ទឹកជ្រោះណាយអាការ៉ា ហ៊្វលស៍(Niagara Falls) ស្ថិតក្នុងចំណោមទីកន្លែងដ៏អស្ចារ្យបំផុត ដែលព្រះបានបង្កើត នៅក្នុងធម្មជាតិ ហើយនៅជ្រុងម្ខាងនៃទឹកជ្រោះនោះ មានសួនច្បាររុក្ខសាស្រ្តមួយ ដែលមានសោភ័ណ្ឌភាពស្រស់ស្អាតអស្ចារ្យ ។ សួនច្បារនោះមានឈ្មោះដែលមានន័យថា ផ្ទះពិពណ៌ផ្កា ។ សួនច្បារនោះគឺជាផ្ទះពណ៌បែតង ដែលមានដើមផ្កា និងមានរុក្ខជាតិដ៏កម្រជាច្រើនមុខ ។ ម្យ៉ាងវិញទៀត ក្រៅពីពពួកផ្កា ដែលខ្ញុំបានសង្កេតមើលជាមួយភរិយាខ្ញុំ មានការមួយទៀត ដែលយើងចាប់អារម្មណ៍ដែរនោះ គឺពាក្យដែលគេសរសេរអំពីទីកន្លែង ។
នៅទីនោះ គេសរសេរពាក្យមួយឃ្លាថា “សូមប្រិយ៍មិត្តអញ្ជើញចូលទស្សនាស្នាព្រះហស្ថដ៏ស្រស់ស្អាតរបស់ព្រះ ដែលជាក្បាច់រចនា នៅលើផែនដី”។ នេះគឺពិតជាការបកស្រាយដ៏គួរឲ្យស្ងប់ស្ងែង អំពីរបៀបដែលព្រះទ្រង់បានប្រទានពរ ឲ្យពិភពលោកនេះ មានសោភ័ណ្ឌភាពដ៏អស្ចារ្យយ៉ាងនេះ !
ព្រះទ្រង់បានបង្កើត “ក្បាច់រចនានៅលើផែនដី” ផ្សេងៗជាច្រើនទៀត ដែលរួមមានព្រៃទឹកភ្លៀង ដែលមានរុក្ខជាតិបៃតងជាច្រើន នៅប្រទេសប្រេស៊ីល សម្រស់ដ៏ត្រជាក់នៅផែនទឹកកក នៃរង្វង់តំបន់ប៉ូល វាលស្រែស្រូវសាឡីដ៏ធំល្វឹងល្វើយ នៅវាលទំនាបនៃអាមេរិកខាងជើង និងតំបន់សេរេនកេធី(Ser-engeti) ដែលជាទឹកដីដ៏មានជីជាតិដ៏ធំធេង នៅអាហ្វ្រិក ។ តំបន់ទាំងនេះ គឺដូចជាតំបន់ដែលបានពិពណ៌នា នៅក្នុងព្រះគម្ពីរ អេសាយ ៤១ ដែលបានរំឭក ឲ្យយើងសរសើរតម្កើងព្រះ ដោយព្រោះស្នាព្រះហស្ថដ៏អស្ចារ្យ ។
ព្រះគម្ពីរក៏បានរំឭកឲ្យយើងដឹងផងដែរថា ភាពអស្ចារ្យនៃរុក្ខជាតិនីមួយៗ គឺជាផ្នែកមួយនៃព្រះរាជកិច្ចរបស់ព្រះ ។ ព្រះទ្រង់បានផាត់ពណ៌ឲ្យពិភពលោកមានសម្រស់ដ៏ត្រចះត្រចង់ ដោយបង្កើតរុក្ខជាតិដ៏ស្រស់ស្អាតជាច្រើន ដែលរាប់ចាប់ពី ផ្កាកុលាប(អេសាយ ៣៥:១) ផ្កាឈូក(ម៉ាថាយ ៦:២៨) រហូតដល់ដើមតាត្រៅ ដើមនាងនួន ដើមកកោះ និងដើមស្រល់(អេសាយ ៤១:១៩-២០)។ ចូរអរសប្បាយនឹងភាពអស្ចារ្យនេះ ហើយចូរចំណាយពេលសរសើរតម្កើងព្រះ ដោយព្រោះ “ក្បាច់រចនានៅលើផែនដី”ចុះ ។ – Dave Branon