លោកកស្ទីវិន វីលសៀ(Steven Wiltshire) ត្រូវបានគេឲ្យរហ័សនាមថា “មនុស្សកាមីរ៉ា” ដោយសារគាត់មានសមត្ថភាពដ៏អស្ចារ្យ នៅក្នុងការរំឭកឡើងវិញជាលម្អិត នូវអ្វីក៏ដោយ ដែលគាត់បានឃើញ ហើយបន្ទាប់មក គាត់ក៏គួររូបតាមការចងចាំនោះ ។ ឧទាហរណ៍ បន្ទាប់ពីលោកស្ទីវិនបានជិះយន្តហោះកាត់ពីលើទីក្រុងរ៉ូម គេក៏បានសុំឲ្យគាត់គូរូបផ្នែកកណ្តាលនៃទីក្រុងនេះ នៅលើក្រដាសទទេមួយសន្លឹក ។ ពិតជាគួរឲ្យស្ងប់ស្ងែងណាស់ គាត់បានគូរូបតាមការចងចាំរបស់គាត់ បានយ៉ាងត្រឹមត្រូវ និងច្បាស់លាស់ ដែលមានដូចជារូបផ្លូវក្រងិចក្រងុក អាគារ បង្អូចអាគារ និងរូបភាពលម្អិតជាច្រើនទៀត ។
សមត្ថភាពចងចាំរបស់លោកវីលសៀគឺពិតជាគួរឲ្យកត់សំគាល់មែន ។ ប៉ុន្តែ នៅមានសមត្ថភាពចងចាំមួយប្រភេទទៀត ដែលកាន់តែអស្ចារ្យ ហើយសំខាន់ជាងទៅទៀត ។ មុនពេលព្រះយេស៊ូវយាងឡើងនគរស្ថានសួគ៌វិញ ទ្រង់បានសន្យាពួកសាវ័កថា ទ្រង់នឹងចាត់ឲ្យព្រះវិញ្ញាណយាងចុះមក ដើម្បីឲ្យពួកគេមានការចងចាំដ៏អស្ចារ្យ អំពីការអ្វីដែលទ្រង់បានមានបទពិសោធន៍ គឺដូចដែលមានចែងថា “តែព្រះដ៏ជាជំនួយ គឺជាព្រះវិញ្ញាណបរិសុទ្ធ … នឹង … រំឭកពីគ្រប់ទាំងសេចក្តី ដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាដែរ”(យ៉ូហាន ១៤:២៦)។
ពួកសាវ័កបានស្តាប់ឮសេចក្តីបង្រៀនដ៏អស្ចារ្យនៃព្រះគ្រីស្ទ ។ ពួកគេបានឮទ្រង់បង្គាប់មនុស្សខ្វាក់ឲ្យមើលឃើញ មនុស្សថ្លង់ឲ្យស្តាប់ឮ ហើយមនុស្សស្លាប់ឲ្យរស់ឡើងវិញ ។ ប៉ុន្តែ នៅពេលអ្នកនិពន្ធកណ្ឌគម្ពីរដំណឹងល្អ បានកត់ទុកនូវហេតុការណ៍ទាំងអស់នេះ ពាក្យរបស់ពួកគេមិនត្រូវបានសរសេរឡើង តាមការចងចាំរបស់មនុស្ស ដែលមានអំណោយទាននោះឡើយ ។ ការកត់ត្រារបស់ពួកគេ គឺបានទទួលការបណ្តាលពីព្រះដ៏ជាជំនួយ ដែលជួយឲ្យពួកគេកត់ទុកនូវជីវប្រវត្តិនៃព្រះយេស៊ូវ បានយ៉ាងត្រឹមត្រូវ ហើយអាចទុកចិត្តបាន ។
ចូរជឿជាក់លើព្រះគម្ពីរ ដោយគ្មានការសង្ស័យ ។ ព្រះគម្ពីរត្រូវបាននិពន្ធ ដោយមានការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធ ដែលជា“កាមីរ៉ានៃព្រះ” ។ – Dennis Fisher