អារក្សសាតាំងបានចាប់ផ្តើមនាំមនុស្សជាតិឲ្យវង្វេង តាំងពីពេលដែលវាបានល្បួងអ័ដាំម និងនាងអេវ៉ា ឲ្យមានគំនិតទាស់ប្រឆាំងនឹងព្រះ ។ វាបានទទួលជោគជ័យ ដោយការនិយាយកុហក់ពួកគេអំពីព្រះ ហើយពួកគេក៏បានធ្លាក់ចូលក្នុងអំពើបាប ។ ពេលនោះ វាបានកុហក់ពួកគេ អំពីសេចក្តីល្អរបស់ព្រះ ព្រះបន្ទូល និងបំណងព្រះទ័យព្រះ(លោកុប្បត្តិ ៣:១-៦)។
សព្វថ្ងៃនេះ សាតាំងនៅតែប្រើឧបាយកលនេះដដែល ។ ព្រះយេស៊ូវទ្រង់បានមានបន្ទូលថា “កាលណាសាតាំងពោលពាក្យភូតភរ នោះដុះចេញអំពីចិត្តវាមក ដ្បិតវាជាអ្នកកំភូត ហើយជាឪពុកនៃសេចក្តីនោះឯង”(យ៉ូហាន ៨:៤៤)។ ដូចនេះ យើងមិនគួរភ្ញាក់ផ្អើលឡើយ នៅពេលដែលមានបញ្ហារំខានដល់ជីវិតរបស់យើង ឳពុកនៃសេចក្តីកុហក តែងខ្សឹបដាក់ត្រចៀកយើង ហើយមិនយូរប៉ុន្មាន យើងក៏ចាប់ផ្តើមសង្ស័យអំពីសេចក្តីល្អរបស់ព្រះ ។ ពេលដែលទ្រង់បង្គាប់ឲ្យយើងធ្វើតាមរាជបញ្ជារបស់ទ្រង់ នោះយើងក៏ឆ្ងល់ ថាតើព្រះបន្ទូលរបស់ទ្រង់ជាសេចក្តីពិតឬទេ ។ ឧទាហរណ៍ ពេលដែលព្រះយេស៊ូវមានបន្ទូលថា “កុំឲ្យប្រមូលទ្រព្យសម្បត្តិ ទុកសំរាប់ខ្លួន នៅផែនដី ជាកន្លែងដែលមានកន្លាត និងច្រែះស៊ីបំផ្លាញ ហើយចោរទំលុះប្លន់នោះឡើយ”(ម៉ាថាយ ៦:១៩) សាតាំងក៏ប្រាប់យើងថា យើងអាចរស់នៅ បានល្អប្រសើរបាន ទាល់តែមានទ្រព្យសម្បត្តិបង្គរទុកនៅក្នុងផែនដីនេះ ។ គំនិតនេះក៏បាននាំឲ្យយើងសង្ស័យអំពីបំណងព្រះទ័យដ៏ល្អរបស់ព្រះ ។
បញ្ហារបស់យើង គឺស្ថិតនៅត្រង់ថា យើងជឿការភូតកុហករបស់សាតាំងដូចអ័ដាំម និងនាងអេវ៉ាដែរ ។ ពេលដែលយើងជឿលើការភូតកុហក់របស់វា នោះការស្មោះត្រង់ដែលយើងមានចំពោះព្រះ ក៏មានការថយចុះផងដែរ ។ បន្ទាប់មក ខ្មាំងសត្រូវរបស់យើង ក៏ព្យាយាមសម្រេចកិច្ចការបន្ទាប់របស់វា ដោយធ្វើឲ្យយើងប្រឈមមុខនឹងការស្តាយក្រោយតែម្នាក់ឯង ហើយដឹងខ្លួនថា ការកុហក់របស់វា បាននាំឲ្យយើងឃ្លាតចេញឆ្ងាយ ពីមិត្តសម្លាញ់ដ៏ពិតបំផុត និងជិតស្និទ្ធបំផុតរបស់យើងហើយ ។ តើថ្មីៗនេះ អ្នកកំពុងតែស្តាប់សម្លេងអ្នកណា? – Joe Stowell