿរបស់ព្រះនាង បានដឹកនាំព្រះនាង ខណៈពេលដែលព្រះនាងធ្វើការបម្រើប្រទេសជាតិ។ ក្នុងបុព្វកថានោះ ក្សត្រីអេលីហ្សាប៊ែត បានបង្ហាញចេញនូវការដឹងគុណ ចំពោះមនុស្សទាំងអស់ដែលបានអធិស្ឋានឲ្យព្រះនាង ហើយព្រះនាងបានអរព្រះគុណព្រះ សម្រាប់សេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេររបស់ព្រះអង្គ។ ព្រះនាងបានសន្និដ្ឋានថា “ខ្ញុំពិតជាបានឃើញសេចក្តីស្មោះត្រង់របស់ព្រះអង្គ”។ បន្ទូលដ៏សាមញ្ញរបស់ក្សត្រីអេលីហ្សាប៊ែត បានធ្វើឲ្យខ្ញុំនឹកចាំ អំពីទីបន្ទាល់របស់បុរស និងស្រ្តីជាច្រើន ក្នុងប្រវត្តិសាស្រ្ត ដែលបានដកពិសោធន៍ជាមួយនឹងការថែរក្សាដ៏ស្មោះត្រង់របស់ព្រះអម្ចាស់ ដោយផ្ទាល់ៗខ្លួន ក្នុងជីវិតរបស់ពួកគេ។ ស្តេចដាវីឌក៏បាននិពន្ធបទចម្រៀងដ៏ពីរោះ ដើម្បីឆ្លុះបញ្ចាំងអំពីជីវិតរបស់ទ្រង់ផងដែរ។ ក្នុងបទគម្ពីរ២សាំយ៉ូអែល ជំពូក២២ បទចម្រៀងរបស់ទ្រង់ក៏បានចែងអំពីសេចក្តីស្មោះត្រង់របស់ព្រះអម្ចាស់ នៅក្នុងការការពារស្តេចដាវីឌ ផ្គង់ផ្គង់ទ្រង់ និងថែមទាំងជួយសង្គ្រោះទ្រង់ ឲ្យរួចផុតពីគ្រោះថ្នាក់(ខ.៣-៤,៤៤)។ ស្តេចដាវីឌក៏បានឆ្លើយតបចំពោះសេចក្តីស្មោះត្រង់របស់ព្រះអម្ចាស់ ដោយសរសេរថា ទ្រង់នឹងច្រៀងទំនុកដំកើងថ្វាយដល់ព្រះនាមព្រះអម្ចាស់(ខ.៥០)។ យើងមានការលើកទឹកចិត្តកាន់តែខ្លាំង ពេលណាយើងបានដឹងថា ព្រះអង្គបានបង្ហាញសេចក្តីស្មោះត្រង់ នៅក្នុងរយៈពេលដ៏យូរ ក្នុងជីវិតរបស់នរណាម្នាក់…