ក្នុងគោលជំនឿនៃពួកសាវ័ក មានសេចក្តីចែងមកថា “ខ្ញុំជឿលើព្រះវិញ្ញាណបរិសុទ្ធ”។ លោកចេ ប៊ី ភីលីព(J.B.Philip) បានមានប្រសាសន៍ថា “ពេលណាយើងថ្លែងដូចនេះ នោះគឺមានន័យថា យើងជឿថា ព្រះវិញ្ញាណបរិសុទ្ធទ្រង់ជាព្រះដ៏រស់ដែលទ្រង់អាច និងសព្វព្រះទ័យនឹងយាងចូលគង់ក្នុងជីវិតមនុស្សម្នាក់ៗ ដោយផ្ទាល់ៗខ្លួន ហើយបំផ្លាស់បំប្រែជីវិតពួកគេ”។
ជួនកាលយើងភ្លេចថា ព្រះវិញ្ញាណបរិសុទ្ធ ទ្រង់មិនមែនជាអំណាច ដែលគ្មានលក្ខណៈជាអង្គបុគ្គលនោះទេ ។ ព្រះគម្ពីរបានពិពណ៌នាថា ទ្រង់ជាព្រះ ។ ទ្រង់មានលក្ខណៈសម្បត្តិគ្រប់យ៉ាងរបស់ព្រះ ពោលគឺទ្រង់មានវត្តមាននៅគ្រប់ទីកន្លែង(ទំនុកតម្កើង ១៣៩:៧-៨) ទ្រង់ជ្រាបអំពីគ្រប់ការទាំងអស់(១កូរិន-ថូស ២:១០-១១) ហើយទ្រង់មានគ្រប់អំណាចចេស្តា(លូកា ១:៣៥)។ ទ្រង់ក៏ធ្វើការ ដែលមានតែព្រះប៉ុណ្ណោះ ដែលអាចធ្វើបាន ដូចជា ការបង្កើត(លោកុប្បត្តិ ១:២) និងប្រទានជីវិត(រ៉ូម ៨:២)។ ទ្រង់មានភាពស្មើគ្នានឹងព្រះពីរអង្គទៀត នៃព្រះត្រៃឯក គឺព្រះវរបិតា និងព្រះរាជបុត្រា ។
ព្រះវិញ្ញាណបរិសុទ្ធជាអង្គ ដែលមានទំនាក់ទំនងផ្ទាល់ជាមួយយើង ព្រោះទ្រង់ព្រួយព្រះទ័យ ពេលយើងធ្វើអំពើបាប(អេភេសូរ ៤:៣០) ទ្រង់បង្រៀនយើង(១កូរិនថូស ២:១៣) អធិស្ឋានឲ្យយើង(រ៉ូម ៨:២៦) នាំផ្លូវយើង(យ៉ូហាន ១៦:១៣) ប្រទានឲ្យយើងមានអំណោយទានខាងវិញ្ញាណ(១កូរិនថូស ១២:១១) ហើយទ្រង់ជាអ្នកធានា អំពីសេចក្តីសង្រ្គោះរបស់យើង(រ៉ូម ៨:១៦)។
ព្រះវិញ្ញាណបរិសុទ្ធទ្រង់គង់នៅក្នុងយើង បើសិនជាយើងបានទទួលការអត់ទោសបាប តាមរយៈព្រះយេស៊ូវ ។ ទ្រង់សព្វព្រះទ័យនឹងបំផ្លាស់បំប្រែយើង ដើម្បីឲ្យយើងមានលក្ខណៈដូចព្រះយេស៊ូវ កាន់តែខ្លាំងឡើងៗ ។ ចូរយើងសហការជាមួយព្រះវិញ្ញាណ ដោយអានព្រះបន្ទូលព្រះ និងពឹងផ្អែកទៅលើអំណាចរបស់ទ្រង់ ដើម្បីឲ្យយើងអាចស្តាប់បង្គាប់តាមអ្វី ដែលយើងបានរៀន ។ – Marvin Williams