វិញ្ញាណដែលអាចទទួលការបង្រៀន

មុន​ពេលដែល​​ព្រះ​វិហារ​របស់​យើង​ជិត​ចាប់​ផ្តើម​កម្មវិធី​ថ្វាយ​បង្គំ ខ្ញុំ​បាន​ស្តាប់​ឮ​បុរស​វ័យ​ក្មេង​ម្នាក់ កំពុង​ជជែក​ជា​មួយ​ម្តាយ​របស់​គាត់ នៅ​ខាង​ក្រោយ​ខ្នង​ខ្ញុំ ។​ ពួក​គេ​កំពុង​អាន​សេចក្តី​ប្រកាស​នៅ​ក្នុង​ក្រដាស​កម្មវិធី​ថ្វា​យបង្គំ ដែល​​​លើក​ទឹក​ចិត្ត​ឲ្យ​អាន​​ព្រះគម្ពីរ​សុភាសិត ក្នុង​មួយ​ថ្ងៃ​ឲ្យ​បាន​មួយ​ជំពូក ចាប់​ពី​ខែ​កក្កដា និង​សីហា ។​ គាត់​បាន​សួរ​ម្តាយ​គាត់​ថា “តើ​យើង​នឹង​អាន​ជំពូក​៣១ នៅ​ក្នុង​ខែ​សីហា យ៉ាង​ដូច​ម្តេច​នឹង​បាន បើ​ក្នុង​ខែ​នោះ​មាន​តែ​៣០​ថ្ងៃ​ទេ?” ម្តាយ​គាត់​ក៏​ឆ្លើយ​ថា គាត់​ស្មាន​ថា ខែ​សីហា​មាន​៣១​ថ្ងៃ ។​ គាត់​តប​វិញ​ថា “ទេ មាន​តែ​៣០​ថ្ងៃ​ទេ”។

នៅ​ពេល​កម្មវិធី​ថ្វាយ​បង្គំ ឈាន​ចូល​ដល់​ពេល​ដែល​យើង​ត្រូវ​ជម្រាប​សួរ​គ្នា​ទៅ​​វិញ​ទៅ​មក ខ្ញុំ​ក៏​បាន​បែរ​ក្រោយ​ទៅ​រក​គាត់ ហើយ​និយាយ​ថា សួរស្តី ។​​ បន្តាប់​មក ខ្ញុំ​ក៏​និយាយ​ទៅ​កាន់​គាត់​ថា “ខែ​សីហា​ពិត​ជា​មាន​៣១​ថ្ងៃ​មែន”។ គាត់​ប្រកែក​ថា “ទេ មិន​មែន​ទេ ។​ ខែ​ពីរ​​ដែល​នៅ​បន្ទាប់​​គ្នាមិនអាច មាន​រយៈពេល​៣១​ថ្ងៃ​ដូច​គ្នា​បាន​ទេ”។ ការ​​ច្រៀង​សរសើរ​តម្កើង​ព្រះក៏​បន្លឺ​ឡើង ដូចនេះ​ខ្ញុំ​ក៏​គ្រាន់​តែ​ញញឹម​ដាក់​គាត់ ។​

ការ​ជជែក​​គ្នា​​ដ៏​​ខ្លី​​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​គិត​អំពីភាព​ចាំ​បាច់​នៃ​ការ​មាន​វិញ្ញាណ ​ដែល​អាច​ទទួល​ការ​បង្រៀន ដែល​​ស្វែង​រក​ប្រាជ្ញាដែល​ខ្លួន​មិន​មាន ។​ ក្នុង​ព្រះ​គម្ពីរ​សុភាសិត ជំពូក៣ អាកប្ប​កិរិយ៉ា​ដែល​ឪពុក​ចង់​ឲ្យ​កូន​ប្រុស​របស់​គាត់​មាន គឺ​កា​រ​បន្ទាប​ខ្លួន ដូច​ដែល​មាន​ចែង​ថា “ កុំ​ឲ្យ​មើល​ខ្លួន​ថា​មាន​ប្រាជ្ញា​ឡើយ ចូរ​កោតខ្លាច​ដល់​ព្រះយេហូវ៉ា​វិញ”(ខ.៧)។ ​ក្នុង​ជំពូក ២ គាត់​ប្រាប់​កូន​គាត់​ថា “ដើម្បី​ឲ្យ​បាន​ប្រុង​ត្រចៀក​ស្តាប់​តាម​ប្រាជ្ញា … ហើយ​ស្វែង​រក​ដូច​ជា​រក​កំណប់​ទ្រព្យ”(ខ.២,៤)។

ការ​ដឹង​ ថា​តើ​ខែ​សីហា មាន​ពេល​៣០​ថ្ងៃ ឬ​៣១​ថ្ងៃ​ក៏​អត់ គឺ​មិន​សូវ​សំខាន់​ទេ ប៉ុន្តែ ការ​មាន​វិញ្ញាណ​ដែល​អាច​ទទួល​ការ​បង្រៀន ទើប​ពិត​ជាកា​រ​ដែល​សំខាន់ ។ ​ វា​នឹង​ជួយ​ឲ្យ​យើង​ទទួល​បាន​នូវ​ប្រាជ្ញា​ពី​ព្រះ និង​ពី​អ្នក​ដទៃ ។​ ដូចនេះ យើង​អាច​ចាប់​ផ្តើម​អាន​ព្រះ​គម្ពីរ​សុភាសិត ក្នុង​មួយ​ថ្ងៃ​ឲ្យ​បាន​មួយ​ជំពូក នៅ​ក្នុង​ខែ​ក្រោយ ។ – Anne Cetas

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles