ពេលដែលខ្ញុំបានរំឭកស្វាមីរបស់ខ្ញុំថា ថ្ងៃខួបកំណើតគម្រប់៣៩ឆ្នាំរបស់គាត់ ជិតឈានចូលមកដល់ហើយ គាត់ក៏បានប្រាប់ខ្ញុំយ៉ាងច្បាស់ថា គាត់មិនចង់បានអំណោយអ្វីទេ។ ខ្ញុំក៏បាននិយាយក្នុងចិត្តថា ចាស ត្រូវហើយ តែខ្ញុំនៅតែបន្តជំរុញគាត់ឲ្យគិតអំពីអំណោយ។ ពេលនោះ គាត់ក៏បានប្រាប់ខ្ញុំថា គាត់ចង់យកលុយសម្រាប់ចំណាយនៅថ្ងៃខួបកំណើតនោះ ទៅបរិច្ចាកឲ្យអ្នកដទៃវិញ។
ព្រះគម្ពីរបានឲ្យយើងថ្វាយដោយស្ម័គ្រពីចិត្ត ដើម្បីទ្រទ្រង់ការងារបម្រើព្រះ និងជួយអ្នកដទៃ គឺមិនមែនថ្វាយដោយការបង្ខំចិត្ត ឬដោយសារយើងជៀសមិនរួចនោះឡើយ(២កូរិនថូស ៩:៧)។ ជាញឹកញាប់ ការថ្វាយដោយស្ម័គ្រពីចិត្តនេះច្រើនតែនាំឲ្យអ្នកថ្វាយទទួលបាននូវក្តីអំណរ។ ពេលស្តេចដាវីឌបានថ្វាយមាសនិងប្រាក់ជាច្រើនរបស់ទ្រង់ ដល់ការសាងសង់ព្រះវិហារ មានពួកមន្ត្រីនៃសាសន៍អ៊ីស្រាអែលជាច្រើន បានយកគំរូតាមទ្រង់។ បន្ទាប់ពីពួកបណ្តាជនបានថ្វាយលង្ហិន ដែក ត្បូង និងលោហធាតុដែលមានតម្លៃហើយ “ពួកគេក៏បានអរសប្បាយ ដ្បិតពួកគេបានថ្វាយដោយស្ម័គ្រពីចិត្ត”(១របាក្សត្រ ២៩:៩)។
នៅក្នុងកម្មវិធីសម្ភោទ ស្តេចដាវីឌបានសរសេរតម្កើងព្រះថា “យើងខ្ញុំរាល់គ្នាបានយកតែពីព្រះហស្តទ្រង់ ថ្វាយដល់ទ្រង់វិញ”(ខ.១៤)។ ត្រង់ចំណុចនេះ ទ្រង់ចង់មានន័យថា អ្វីៗគ្រប់យ៉ាងសុទ្ធតែជាកម្មសិទ្ធរបស់ព្រះ។ ការដែលយើងនឹកចាំពីការនេះ នាំឲ្យយើងកាន់តែមានចិត្តចង់ថ្វាយ ព្រោះយើងគ្រាន់តែកំពុងថ្វាយធនធានរបស់យើង ទៅព្រះវិញ ដែលទ្រង់ជាម្ចាស់ដ៏ពិតប្រាកនៃអ្វីៗគ្រប់យ៉ាង។
ពេលអ្នកថ្វាយដង្វាយ ជាប្រាក់ ជាការបម្រើ ឬជារបស់ទ្រព្យ នៅពេលក្រោយទៀត ដើម្បីទ្រទ្រង់ព្រះរាជកិច្ចរបស់ព្រះគ្រីស្ទ ចូរពិនិត្យមើលអាកប្បកិរិយ៉ារបស់ខ្លួនឯងឡើងវិញ។ តើអ្នកកំពុងថ្វាយដោយស្ម័គ្រពីចិត្ត និងដោយគ្មានការបង្ខំឬទេ? ព្រះទ្រង់ស្រឡាញ់អ្នកណាដែលថ្វាយដោយអំណរ។ -Jennifer Benson Schuldt