ពេលខ្ញុំ និងភរិយារបស់ខ្ញុំកំពុងបើកបរតាមផ្លូវធំក្នុងទីក្រុង យើងបានឃើញអ្នកបើកបរម្នាក់បត់ឆ្វេង តាមច្រកសម្រាប់បត់ត្រឡប់ក្រោយ ដែលគេទុកសម្រាប់តែរថយន្តសង្រ្គោះបន្ទាន់ប៉ុណ្ណោះ។ គាត់កំពុងមានគម្រោងបត់ត្រឡប់ក្រោយ ចូលក្នុងផ្លូវមួយទៀត។
អ្នកបើកបររូបនេះកំពុងមើលទៅខាងស្តាំដៃខ្លួន ដើម្បីរង់ចាំគេបើកផ្លូវឲ្យ នៅក្នុងការធ្វើចរាចរណ៍ដែលមមាញឹកនោះ ដូចនេះ គាត់ក៏មិនបានដឹងថា ឡានប៉ូលីសកំពុងចាំស្ទាក់គាត់ នៅខាងឆ្វេងដៃទេ។ ទីបំផុត ពេលគាត់ឃើញមានចន្លោះក្នុងចរាចរណ៍ គាត់ក៏បើកបត់ត្រឡប់ក្រោយ ហើយក៏បុកត្រូវឡានប៉ូលីសនោះ ចំពីក្រោយតែម្តង។
វាមិនមែនជារឿងចម្លែកទេ នៅពេលដែលយើងចូលចិត្តគិតថា យើងអាចរួចខ្លួន បន្ទាប់ពីយើងបានប្រព្រឹត្តខុសហើយនោះ។ បន្ទាប់ពីស្តេចដាវីឌបានប្រព្រឹត្តការកំផឹតជាមួយនាងបាតសេបាហើយ ទ្រង់ក៏បានផ្តោតទៅលើ “ការគេចពីការទទួលទោស”ផងដែរ។ ប៉ុន្តែ ទ្រង់កំពុងមានការប៉ះទង្គិចពាក្យសម្តី ជាមួយនឹងហោរាណាថាន។ អំពើកំផឹត ការបោកបញ្ឆោតរបស់ទ្រង់ និងអំពើមនុស្សឃាតរបស់ទ្រង់ “បានធ្វើឲ្យព្រះអម្ចាស់មិនសព្វព្រះទ័យ”(២សាំយ៉ូអែល ១១:២៧) ដូចនេះ ពេលណាថានបើកបង្ហាញអំពីអំពើបាបដ៏ធ្ងន់ធ្ងររបស់ស្តេចអង្គនេះ ទ្រង់ក៏មានវិបត្តិសារីយ៉ាងខ្លាំង។ ទ្រង់បានសារភាព និងបានប្រែចិត្ត ហើយបានទទួលការអត់ទោសបាបពីព្រះ។ ប៉ុន្តែ ផលវិបាកដែលកើតចេញពីអំពើបាបរបស់ទ្រង់ មិនដែលឃ្លាតចេញឆ្ងាយពីគ្រួសាររបស់ទ្រង់ឡើយ(១២:១០)។
បើអ្នកកំពុងតែព្យាយាមគេចចេញពីទោសកំហុសអ្វីមួយ នោះសូមចាំថា “បាបរបស់អ្នក នឹងតាមរកអ្នកឃើញ”(ជនគណនា ៣២:២៣)។ ចូរទៅសារភាពបាបនៅចំពោះព្រះ។ ចូរកុំលាក់ខ្លួនឡើយ។ ផ្ទុយទៅវិញ ចូរស្វែងរកការអត់ទោសបាប ដែលប្រកបដោយព្រះគុណរបស់ទ្រង់។-Dennis Fisher