ពេលដែលខ្ញុំបានឃើញរថយន្តម៉ាកហ្វត សាន់ដឺបឺត(Ford Thunderbird) សារីឆ្នាំ១៩៦២ ជាលើកដំបូង ខ្ញុំក៏បានចាប់ចិត្តស្រឡាញ់ឡាននេះតែម្តង ។ ឡាននេះមានរាងឆើតឆាយ ភ្លឺរលោង ។ នៅពេលខ្ញុំបានមើលឃើញឡានម៉ាកនេះ នៅហាងលក់រថយន្តដែលគេបានប្រើហើយ ខ្ញុំឃើញផ្នែកខាងក្រៅរបស់វាមានសភាពភ្លឺរលោង ហើយផ្នែកខាងក្នុងដ៏អស្ចារ្យរបស់វា បានធ្វើឲ្យខ្ញុំចាប់ចិត្តយ៉ាងខ្លាំង ។ ខ្ញុំបានដឹងថា ឡាននេះគឺសម្រាប់ខ្ញុំហើយ ។ ដូចនេះខ្ញុំក៏បានបង់ប្រាក់ ដើម្បីទិញឡាន ជាឡើងដំបូង ។
ទោះជាយ៉ាងណាក៏ដោយ មានបញ្ហាមួយ ដែលបានបង្កប់ខ្លួននៅក្នុងរបស់ទ្រព្យ ដែលខ្ញុំបានឲ្យតម្លៃយ៉ាងខ្លាំងនេះ ។ បន្ទាប់ពីខ្ញុំបានទិញវា បានពីរខែ ខ្ញុំក៏បានដឹងថា ខ្ញុំអាចបើកវាទៅមុខបាន តែមិនអាចបើកថយក្រោយបានឡើយ ។
ទោះបីជាឡានមានបញ្ហា នៅពេលវាមិនអាចបើកថយក្រោយក៏ដោយ ក៏ជួនកាល វាជាការប្រសើរណាស់ ដែលយើងមានលក្ខណៈដូចឡានចាស់របស់ខ្ញុំ ខ្លះៗដែរ ។ យើងចាំបាច់ត្រូវទៅមុខជានិច្ច ដោយមិនត្រូវឲ្យជីវិតមានការត្រឡប់ថយក្រោយឡើយ ។ នៅក្នុងការដើរជាមួយព្រះយេស៊ូវ យើងចាំបាច់ត្រូវបដិសេធ មិនព្រមត្រឡប់ថយក្រោយ គឺដូចដែលសាវ័កប៉ុលបានបង្រៀនថា យើងត្រូវ “រត់តម្រង់ទៅឯទី”(ភីលីព ៣:១៤)។
ពួកកូនចៅអ៊ីស្រាអែលប្រហែលជាអាចយកគំរូ តាមប្រអប់លេខរបស់ឡានខ្ញុំផងដែរ ។ នៅក្នុងព្រះគម្ពីរនិក្ខមនំ ជំពូក១៦ ពួកគេកំពុងប្រឈមមុខនឹងគ្រោះថ្នាក់ ដោយសារពួកគេចង់ឲ្យជីវិតរបស់ខ្លួនត្រឡប់ទៅរកសភាពដើមវិញ ។ ទោះបីជាព្រះទ្រង់បានធ្វើការអស្ចារ្យជាច្រើនក៏ដោយ ក៏ពួកគេនៅតែប្រាថ្នាចង់បានជីវិត ដូចកាលនៅនគរអេស៊ីព្ទ ហើយមិនបានជឿថា ទ្រង់អាចដឹកនាំពួកគេឲ្យទៅមុខឡើយ ។
យើងចាំបាច់ត្រូវបន្តបោះជំហានទៅមុខជានិច្ច នៅក្នុងការដើរជាមួយព្រះយេស៊ូវ ។ កុំត្រឡប់ថយក្រោយឡើយ ។ ចូរសម្លឹងទៅមុខ ហើយប្រមុលទៅមុខចុះ ។ – Dave Brannon