ខ្ញុំមានមិត្តល្អម្នាក់ ដែលខ្ញុំបានទៅស្ទូចត្រីជាមួយ ម្តងម្កាល ។ គាត់គឺជាអ្នកដែលចេះគិតបានល្អិតល្អន់ ។ បន្ទាប់ពីគាត់បានស្លៀកខោសម្រាប់ដើរលុយទឹក និងពាក់ស្បែកជើងកវែង ហើយបានប្រមូលឧបករណ៍របស់ខ្លួនហើយ គាត់ក៏បានអង្គុយនៅលើផ្នែកខាងក្រោយនៃឡានវែនរបស់គាត់ ហើយសម្លឹងមើលទឹកទន្លេចុះឡើងៗ អស់ពេលយ៉ាងហោចណាស់ ក៏១៥នាទីដែរ ដើម្បីរកមើលមាត់ត្រី ។ គាត់ក៏និយាយថា “ការស្ទូចត្រីនៅកន្លែងគ្មានត្រី គឺគ្មានបានប្រយោជន៍អ្វីទេ”។ ការនេះបាននាំឲ្យខ្ញុំគិតដល់សំណួរមួយទៀត គឺ “តើខ្ញុំត្រូវទៅនេសាទវិញ្ញាណមនុស្ស នៅកន្លែងដែលគ្មានមនុស្សឬ?”
គេបានថា ព្រះយេស៊ូវជា “មិត្តសំឡាញ់នឹងអ្នកយកពន្ធ និងមនុស្សមានបាប”(លូកា ៧:៣៤)។ ក្នុងនាមជាគ្រីស្ទបរិស័ទ យើងមិនត្រូវប្រព្រឹត្តតាមលោកិយឡើយ ប៉ុន្តែ ត្រូវចូលទៅក្នុងលោកិយ ដោយគ្មានការរើសអើង ដូចព្រះយេស៊ូវដែរ ។ ដូចនេះយើងត្រូវសួរខ្លួនឯងថា : តើខ្ញុំមានលក្ខណៈដូចព្រះ យេស៊ូវ នៅត្រង់ចំណុចនៃការរាប់អានមនុស្សមានបាបឬទេ? បើសិនជាខ្ញុំរាប់អានតែគ្រីស្ទបរិស័ទ នោះអាចមានន័យថា ខ្ញុំកំពុងតែនេសាទមនុស្ស “នៅកន្លែងដែលគ្មានមនុស្សសម្រាប់នេសាទហើយ” ។
ការចំណាយពេលជាមួយ អ្នកមិនជឿព្រះ គឺជាជំហានទីមួយ នៃការនេសាទមនុស្ស ។ បន្ទាប់មកយើងបង្ហាញសេចក្តីស្រឡាញ់ ចេញពីចិត្តដ៏សប្បុរស ដែលអាចយល់ចិត្ត នៃអ្នកដែលនិយាយដោយខ្វះការពិចារណា និងស្តាប់ឮសម្លេងទួញយំ ក្នុងជម្រៅនៃវិញ្ញាណរបស់ពួកគេ ។ យើងសួរពួកគេថា “តើអ្នកអាចប្រាប់ ឲ្យខ្ញុំបានដឹងអំពីរឿងនោះ ជាបន្ថែមទៀតបានទេ?” ហើយយើងថែរបំប៉នវិញ្ញាណពួកគេ ដោយការអាណិតអាសូរ ។ លោកគ្រូគង្វាលចច ហ័រប៊ើត(George Herbert ឆ្នាំ ១៥៩៣ ដល់ ១៦៣៣) បានមានប្រសាសន៍ថា “នៅក្នុងភាពចៅរ៉ាវនេះ គឺមានការចែកចាយព្រះបន្ទូលជាច្រើន”។
ការបង្ហាញចេញនូវសេចក្តីស្រឡាញ់តាមរបៀបនេះ មិនកើតឡើងដោយឯកឯងឡើយ ប៉ុន្តែ គឺមានប្រភពមកពីព្រះតែប៉ុណ្ណោះ ។ ដូចនេះហើយ យើងអាចអធិស្ឋានថា “ឱព្រះអម្ចាស់អើយ នៅពេលទូលបង្គំចំណាយពេលជាមួយអ្នកមិនជឿ នៅថ្ងៃនេះ សូមជួយឲ្យទូលបង្គំ អាចស្តាប់ឮសម្លេងដែលខ្វះអំណរ អាចឃើញទឹកមុខដែលមានទុក្ខព្រួយ ឬភ្នែកដែលអស់សង្ឃឹម ដែលទូលបង្គំងាយនឹងមើលរំលង ដោយសារទូលបង្គំគិតអំពីខ្លួនឯងខ្លាំងពេក ។ សូមឲ្យទូលបង្គំមានសេចក្តីស្រឡាញ់ ដែលបង្ហូរចេញ និងមានប្រភពនៅក្នុងសេចក្តីស្រឡាញ់របស់ទ្រង់ ។ សូមឲ្យទូលបង្គំស្តាប់អ្នកដទៃនិយាយ បង្ហាញសេចក្តីអាណិតរបស់ទ្រង់ ហើយនិយាយអំពីសេចក្តីពិតរបស់ទ្រង់ នៅថ្ងៃនេះ”។ – David Roper