អ្នកស្រីថូនី(Toni) កំពុងស្វែងរកអ្វីមួយដែលខ្លួនពិតជាមិនបានបាត់ ហើយក៏បានរកឃើញអ្វីដែលខ្លួនមិនបានស្វែង រកទៅវិញ ។ ការនេះបាននាំឲ្យមនុស្សមួយក្រុមមានការជំរុញខាងវិញ្ញាណមួយ ដោយមិនបានរំពឹងទុកជាមុន ។
អ្នកស្រីធូនីបានបើកការសិក្សាព្រះគម្ពីរ នៅក្នុងគ្លីនិកស្តាលទ្ធភាពអ្នកញៀនថ្នាំ និងញៀនស្រាមួយកន្លែង ។ មានពេលមួយគាត់ក៏បានស្វែងរកប័ណ្ណបើកបរដែលស្វាមីគាត់បានបាត់ ។ នៅពេលដែលគាត់តាមដានរកទីកន្លែង ដែលប្តីគាត់បានទៅថ្ងៃមុន គាត់ក៏បានទៅដល់មន្ទីពេទ្យមួយ ។ គាត់មិនបានរកឃើញប័ណ្ណបើកបរនៅទីនោះទេ ប៉ុន្តែ គាត់បានឃើញក្រុមចម្រៀងយុវជនវិទ្យាល័យមួយក្រុម ហើយចម្រៀងថ្វាយបង្គំរបស់ពួកគេ បានធ្វើឲ្យគាត់ប៉ះពាល់ចិត្ត ។ គាត់បានសុំការអនុញ្ញាតពីលោកនាយក ដើម្បីឲ្យក្មេងជំទង់មួយក្រុមនេះ ទៅច្រៀងឲ្យក្រុមសិក្សាព្រះគម្ពីររបស់គាត់ស្តាប់ នៅល្ងាចនោះ ។ ពួកគេក៏បានទៅ ហើយតាមរយៈភ្លេង និងអត្ថន័យនៃបទចម្រៀង ពួកគេពិតជាបាននាំមកនូវសេចក្តីសង្ឃឹម ក្តីអំណរ និងសេចក្តីស្រឡាញ់ របស់ព្រះ ដល់មនុស្សមួយចំនួន ដែលកំពុងព្យាយាមធ្វើឲ្យជីវិតរបស់ខ្លួន មានភាពល្អប្រសើរឡើងវិញ ។
ចុះចំណែកឯប័ណ្ណបើកបរមួយនោះវិញ? អ្នកស្រីថូនីក៏បានរកវាឃើញ នៅលើកៅអី នៅពេលគាត់ត្រឡប់មកផ្ទះវិញ ។ គេជឿថា មូលហេតុតែមួយ ដែលគាត់បានចេញខាងក្រៅនៅថ្ងៃនោះគឺដើម្បីឲ្យព្រះទ្រង់ដឹកនាំគាត់ ទៅដល់កន្លែងមួយ ដែលគាត់បានឮសម្លេងច្រៀងនៃក្មេងជំទង់មួយក្រុម ដែលអាចជួយដល់ក្រុមរបស់គាត់ ដែលកំពុងស្តាលទ្ធភាពឡើងវិញនោះ ។
នៅពេលព្រះទ្រង់នាំផ្លូវយើង(សុភាសិត ១៦:៩) ទ្រង់នាំតាមរបៀប ដែលយើងមិនបានស្មានដឹងជាមុន ។ ទ្រង់អាចប្រើការលំបាកបន្តិចបន្ទួចរបស់យើង ដើម្បីថ្វាយសិរីល្អដល់ព្រះនាមទ្រង់ ។ នៅពេលយើងជួបបញ្ហា ដែលហាក់ដូចជានាំឲ្យមានការរំខាន នៅថ្ងៃណាមួយ យើងប្រហែលជាមិនគ្រាន់តែគួរស្វែងរករបស់អ្វី ដែលយើងគិតថាខ្លួនចង់បានប៉ុណ្ណោះឡើយ ប៉ុន្តែ ថែមទាំងគួរស្វែងរកអ្វី ដែលព្រះទ្រង់បានរៀបចំសម្រាប់យើង នៅថ្ងៃនោះផងដែរ ។ – Dave Branon