ការរកកំហុសអ្នកដទៃ ជាទម្លាប់ពីអតីតកាលដ៏ពេញនិយម ហើយគួរឲ្យស្តាយណាស់ ដែលមនុស្សជាច្រើនងាយនឹងប្រឡូកនៅក្នុងការនេះដែរ ។ ការផ្តោតទៅលើកំហុសរបស់អ្នកដទៃ គឺជាវិធីដ៏អស្ចារ្យ ដែលធ្វើឲ្យយើងមានអារម្មណ៍ថា ខ្លួនឯងមានភាពល្អប្រសើរជាងមុន ។ ប៉ុន្តែ នោះមិនមែនជាវិធីដ៏ត្រឹមត្រូវទេ ។ ការខំគេចចេញពីកំហុស ដែលយើងត្រូវដោះស្រាយ នៅក្នុងជីវិតរបស់យើង គឺមិនគ្រាន់តែជាឧបស័គ្គ នៃការរីកលូតលាស់ខាងវិញ្ញាណរបស់យើងប៉ុណ្ណោះឡើយ ប៉ុន្តែ ថែមទាំងរារាំងមិនឲ្យព្រះធ្វើការរបស់ទ្រង់ តាមរយៈយើងផងដែរ ។ ប្រសិទ្ធិភាពនៃកិច្ចការ ដែលទ្រង់ធ្វើតាមរយៈជីវិតយើង គឺត្រូវបានធ្វើឲ្យកាន់តែប្រសើរឡើង ឬត្រូវបានរារាំង ដោយរបៀបនៃការរស់នៅរបស់យើង ។
ហេតុដូចនេះហើយ បានជាសាវ័កប៉ុល បានខិតខំជៀសវាង “ការបង្អាក់បង្អន់ចិត្តដល់អ្នកណាក្នុងកិច្ចការណាមួយ”(២កូរិនថូស ៦:៣)។ សម្រាប់គាត់ គ្មានអ្វីដែលសំខាន់ជាងការធ្វើឲ្យខ្លួនឯងមានប្រយោជន៍សម្រាប់ព្រះគ្រីស្ទ ដោយជួយដល់ជីវិតអ្នកដទៃ ។ គាត់នៅតែអាចធ្វើឲ្យខ្លួនមានប្រយោជន៍ ទោះជាមានអ្វីមកបង្អាក់ក៏ដោយ ។
បើសិនជាអ្នកចង់ក្លាយជាគ្រីស្ទបរិស័ទដ៏ពិត ហើយមានប្រយោជន៍សម្រាប់ព្រះ នោះសូមគិតអំពីបញ្ជីនៃឧបស័គ្គចុះ ។ ជួនកាល ឧបស័គ្គគឺជាអ្វី ដែលមានភាពត្រឹមត្រូវនៅក្នុងបរិបទណាមួយ តែមិនត្រឹមត្រូវនៅក្នុងបរិបទផ្សេងទៀតឡើយ ។ ទោះជាយ៉ាងណាក៏ដោយ អំពើបាបគឺពិតជាការបង្អាក់ដល់អ្នកដទៃ ។ ការនិយាយដើម ការនិយាយបង្ខូច អំណួត ភាពល្វីងជូរចត់ ភាពលោភលន់ ការបំពាន ការបញ្ចេញកំហឹង ភាពអាត្មានិយម និងការសងសឹក គឺសុទ្ធតែបានធ្វើឲ្យអ្នកនៅជុំវិញយើង មិនព្រមបើកចិត្ត ទទួលព្រះបន្ទូលព្រះ តាមរយៈយើងឡើយ ។
ដូចនេះ សូមជំនួសសេចក្តីកំហុសរបស់អ្នក ដោយផ្លូវដ៏អស្ចារ្យរបស់ព្រះយេស៊ូវចុះ ។ ការនេះនឹងនាំឲ្យអ្នកដទៃ មើលឃើញព្រះសង្គ្រោះ “ដែលគ្មានកំហុស” គឺឃើញកាន់តែច្បាស់ ។ – Joe Stowell