សណ្ឋាគារមួយ ដែលមានអាយុ៦០ឆ្នាំ កំពុងត្រូវបានគេជួសជុលកែទៅជាផ្ទះល្វែង ។ កប៉ាល់មួយគ្រឿងដែលច្រេះស៊ី ដែលគេបានចតទុកចោលនៅកំពុងផែរ កំពុងតែត្រូវបានគេស្តាឡើងវិញ ហើយអាចក្លាយជាទៅសណ្ឋាគារ ឬសារះមន្ទី ។ អាគារហេងហ្កា៦១(Hangar 61) គឺជាស្ថាបត្យកម្ម ដែលគួរឲ្យកោតសរសើរ នៅអាកាសយាន្តដ្ឋាន នៅរដ្ឋខូឡូរ៉ាដូ នៃសហរដ្ឋអាមេរិក ហើយកំពុងតែត្រូវបានគេកែប្រែឲ្យក្លាយជាព្រះវិហារមួយ ។ សំណង់អាគារនីមួយៗ គឺសុទ្ធតែមានមុខងារដ៏ជាក់លាក់របស់ខ្លួន ហើយក្រោយមក គេក៏មិនអាចប្រើប្រាស់បានតទៅទៀត ។ តែមានអ្នកដែលអាចមើលឃើញ សេចក្តីសន្យា និងគោលបំណងថ្មីមួយ នៅក្នុងសំណង់អាគារនីមួយៗ ។
បើសិនសំណង់អាគារអាចទទួលបានជីវិតថ្មី និងគោលបំណងថ្មី តើមានមូលហេតុអ្វីដែលមនុស្សមិនអាចទទួលបានយ៉ាងដូចនេះដែរ? សូមពិចារណាអំពីពួកបុរស ក្នុងព្រះគម្ពីរ ដែលជីវិតរបស់ពួកគេមានការផ្លាស់ប្តូរទិសដៅ ដោយគ្មានការរំពឹងទុកជាមុន ។ អ្នកទាំងនោះមានដូចជា លោកយ៉ាកុប ដែលបានបោកចំបាប់ជាមួយទេវតានៃព្រះអម្ចាស់(លោកុប្បត្តិ ៣២) លោកម៉ូសេ ដែលបានសន្ទនាជាមួយគុម្ពបន្លាដែលកំពុងឆេះ(និក្ខមនំ ៣) លោកប៉ុល ដែលបានខ្វាក់ភ្នែកអស់មួយរយៈពេល(កិច្ចការ ៩)។ ពួកគេមានដំណើរជីវិតផ្សេងៗពីគ្នា ប៉ុន្តែ ពួកគេទាំងអស់បានផ្លាស់ប្តូរគោលបំណងរបស់ខ្លួន នៅពេលដែលការជួបជាមួយព្រះ បាននាំឲ្យពួកគេដើរតាមផ្លូវថ្មី ។
យើងក៏អាចពិសោធន៍នឹងកាលៈទេសៈ ដែលផ្លាស់ប្តូរគោលបំណងនៃជីវិតរបស់យើងផងដែរ ។ ប៉ុន្តែ ព្រះទ្រង់រំឭកយើងថា ទ្រង់ស្រឡាញ់យើង មុនពេលយើងស្រឡាញ់ទ្រង់ ។ ទ្រង់សព្វព្រះទ័យនឹងប្រទានសេចក្តីសង្ឃឹមថ្មី និងអនាគត ។ ចូរថ្វាយទុកព្រួយទាំងអស់ដល់ទ្រង់ ព្រោះទ្រង់យកព្រះទ័យទុកដាក់ចំពោះយើង(១យ៉ូហាន ៤:១៩ យេរេមា ២៩:១១ ១ពេត្រុស ៥:៧ យ៉ូហាន ១០:១០)។
នៅពេលអ្នកនៅតែបន្តទុកចិត្តលើព្រះបន្ទូលសន្យារបស់ទ្រង់ នោះចូរទូលសូមឲ្យទ្រង់បើកសម្តែងទិសដៅថ្មី និងគោលបំណងថ្មី ដែលទ្រង់មានសម្រាប់ជីវិតអ្នក ។ – Cindy Hess Kaspe