ទ្រង់ការពារទូលបង្គំ ឲ្យបានសុខសាន្ត

ក្នុង​អំឡុង​ពេល​ស្ងប់​ស្ងាត់ មុន​ពេល​កម្ម​វិធី​ថ្វាយ​បង្គំពេល​ព្រឹក​ថ្ងៃ​អាទិត្យ​ចាប់​ផ្តើម អ្នក​លេង​អកហ្គ៍​បាន​លេង​បទ​ទំនុក​តម្កើង​មួយ​បទ ដែល​ខ្ញុំ​មិន​ធ្លាប់​ស្តាប់​ពី​មុន​មក។​ ខ្ញុំ​ក៏​បាន​បើក​សៀវភៅ​ចម្រៀង​សរសើរ​តម្កើង ដើម្បី​អាន​ពាក្យ​ពេចន៍​នៃ​បទ​នោះ ដែលបានសរសេរ​ថា “ឱព្រះអម្ចាស់ ជាអ្នកគង្វាលនៃ ទូល​បង្គំអើយ សូមការពារទូលបង្គំឲ្យបានសុខសាន្ត”។ អ្នក​និពន្ធ​នៃ​បទ​ចម្រៀង​នេះ បាន​សរសេរ​សម្រាយ​យ៉ាង​ពិរោះ តាម​បទ​គម្ពីរ​ទំនុក​តម្កើង ជំពូក​២៣ យ៉ាង​ដូចនេះ​ថា :

ព្រះ​អម្ចាស់​​ទ្រ​ង់​​ជា​​អ្នក​​គង្វាល​​ទូលបង្គំ​ ទ្រង់​ការពារ​ទូល​បង្គំ​ឲ្យ​​បាន​សុខ​សាន្ត ។ ទ្រង់​ចម្អែត​ខ្ញុំ តាម​សេចក្តី​ត្រូវ​ការ ទ្រង់ឲ្យ​ខ្ញុំសម្រាក​នៅ​វាល​ស្មៅ​ខៀវ​ខ្ចី នៅ​ក្បែ​រ​ទឹក​ហូរ​គ្រឿន​ៗ វិញ្ញាណ​នៃ​ទូល​បង្គំដែល​មាន​ទុក្ខ​ព្រួយ ក៏​មាន​កម្លាំង​ឡើង ជា​បរិបូរ ពេល​ដែល​ទូល​បង្គំ​ដើរ​តាម​ផ្លូវ​ដ៏​ពិត​របស់​ព្រះ ។​

ទោះ​បី​ជា​យើង​បាន​អាន ឬ​ស្តាប់​ឮ​បទ​គម្ពីរ​ទំនុក​តម្កើង​ជំ​ពូក ២៣ ដ៏​ពេញ​និយម​នេះ បាន​ប៉ុន្មាន​ដង​ក៏​ដោយ ក៏​បទ​គម្ពីរ​នេះ នៅ​តែ​ជា​ព្រះ​រាជ​សារ​ថ្មី​ជា​និច្ច ដែ​ល​ព្រះ​សព្វ​ព្រះទ័​យនឹ​ង​ប្រើ ដើម្បី​បង្ហាញ​ពី​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​យើង ។​

ទោះ​ខ្ញុំ​ត្រូវ​ដើរ​តាម​ផ្លូវ​ងងឹត​បំផុត កាត់​តាម​ជ្រលង​មរណៈ​ក៏​ដោយ ក៏​ខ្ញុំ​នឹង​មិន​ភ័យ​ខ្លាច​ឡើយ ។ ព្រះ​វត្ត​មាន​ទ្រង់​ធ្វើ​ឲ្យ​ទូល​បង្គំ​ក្លាហាន ព្រនង់ និង​ដំបង​របស់​ទ្រង់ ធានា​ដល់​ទូល​បង្គំ​ថា ទ្រង់​នឹង​ជួយ​សង្រ្គោះ​ទូល​បង្គំ ។​

ចំពោះ​អ្នក​ដែល​ធ្លាប់​ឮ​ព្រះ​ប​ន្ទូល​ព្រះ​យេស៊ូវ​ថា “​ខ្ញុំ​ជា​អ្នក​គង្វាល​ល្អ ឯ​អ្នក​គង្វាល​ល្អ ក៏​ស៊ូ​តែ​ប្តូរ​ជីវិត​ជំនួស​ចៀម”(យ៉ូហាន ១០:១១) នោះ​ពួ​​ក​គេងា​យ​នឹង​យល់​អំពី​ទិដ្ឋ​ភាព ដែល​បាន​ឆ្លុះ​បញ្ចាំង​នៅ​ក្នុង​បទ​ទំនុក​តម្កើង​នេះ ។​ ពួក​ឈ្នួល​រត់​ចោល​ហ្វូង​ចៀម ពេល​ជួប​គ្រោះ​ភ័យ តែ​អ្នក​គង្វាល​ដ៏​ពិត​នៅ​ការ​ពារ​ហ្វូង​ចៀម ។​ ​គឺដូច​ដែល​មាន​ចែង​ថា “តែ​អ្នក​ស៊ី​ឈ្នួល ដែល​មិន​មែន​ជា​អ្នក​គង្វាល​ពិត … លុះ​វា​ឃើញ​ឆ្កែ​ព្រៃ​មក ក៏​រត់​ចេញ​ចោល​ចៀម … ឯ​ខ្ញុំជា​អ្នក​គង្វាល​ល្អ ខ្ញុំ​ស្គាល់​ចៀម​របស់​ខ្ញុំ ហើយ​ចៀម​ក៏​ស្គាល់​ខ្ញុំ”(ខ.១២-១៤)។

នៅ​ថ្ងៃ​នេះ ទោះ​បី​ជា​អ្នក​ត្រូវ​ជួប​ប្រទះ​នឹង​បញ្ហា​អ្វី​ក៏​ដោយ ព្រះ​យេស៊ូវ​ទ្រង់​ស្គាល់​ឈ្មោះ​អ្នក ទ្រង់​ជ្រាប​អំពី​គ្រោះ​ថ្នាក់ ហើយ​ទ្រង់​នឹង​មិន​ចាក​ចេញ​ពី​អ្នក​ឡើយ ។​ អ្នក​អាច​និយាយ​ដោយ​ទំនុក​ចិត្ត​ថា ព្រះ​អម្ចាស់​ទ្រង់​ជា​អ្នក​គង្វាល​ខ្ញុំ ទ្រង់​ការពារ​ទូល​បង្គំ​ឲ្យ​បាន​សុខ​សាន្ត ! – David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles