ការរកឃើញក្រាំង

មាន​ពេល​មួយ នៅ​ថ្ងៃ​អាទិត្យ នៅ​ព្រះ​វិហារ​ដែល​ខ្ញុំ​ដឹក​នាំ ខ្ញុំ​បាន​អញ្ចើញ​កុមារ​បីនាក់ ឲ្យ​​ស្វែង​រក​ក្រាំង​មួយ​ចំនួន ដែល​​​មាន​សរសេរ​ខ​គម្ពីរ​ពី​លើ គឺ​ក្រាំង​ដែល​ខ្ញុំ​បាន​លាក់​នៅ​ក្នុង​មជ្ឈមណ្ឌល​ថ្វាយ​បង្គំ​របស់​យើង ។​ ខ្ញុំ​បាន​ប្រាប់​ពួក​គេ​ថា នៅ​ពេ​ល​ពួក​គេ​រក​ក្រាំង​នោះ​ឃើញ ហើយ​​អាន​​ខ​​គម្ពីរ​​នោះឲ្យ​ឮៗ នោះ​ខ្ញុំ​នឹង​ឲ្យ​រង្វាន់​​ពួក​គេ ។​ បើ​សិន​ជា​អ្នក​បាន​ឃើញ​ក្មេង​ទាំង​នោះ​ស្វែង​រក​ក្រាំងនៅ​ពេល​នោះ មិន​ដឹង​ជា​​ប្រសើរ​​យ៉ាង​ណា​ទេ! ព្រោះ​ពួក​គេបាន​​រ​ត់ រំគិល​កៅ​អី ហើយ​រក​មើល​ក្នុង​គុម្ពផ្កា​ និង​​​នៅ​​​ក្នុង​​​កាបូប​​លុយ(ដោយ មានការអនុញ្ញាតិ)។ ពួក​គេ​បាន​ស្វែង​រក​​ក្រាំងនោះ ដោយ​ការប្រឹង​ប្រែង​យ៉ាង​ខ្លាំង តែ​ពួក​គេ​ក៏​មាន​ចិត្ត​រំភើប​រីករាយ​ផងដែរ ។ ​ការ​ព្យាយាម​ស្វែង​រក​របស់​ពួក​គេ និង​ការ​រក​ឃើញ​ក្រាំង​ទាំង​នោះ បាន​នាំ​ឲ្យ​មាន​អំណរ ក្នុង​ចំណោម​ពួក​ក្មេងៗ ការ​បញ្ជាក់​​ដល់​ពួក​ជំនុំ​របស់​យើង និង​ការ​យល់​ដឹង​ជា​ថ្មី​ម្តង​ទៀត អំពី​សារៈ​សំខាន់​នៃ​ព្រះ​បន្ទូល​ព្រះ។​

ព្រះ​គម្ពីរ ២​ពង្សាវតាក្សត្រ ២២-២៣ បាន​ចែង​ឲ្យ​យើង​ដឹង អំពី​របៀប​ដែល​​ស្តេច​យ៉ូសៀស និង​ប្រជាជន​នៃ​នគរ​យូដា​បាន​រក​ឃើញ​ឡើង​វិញ​ នូវ​សេចក្តី​អំណរ និង​សារៈ​សំខាន់​នៃ​ព្រះប​ន្ទូល​ព្រះ ។​ ក្នុង​អំឡុង​ពេល​នៃ​ការ​ជុស​ជួល​ព្រះ​វិហារ លោក​ហ៊ីលគីយ៉ា ដែល​ជា​សម្តេច​សង្ឃ បាន​រក​ឃើញ​ក្រាំង​គម្ពីរ​ក្រឹត្យ​វិន័យ ។​ ក្រាំង​គម្ពីរ​នោះ​ប្រាកដជា​បាន​បាត់ ឬ​លាក់​ទុក​នៅ​ក្នុង​រជ្ជកាល​នៃ​ស្តេច​ម៉ានាសេ​ហើយ ។​ បន្ទាប់​ពី​គេ​អាន​ក្រាំង​នោះ​ឲ្យ​ស្តេច​យ៉ូសៀស​ស្តាប់ ទ្រង់​ក៏​បាន​ស្តាប់ ហើយ​ឆ្លើយ​តប​ចំពោះ​ក្រាំង​នោះ​(ខ.១០-១១)។ ទ្រង់​បាន​ព្យាយាម​ស្វែង​យល់​ជា​បន្ថែម អំពី​ក្រាំង​នោះ(ខ.១២-២០) ហើយ​ទ្រង់​ក៏​បាន​ដឹក​នាំ​ពួក​ប​ណ្តា​ជន ឲ្យ​មាន​ការប្តេជ្ញា​ចិត្ត​ឡើង​វិញ ចំពោះ​សារៈសំខាន់​នៃ​ព្រះ​បន្ទូល​ព្រះ នៅ​ក្នុង​ជីវិត​ពួក​គេ​(​២៣:១-៤)។

សព្វ​ថ្ងៃ​នេះ មាន​មនុស្ស​ជា​ច្រើន មាន​ឱកាស​អាន​ព្រះប​ន្ទូល​ព្រះ ដែល​ពី​​សម័យ​មុន​មក មិន​ដែល​មាន​ឱកាស​ច្រើន​ដូច​នេះ​ទេ ។ ចូរ​យើង​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត​ជា​ថ្មី នៅក្នុ​ង “ការ​ស្វែង​រក​ព្រះ​បន្ទូល​ទ្រង់” ជា​រៀង​រាល់​ថ្ងៃ ហើយ​បង្ហាញ​ឲ្យ​គេ​ដឹង​អំពី​សារៈសំខាន់​នៃ​ព្រះ​បន្ទូល​ទ្រង់​ តាម​រយៈទី​បន្ទាល់​នៃ​ជីវិត​របស់​យើង ។​ – Marvin Williams

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles