ក្នុងខ្សែវីដេអូឯកសារ ស្តីអំពីសង្រ្គាមលោកលើកទី១ អ្នកពិពណ៌នា បានមានប្រសាសន៍ថា បើសិនជាគេត្រូវដង្ហែរ សពជនជាតិអង់គ្លេស ដែលបានបាត់បង់ជីវិតក្នុង “សង្រ្គាមដើម្បីបញ្ចប់សង្រ្គាមទាំងអស់” នោះគេត្រូវដើរដង្ហែរជាបួនជួរ កាត់តាមវិមានរំឭកសង្រ្គាម នៅទីក្រុងឡុង ពិធីបុណ្យនេះនឹងត្រូវចំណាយពេលរហូតដល់ប្រាំពីរថ្ងៃ ។ ទិដ្ឋភាពដ៏គួរឲ្យភ្ញាក់ផ្អើលនៃពិភពលោកនេះ បានធ្វើឲ្យខ្ញុំជញ្ជឹងគិត អំពីការខាតបង់ដ៏ធ្ងន់ធ្ងរនៃសង្គ្រាម ដែលរួមមាន ការខាតបង់ប្រាក់ចំណាយលើសង្រ្គាម ការខូចខាតទ្រព្យសម្បត្តិ និងការរំខានដល់ដំណើរការសេដ្ឋកិច្ច តែទន្ទឹមនឹងនេះ គ្មានការខាតបង់មួយណា ដែលអាចប្រៀបផ្ទឹមនឹងការបាត់បង់ជីវិតមនុស្សឡើយ ។ ពួកទាហាន និងជនស៊ីវិលគឺជាអ្នកបង់ថ្លៃការខូតខាតដ៏ធ្ងន់ធ្ងរទាំងនេះ ដែលមានការកើនឡើង យ៉ាងឆាប់រហ័ស ដោយសេចក្តីទុក្ខសោកនៃអ្នកដែលបានរួចជីវិត ។ ដូចនេះ សង្រ្គាមពិតជានាំឲ្យមានការខាតបង់ខ្លាំងណាស់ ។
ពេល ដែលអ្នកជឿព្រះធ្វើសង្រ្គាមទាស់ប្រឆាំងនឹងគ្នាឯង ការខាតបង់ក៏មានកម្រិតខ្ពស់ផងដែរ ។ សាវ័កយ៉ាកុបបានបង្រៀនថា «ឯសេចក្តីទាស់ទែង និងសេចក្តីឈ្លោះប្រកែក ក្នុងពួកអ្នករាល់គ្នា នោះមកពីណា តើមិនមែនមកពីសេចក្តីសំរើប ដែលច្បាំងក្នុងអវយវៈរបស់អ្នករាល់គ្នាទេអី?» (យ៉ាកុប ៤:១)។ ពេលយើងខំស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន ជួនកាលយើងបានឈ្លោះប្រកែកគ្នា ដោយមិនបានគិតដល់ការខាតបង់ ដែលកើតមានចំពោះការធ្វើបន្ទាល់របស់យើងដល់លោកិយ និងដល់ទំនាក់ទំនង ដែលយើងមានជាមួយគ្នាទេ ។ ហេតុនេះហើយ បានជាសាវ័កយ៉ាកុបបានលើកទឹកចិត្តយើង នៅក្នុងបទគម្ពីរខាងមុខថា “ រីឯផលនៃសេចក្តីសុចរិត នោះបានព្រោះចុះដោយសេចក្តីមេត្រី សំរាប់ពួកអ្នកដែលរកសេចក្តីមេត្រីនោះឯង(៣:១៨)”។
បើសិនជាយើង ចង់ធ្វើបន្ទាល់ថ្វាយព្រះអម្ចាស់នៃសន្តិភាព នៅក្នុងពិភពលោកយើងនេះ អ្នកជឿព្រះ ចាំបាច់ត្រូវឈប់ឈ្លោះប្រកែកគ្នា ហើយងាកមករកការមានសន្តិភាពចំពោះគ្នាវិញ ។- Bill Crowder