ក្នុងអំឡុងពេលនៃការបង្ហាញអំពីការគង្វាលចៀម ដោយប្រើឆ្កែពូជបរដឺ ខូលី(Border Collie)មួយក្បាល អ្នកបង្វឹកសត្វឆ្កែនោះ បានពន្យល់ថា ដោយសារសត្វចៀមពិតជាងាយនឹងរងគ្រោះដោយសារសត្វព្រៃយ៉ាងខ្លាំង នោះពួកវាការពារខ្លួន តាមរបៀបជាចម្បងមួយ គឺដោយនៅផ្តុំគ្នាជាក្រុមមួយយ៉ាងណែន ។ អ្នកបង្វឹកនោះបានមានប្រសាសន៍ថា “សត្វចៀមដែលនៅតែឯង នឹងត្រូវស្លាប់ជាមិនខាន ។ នៅពេលសត្វឆ្កែបណ្តើរហ្វូងចៀម វាតែងតែកៀងចៀមទាំងអស់នោះ ឲ្យនៅជុំគ្នាជានិច្ច”។
សេចក្តីបង្រៀនរបស់ព្រះគម្ពីរ អំពីការដែលព្រះទ្រង់ជាអ្នកគង្វាល គឺជាការក្រើនរំឭកដ៏មានអំណាច ដែលឲ្យយើងនឹកចាំ ថាតើយើងត្រូវការគ្នាទៅវិញទៅមកខ្លាំងប៉ុណ្ណា ក្នុងសហគមន៍នៃសេចក្តីជំនឿ ។ អ្នកនិពន្ធទំនុកតម្កើងបានចែងអំពីការភាសខ្លួននៃជនជាតិអ៊ីស្រាអែល ចេញពីនគរអេស៊ីព្ទ ដោយពាក្យថា “ទ្រង់បានកៀងនាំរាស្ត្រទ្រង់ចេញដូចជាចៀម ហើយដឹកនាំគេនៅក្នុងទីរហោស្ថាន ដូចជាហ្វូងសត្វ ទ្រង់ក៏នាំគេទៅដោយសុខសាន្ត មិនឲ្យភ័យខ្លាចឡើយ តែសមុទ្របានគ្របលើពួកខ្មាំងសត្រូវគេវិញ”(ទំនុកតម្កើត ៧៨:៥២-៥៣)។
ក្នុងនាមជាផ្នែកមួយនៃហ្វូងចៀមរបស់ព្រះ យើងជាអ្នកជឿព្រះគ្រីស្ទ ហើយស្ថិតនៅក្រោមការដឹកនាំរបស់ទ្រង់ និងការការពារនៃព្រះហស្ថទ្រង់ ក្នុងខណះពេលដែលយើងស្ថិតក្នុងការហុំព័ទ្ធ ដោយវត្តមាននៃគ្រីស្ទបរិស័ទឯទៀត ដែលជួយបាំងការពារយើង ។ យើងជាផ្នែកមួយ នៃរូបកាយដែលធំជាង ដែលមានទៅដោយអ្នកជឿព្រះ ដែលក្នុងនោះ យើងមានសុវត្ថិភាព និងការទទួលខុសត្រូវ ។
យើងមិនបោះបង់ចោលការទទួលខុសត្រូវផ្ទាល់ខ្លួន ចំពោះការគិត និងការប្រព្រឹត្ត ក្នុងនាមជាសមាជិកនៃហ្វូងចៀមឡើយ ហើយទន្ទឹមនឹងនោះ យើងត្រូវតែឱបក្រសោបយកការគិត ដែលប្រើពាក្យ “យើង” ជាជាងពាក្យ “ខ្ញុំ” នៅក្នុងការរស់នៅរបស់យើងជាប្រចាំថ្ងៃ ។ យើងទទួលបាននូវសុវត្ថិភាព នៅក្នុងហ្វូងចៀម ដោយមានព្រះគ្រីស្ទជាអ្នកគង្វាលយើង និងអ្នករួមជំនឿ នៅជុំជាមួយយើង ។
-David McCasland