ពេលដែលខ្ញុំភ្ជាប់ពាក្យជាមួយភរិយារបស់ខ្ញុំ ឪពុករបស់នាងបានឲ្យអំណោយដ៏ពិសេសមួយ សម្រាប់អាពាហ៍ពិពាហ៍របស់យើង ។ ក្នុងនាមជាអ្នកផលិតនាឡិកា និងគ្រឿងអល្ល័ង្កា គាត់បានធ្វើជញ្ជៀនសម្រាប់មង្គលការរបស់យើង ។ គាត់បានធ្វើជញ្ជៀនសម្រាប់ខ្ញុំ ដោយប្រើកម្ទេចមាស ដែលសល់ពីការកែទំហុំនៃជញ្ជៀនដទៃទៀត និងហាក់ដូចជាមិនសូវមានតម្លៃ ។ ប៉ុន្តែ នៅពេលដែលកម្ទេចមាសទាំងនោះ នៅក្នុងដៃនៃសិប្បករម្នាក់នេះ គាត់បានធ្វើឲ្យកម្ទេចទាំងនោះ ក្លាយទៅជាវត្ថុដ៏ស្រស់ស្អាត ដែលខ្ញុំបានស្រឡាញ់យ៉ាងខ្លាំង រហូតមកដល់ថ្ងៃនេះ ។ គឺពិតជាអស្ចារ្យណាស់ ដែលសិប្បករដ៏ជំនាញម្នាក់ អាចកែច្នៃវត្ថុ ដែលអ្នកដទៃប្រហែលជាយល់ថា គ្មានប្រយោជន៍នោះ ។
ព្រះទ្រង់ក៏បានធ្វើការនៅក្នុងជីវិតរបស់យើង តាមរបៀបនេះផងដែរ ។ ទ្រង់គឺជាសិប្បករដែលមានជំនាញអស្ចារ្យបំផុត ដែលបានប្រមូលកម្ទេចដែលគ្មានប្រយោជន៍ និងបែកបាក់ នៃជីវិតរបស់យើង ដើម្បីស្អាងឡើងវិញ ឲ្យមានតម្លៃ និងមានន័យ ។ លោកហោរាយេរេមា បានបកស្រាយអំពីរឿងនេះ ដោយប្រដូចព្រះរាជកិច្ចរបស់ព្រះ ទៅនឹងការដែជាងស្មូនសូនដីឥដ្ឋ យ៉ាងដូចនេះថា “បើកាលណា ភាជនៈដែលគាត់កំពុងធ្វើពីដីឥដ្ឋបានខូចនៅដៃគាត់ នោះក៏ធ្វើឡើងជាភាជនៈផ្សេងទៀតវិញ តាមដែលគាត់យល់ឃើញថាគួរ(យេរេមា ១៨:៤)។”
ទោះបីជាយើងបានធ្វើឲ្យជីវិតខ្លួនឯង មានភាពរញេរញ៉ៃយ៉ាងណាក៏ដោយ ក៏ព្រះនៅតែអាចសូនយើងឲ្យក្លាយជាភាជនៈ ជាទីគាប់ព្រះទ័យទ្រង់ ។ កាលណាយើងលន់តួបាប ហើយចុះចូល ដោយស្តាប់បង្គាប់តាមព្រះបន្ទូលទ្រង់ នោះគឺមានន័យថា យើងបានអនុញ្ញាតឲ្យព្រះដ៏ជាម្ចាស់ ធ្វើការប្រោសលោះ នៅក្នុងជីវិតរបស់យើង(២ធីម៉ូថេ ២:២១)។ គឺមានតែតាមមធ្យោបាយនេះប៉ុណ្ណោះ ដែលកម្ទេច នៃភាពបែកបាក់របស់យើង អាចមានភាពពេញលេញ និងល្អប្រសើរឡើងវិញបាន ។ -Bill Crowder