ឈើទាំងពីរ

ប្រាជ្ញា​ដ៏​សាមញ្ញ ចោទ​សួរ​យើង​ថា តើ​យើង​អាច​សម្រេច​កិច្ច​ការ​​បាន​ច្រើន​​ប៉ុណ្ណា បើ​យើង​ប្រើ​ធនធាន​តែ​បន្តិច​បន្តួច ?​ យើង​ច្រើន​តែ​ជឿ​ថា យើង​នឹង​អាច​សម្រេច​កិច្ចការ​បាន​កាន់​តែ​ច្រើន បើ​សិន​ជា​យើង​មាន​ធន​ធាន​​​ផ្នែក​​ហិរញ្ញវត្ថុ មាន​មនុស្ស​ឆ្លាត​វ័យ និងមាន​​គំនិត​ជឿន​លឿន​​កាន់​តែ​ច្រើន ។​ ទោះ​ជា​យ៉ាង​ណា​ក៏​​ដោយ ព្រះ​ទ្រង់​មិន​បាន​រាប់​ការ​ទាំង​នោះ​ជា​សំ​ខាន់​ទេ ។​ ខ្ញុំ​សូម​លើក​ឧទាហរណ៍​មួយ​ចំនួន ដូច​តទៅ :

ក្នុង​ព្រះ​គម្ពីរ​ពួក​ចៅ​ហ្វាយ ៣:៣១ មាន​បុរស​ម្នាក់​ឈ្មោះ​សាំ​កើរ បាន​រំដោះ​ពួ​ក​អ៊ីស្រាអែល​ឲ្យ​រួច​ពី​ពួក​ភីលីស្ទីន ដោយ​ប្រើ​ដៃ​តែ​ម្ខាង​ប៉ុណ្ណោះ ​។​ តើគាត់បានទទួលជ័យជម្នះ​​ដោយ​របៀប​ណា? គឺ​គាត់​​បា​នទ​ទួល​ជោគ​ជ័យ​យ៉ាង​អស្ចារ្យ ដោយ​ប្រើ​តែ​ជន្លួញ​គោ​ប៉ុណ្ណោះ ដើម្បី​វាយ​សម្លាប់​ពួក​សាសន៍​ភីលីស្ទីន​អស់​៦០០នាក់ ។

ក្នុង​ព្រះ​គម្ពីរ​និក្ខមនំ ពេល​ដែល​ព្រះ​ឲ្យ​លោក​ម៉ូសេ​នាំ​រាស្រ្ត​អ៊ីស្រាអែល ចេញ​ពី​នគរ​អេស៊ីព្ទ លោក​ម៉ូសេ​ខ្លាច​ពួក​បណ្តាជន​មិន​ព្រម​ស្តាប់​គាត់ ឬ​ដើ​រតាម​ការ​ដឹក​នាំរ​បស់​គា​ត់ ។​​ ដូចនេះ ព្រះ​មាន​បន្ទូល​ថា “តើ​មាន​អ្វី​នៅ​ដៃ​ឯង​នោះ?” គាត់​ឆ្លើយ​ថា “មាន​ដំបង”(៤:២)។ ដើម្បី​ធ្វើ​ឲ្យ​ពួក​បណ្តា​ជន​ជឿ​ទុក​ចិត្ត ហើយ​ដើរ​តាម​លោក​ម៉ូសេ ព្រះ​ទ្រ​ង់​​​ក៏បាន​ប្រើ​ដំ​ប​ងដែល​នៅ​ក្នុង​ដៃ​គាត់ ដើម្បី​ធ្វើ​ឲ្យ​ទឹក​ទន្លេ​នីល​ប្រែ​ក្លាយ​ជា​ឈាម ដើម្បី​នាំ​ឲ្យ​នគរ​អេស៊ីព្ទ​ជួប​គ្រោះ​ចង្រៃ ដើម្បី​ញែក​សមុទ្រ​ក្រហម និង​ដើម្បី​ធ្វើ​ការ​អស្ចារ្យ នៅ​ក្នុង​វាល​រហោ​ស្ថាន ។​

តំបង​របស់​លោក​ម៉ូសេ និង​ជន្លួញ​គោ​របស់​លោក​សាំកើរ បាន​ក្លាយ​ជា​ឧបករណ៍​ដ៏​មាន​អំណាច នៅ​ពេល​ដែល​ពួក​គេ​បាន​ថ្វាយ​ឧបករណ៍​ទាំង​នោះ​ដល់​ព្រះ ។​ ការ​នេះ​បង្រៀន​​ឲ្យ​យើង​ដឹង​ថា ព្រះ​អាច​ប្រើ​របស់​តែ​បន្តិ​ច​បន្តួច​ដែល​យើង​មាន ដើម្បី​ធ្វើ​ការ​អស្ចារ្យ នៅ​ពេល​យើង​ចុះ​ចូល​ទ្រង់ ។​ ព្រះ​ទ្រង់​មិន​មែន​កំពុង​ស្វែង​រក​មនុស្ស​ដែល​មាន​សមត្ថភាព​អស្ចារ្យ​ឡើយ ប៉ុន្តែ ទ្រង់កំពុង​​ស្វែង​រក​អ្នក​ដែល​ប្តេជ្ញា​ចិត្ត​ដើរ​តាម​ទ្រង់ និង​ស្តាប់​បង្គាប់​ទ្រង់ ។​ – Albert Lee

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles