ប៉ា!

មាន​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ​ចេមស៍(James) ដែល​មាន​អាយុ​២២​ខែ កំពុង​ដើរ​នាំ​មុខ​គ្រួសារ​របស់​ខ្លួន យ៉ាង​មាន​ទំនុក​ចិត្ត នៅ​តាម​ផ្លូវ​ចូល នៅក្នុង​​ព្រះវិហារ​ដ៏​ធំ​របស់​ពួក​គេ។ ឳពុក​របស់ចេមស៍​បាន​តាម​មើលវា​​ជាប់​ជា​និច្ច នៅ​ពេល​ដែល​វា​ដើរ​តេស​តាស់ៗ នៅ​ក្នុង​ចំណោម “មនុស្ស​ធំ” មួយ​ហ្វូង​ធំ​នោះ។​ ភ្លាម​ៗ​នោះ ក្មេង​តូច​ម្នាក់​នេះ​ក៏​ស្លន់ នៅ​ពេល​វា​រក​មើល​ឳពុក​របស់​វា​មិន​ឃើញ ។​ វា​ក៏​ឈប់ ដើម្បី​រក​មើល​ជុំវិញ​ខ្លួន​វា ហើយ​ក៏​ចាប់​ផ្តើម​ស្រែក​ឡើង​ថា “ប៉ា ប៉ា!” ឳពុក​របស់​វា​ក៏​ប្រញាប់​មក​រក​វា​ភ្លាម ហើយ​ចេមស៍ ដែល​ជា​ក្មេង​តូច​ម្នាក់​នេះ ក៏​ឈោង​ទៅ​រក​ដៃ​គាត់ ហើយ​គាត់​ក៏​ឱប​វា​យ៉ាង​ណែន ។​ ចេមស៍​​ក៏​បានស្ងប់​ចិត្ត​វិញ​ភ្លាម ។​

ព្រះ​គម្ពីរ​ពង្សាវ​តាក្សត្រ​ខ្សែ​ទីពីរ បាន​បក​ស្រាយ​អំពី​រឿង​របស់​ស្តេច​ហេសេគា ដែល​បាន​ឈោង​ទៅ​រក​ព្រះ ដើម្បី​ឲ្យ​ទ្រង់​ជួយ(១៩:១៥) ។​​ ស្តេច​សានហេរីបនៃ​នគរ​អាសស៊ើរ បាន​គម្រាម​ស្តេច​ហេសេ-គា និង​រាស្រ្ត​នៃ​នគរ​យូដា​ថា “កុំ​ឲ្យ​ព្រះ​របស់​ផង​ឯង ដែល​ឯង​ទុក​ចិត្ត​នោះ បញ្ឆោត​ឯង … ឯង​បាន​ឮ​និយាយ​ពី​ការ​ដែល​ស្តេច​អាសស៊ើរ​បាន​ធ្វើ ដល់​ស្រុក​ទាំង​ប៉ុន្មាន​ហើយ គឺ​ដែល​ទ្រង់​បាន​បំផ្លាញ​គេ​អស់​រលីង​ទៅ ដូច្នេះ តើ​ឯង​នឹង​បាន​រួច​ឬ”(ខ.១០-១១)។ ស្តេច​ហេសេគា​ក៏​​ចូល​ក្នុង​ព្រះ​វត្តមាន​ព្រះ​អម្ចាស់ ហើយ​អធិស្ឋាន​ទូល​សូម​កា​រ​ប្រោស​លោះ ដើម្បី “ឲ្យ​នគរ​ទាំង​អស់ក្នុង​លោកិយ​ បាន​ដឹងថា ទ្រង់​គឺ​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ”(ខ.១៤-១៩)។ ព្រះ​អម្ចាស់​ទ្រង់​ក៏​ឆ្លើយ​តប​ការ​អធិស្ឋាន​នោះ ដោយ​ចាត់​ទេវតា​នៃ​ព្រះ​អម្ចាស់ ឲ្យ​ប្រហារ​ពួក​​​ខ្មាំង​សត្រូវ ហើយ​ស្តេច​សាន​ហេរីប​ក៏​បាន​ដក​​ថយ​វិញ(ខ.២០-៣៦)។

បើ​សិន​ជា​អ្នក​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​មួយ ដែល​អ្នក​ត្រូវ​ការ​ជំនួយ​ពី​ព្រះ នោះ​សូម​លើក​ដៃ​របស់​អ្នក​ឡើង​ ឈោង​​ទៅ​រក​ទ្រង់ ដោយ​ការ​អធិស្ឋាន​ចុះ ។​ ទ្រង់​បាន​សន្យា​ថា ទ្រង់​នឹង​ប្រទាន​នូវ​ការ​កម្សាន្ត​ចិត្ត ហើយ​​ជួយ​អ្នក(២កូរិនថូស ១:៣-៤ ហេព្រើ ៤:១៦)។ – Anne Cetas

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles