អ្នកប្រហែលជាមិនហៅខ្លួនឯងថា ពួកបរិសុទ្ធឡើយ ប៉ុន្តែ ជាញឹកញាប់ សាវ័កប៉ុលបានហៅអ្នកជឿព្រះថា “ពួកបរិសុទ្ធ” ក្នុងព្រះគម្ពីរសញ្ញាថ្មី(អេភេសូរ ១:១ កូល៉ុស ១:២)។ តើគាត់ហៅពួកគេថា ពួកបរិសុទ្ធ ដោយសារពួកគេល្អឥតខ្ចោះឬ? ទេ គឺមិនយ៉ាងដូច្នោះទេ ។ ពួកគេគឺជាមនុស្ស ដូចនេះ ពួកគេមានបាប ។ តើហេតុអ្វីបានជាគាត់ហៅពួកគេយ៉ាងដូចនេះ? ក្នុងព្រះគម្ពីរសញ្ញាថ្មី ពាក្យ ពួកបរិសុទ្ធ គឺមានន័យថា អ្នកដែលត្រូវបានញែកចេញសម្រាប់ព្រះ ។ ពាក្យនេះ គឺសំដៅទៅលើអ្នកដែលមានការរួបរួមខាងវិញ្ញាណ ជាមួយព្រះគ្រីស្ទ(អេភេសូរ ១:៣-៦)។ ពាក្យនេះគឺមានន័យដូចជាពាក្យ អ្នកជឿព្រះម្នាក់ៗ នៅក្នុងព្រះយេស៊ូវ(រ៉ូម ៨:២៧) និងអ្នកដែលផ្តុំគ្នាបង្កើតជាពួកជំនុំ(កិច្ចការ ៩:៣២)។
តាមរយៈអំណាចនៃព្រះវិញ្ញាណ ពួកបរិសុទ្ធមានការទទួលខុសត្រូវ នៅក្នុងការរស់នៅ ឲ្យសក្តិសមនឹងការត្រាសហៅដែលខ្លួនបានទទួល ។ ពួកគេត្រូវមានលក្ខណៈដូចនេះ គឺមិនត្រូវមានភាពអសីលធម៌ផ្លូវភេទ និងពាក្យសម្តីមិនសមរម្យឡើយ(អេភេសូ ៥:៣-៤)។ យើងត្រូវមានលក្ខណៈសម្បត្តិថ្មីៗ ដែលមានដូចជា ភាពជាអ្នកបម្រើគ្នាទៅវិញទៅមក(រ៉ូម ១៦:២) ការបន្ទាបខ្លួន សេចក្តីសុភាព ភាពអត់ធ្មត់ សេចក្តីស្រឡាញ់ ការរួបរួមនៃព្រះវិញ្ញាណ សេចក្តីរួបរួមគ្នារបស់ព្រះវិញ្ញាណ ដោយសេចក្តីមេត្រី ទុកជាចំណងផង(អេភេសូ ៤:១-៣) ការស្តាប់បង្គាប់ និងការទ្រាំទ្រ ក្នុងពេលមានទុកលំបាក ឬសេចក្តីវេទនា(វិវរណ: ១៣:១០ ១៤:១២)។ ក្នុងព្រះគម្ពីរសញ្ញាចាស់ អ្នកនិពន្ធព្រះគម្ពីរទំនុកតម្កើងបានហៅពួកបរិសុទ្ធថាជា “ជាពួកប្រសើរ ដែលគាប់ចិត្តទូលបង្គំគ្រប់ជំពូក”(ទំនុកតម្កើង ១៦:៣)។
ការរួបរួមរបស់យើងជាមួយព្រះគ្រីស្ទ ធ្វើឲ្យយើងក្លាយជាពួកបរិសុទ្ធ ប៉ុន្តែ ការស្តាប់បង្គាប់របស់យើង ចំពោះព្រះបន្ទូលព្រះ តាមរយៈអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ បានធ្វើឲ្យយើងមានលក្ខណៈ សម្បត្តិជាពួកបរិសុទ្ធ ។ – Marvin William