លោកខាល រ៉ាបេឌ័រ(Karl Rabeder) ជាជនជាតិអូទ្រីស ដែលមានអាយុ៤៧ឆ្នាំ ដែលបានបរិច្ចាកទ្រព្យសម្បត្តិទាំងអស់របស់ខ្លួន ដែលមានតម្លៃរាប់លានផោន បន្ទាប់ពីគាត់បានសន្និដ្ឋានថា ទ្រព្យធន និងការចាយវាយខ្ជះខ្ជាយរបស់គាត់ កំពុងរារាំងមិនឲ្យគាត់មានជីវិត និងសុភមង្គលពិត ។ គាត់បានប្រាប់ក្រុមហ៊ុនកាសែតមួយថា “ខ្ញុំមានអារម្មណ៍ថា ខ្ញុំកំពុងធ្វើការដូចទាសករ ដើម្បីទទួលបាននូវរបស់អ្វី ដែលខ្ញុំមិនបានប្រាថ្នាចង់បាន ឬមិនត្រូវការ ។ ខ្ញុំមានការភ្ញាក់ផ្អើមបំផុត ក្នុងមួយជីវិតនេះ នៅពេលបានដឹង ថាតើរបៀបរស់នៅកម្រឹតផ្កាយប្រាំ មានភាពគួរឲ្យស្អប់ខ្ពើម គ្មានលក្ខណៈជាមនុស្ស និងគ្មានមនោសញ្ចេតនាខ្លាំងប៉ុណ្ណា”។ សព្វថ្ងៃនេះ គាត់បានបរិច្ចាកលុយដល់បណ្តាកម្មវិធីមនុស្សធម៌ ដែលគាត់បានបង្កើត ដើម្បីជួយប្រជាជននៅតំបន់អាមេរិកឡាទិន ។
ព្រះគម្ពីរសុភាសិតជំពូក ៤ បានលើកទឹកចិត្តយើង ឲ្យពិចារណាយ៉ាងប្រុងប្រយ័ត្ន អំពីផ្លូវនៃជីវិតរបស់ខ្លួន ។ គឺមានផ្លូវនៃមនុស្សដែលមានសេរីភាព ផ្លូវនៃពួកបរិសុទ្ធ និងគ្មានសេចក្តីងងឹត និងផ្លូវរបស់ពួកមនុស្សអាក្រក់ ដែលមានទៅដោយការភ័ន្តច្រឡំ(ខ.១៩)។ “ចូរឲ្យចិត្តកូនរក្សាទុកអស់ទាំងពាក្យរបស់ឪពុកចុះ ចូររក្សាអស់ទាំងបណ្តាំរបស់អញ ដើម្បីឲ្យកូនបានរស់នៅ”(ខ.៤)។ “ចូររក្សាចិត្ត ដោយអស់ពីព្យាយាម ដ្បិតអស់ទាំងផលនៃជីវិត សុទ្ធតែចេញពីក្នុងចិត្តមក”(ខ.២៣)។ “ត្រូវឲ្យពិចារណាផ្លូវដែលជើងឯងដើរ ហើយចាត់ចែងឲ្យអស់ទាំងផ្លូវឯងបានត្រឹមត្រូវចុះ”(ខ.២៦)។ បទគម្ពីរនីមួយៗខាងលើ សុទ្ធតែលើកទឹកចិត្តយើង ឲ្យធ្វើការវាយតម្លៃ ថាតើខ្លួនឯងកំពុងស្ថិតនៅកន្លែងណា នៅក្នុងជីវិត ។
គ្មាននរណាម្នាក់ ដែលចង់ធ្វើដំណើរឆ្លងកាត់ជីវិត តាមផ្លូវអាត្មានិយម និងគ្មានសេចក្តីស្រឡាញ់នោះឡើយ ។ ទោះជាយ៉ាងណាក៏ដោយ ការនេះអាចកើតឡើងបាន បើសិនជាយើងមិនពិចារណា អំពីទីកន្លែង ដែលយើងធ្វើដំណើរឆ្ពោះទៅរក នៅក្នុងជីវិត ហើយទូលសូមឲ្យព្រះអម្ចាស់នាំផ្លូវយើងទេ នោះ ។ សូមឲ្យទ្រង់ប្រទានយើងនូវព្រះគុណទ្រង់ នៅថ្ងៃនេះ ដើម្បីក្រសោបយកព្រះបន្ទូលទ្រង់ ហើយដើរតាមទ្រង់ ឲ្យអស់ពីចិត្ត ។ – David McCasland