ពេលដែលកូនប្រុសពៅរបស់យើង ចូលធ្វើទាហាន យើងបានដឹងថា មានការលំបាកជាច្រើន ដែលត្រូវឆ្លងកាត់នៅពេលខាងមុខ ។ យើងដឹងថា គាត់នឹងត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ និងត្រូវធ្វើតេស្ត៍មើលសមត្ថភាពផ្នែកកាយសម្បទា ផ្នែកផ្លូវអារម្មណ៍ និងផ្នែកវិញ្ញាណ ។ យើងក៏ដឹងផងដែរថា ការនេះនឹងធ្វើឲ្យគាត់មានអារម្មណ៍ថា ផ្ទះរបស់យើងនឹងលែងមានលក្ខណៈពេញលេញ ជាផ្ទះរបស់គាត់ទៀតហើយ ។ មុនពេលគាត់ត្រូវធ្វើដំណើរចាកចេញទៅ ក្នុងរយៈពេលពីរបីខែខាងមុខ ខ្ញុំនិងភរិយារបស់ខ្ញុំក៏បានត្រៀមខ្លួន សម្រាប់ការលំបាកទាំងនេះ ។
បន្ទាប់មក ថ្ងៃដែលម៉ាក(Mark) ត្រូវទៅបំពេញភារៈកិច្ចជាទាហាន ក៏បានមកដល់ ។ យើងក៏បានឱបគ្នា ដោយពាក្យលាគ្នា ហើយបន្ទាប់មក គាត់ក៏បានដើរចូលទៅក្នុងមជ្ឈមណ្ឌលជ្រើសរើសទ័ព ជាហេតុបណ្តាលឲ្យខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនទាន់បានត្រៀមខ្លួនសម្រាប់ពេលនេះនៅឡើយទេ ។ ព្រោះការលាគ្នាដ៏ពិបាកនេះ បានធ្វើឲ្យខ្ញុំមានអារម្មណ៍ឈឺចាប់ មិនអាចទ្រាំបានឡើយ ។ ខ្ញុំមិនចង់ឲ្យគេឃើញថា ខ្ញុំមានការរំជួលចិត្តហួសហេតុពេកឡើយ តែខ្ញុំមិនចាំ ថាតើមានពេលណា ដែលខ្ញុំបានយំខ្លាំងដូចពេលនោះឡើយ ។ ការលាគ្នាដ៏ពិបាក និងការដឹងអំពីការបាត់បង់ ដែលអាចកើតចេញពីការលាគ្នានោះ បានធ្វើឲ្យចិត្តខ្ញុំឈឺផ្សា ។
ស្ថិតក្នុងស្ថានភាពដូចនេះ ខ្ញុំមានការកម្សាន្តចិត្ត ដោយបានដឹងថា ខ្លួនមានព្រះវរបិតា ដែលគង់នៅស្ថានសួគ៌ ដែលជ្រាបអំពីអត្ថន័យ នៃការបែកចេញរបស់ព្រះរាជបុត្រាជាទីស្រឡាញ់របស់ទ្រង់ ។ ខ្ញុំក៏មានការកម្សាន្តចិត្ត ដោយបានដឹងថា ខ្ញុំមានព្រះមួយអង្គ ដែលត្រូវបានពិពណ៌នាថា ជា “ឪពុកនៃក្មេងកំព្រាឪពុក និងអ្នកការពារស្រ្តីមេម៉ាយ”(ទំនុកតម្កើង ៦៨:៥)។ ខ្ញុំជឿថា បើទ្រង់បានយកព្រះទ័យទុកដាក់ចំពោះក្មេងកំព្រា និងស្ត្រីមេម៉ាយ ដែលនៅឯកកោរ នោះទ្រង់ក៏នឹងយកព្រះទ័យទុកដាក់ចំពោះខ្ញុំ និងកម្សាន្តចិត្តខ្ញុំផងដែរ គឺសូម្បីតែក្នុងខណះពេល ដែលខ្ញុំត្រូវជួបទុកលំបាក ដែលមានការលាគ្នាដ៏ពិបាកនោះក៏ដោយ ។ – Bill Crowder