ព្រះយេស៊ូវបានមានបន្ទូលបញ្ជាក់យ៉ាងច្បាស់ ដល់ពួកសិស្សទ្រង់ថា ទ្រង់ “ជាផ្លូវ ជាសេចក្តីពិត និងជាជីវិត”(យ៉ូហាន ១៤:៦)។ ទ្រង់ជាផ្លូវតែមួយគត់ ទៅកាន់ព្រះវរបិតា ហើយជំនឿ និងការប្តេជ្ញាចិត្តដែលយើងមានចំពោះទ្រង់ នឹងនាំឲ្យយើងមានសេចក្តីស្រឡាញ់ និងការស្តាប់បង្គាប់ ហើយនាំឲ្យយើងបានទៅដល់ផ្ទះដ៏អស់កល្បជានិច្ចនៅនគរស្ថានសួគ៌។
គ្រីស្ទីណា(Christina) ដែលជាសិស្សសាលាព្រះគម្ពីរនៅក្រុងមីង(Minsk) ប្រទេសបេឡារូស(Belarus) បានសរសេរនៅក្នុងទីបន្ទាល់របស់ខ្លួនថា “ព្រះយេស៊ូវបានសុគតសម្រាប់មនុស្សគ្រប់គ្នា សូម្បីតែអ្នកមានបាបធ្ងន់បំផុត ក៏ទ្រង់បានសុគតជួសដែរ។ ព្រះអម្ចាស់ទ្រង់នឹងទទួលឧក្រឹដ្ឋជនអាក្រក់បំផុត ដែលចូលមករកទ្រង់ដោយជំនឿ។
ព្រះយេស៊ូវបានគោះទ្វារចិត្តខ្ញុំអស់រយៈពេលយ៉ាងយូរ។ ខ្ញុំក៏បានបង្ហើបទ្វារចិត្តរបស់ខ្ញុំ ហើយក៏បានក្លាយជាអ្នកជឿព្រះ។ ប៉ុន្តែ ខ្ញុំមិនបានដោះទំពក់ច្រវ៉ាក់ចេញពីទ្វារទេ ព្រោះខ្ញុំមិនទាន់ថ្វាយជីវិតដាច់ដល់ទ្រង់”។
គ្រីស្ទីណាក៏បានដឹងថា ខ្លួនមិនត្រូវធ្វើដូចនេះឡើយ ហើយគាត់ដឹងថា ព្រះកំពុងបង្គាប់គាត់ឲ្យប្រែចិត្ត។ “ខ្ញុំក៏បានលត់ជង្គង់នៅចំពោះទ្រង់ ហើយបើកទ្វារចិត្តឲ្យបានធំបំផុត តាមដែលអាចធ្វើទៅបាន”។ នាងក៏បានដោះច្រវ៉ាក់ចេញពីទ្វារ។
អ្នកដើរតាមព្រះយេស៊ូវដែលមានការប្តេជ្ញាចិត្ត នឹងធ្វើការអ្វីដែលទ្រង់បង្គាប់ឲ្យធ្វើ ដោយមិនដាក់ច្រវ៉ាក់ជាប់ទ្វារចិត្ត ឬមានទ្វារខាងក្រោយឡើយ។ យើងមិនត្រូវរក្សាទុកផ្នែកណាមួយនៃជីវិតរបស់យើង សម្រាប់ខ្លួនឯងឡើយ។ យើងក៏មិនត្រូវលាក់ទុកអំពើបាបណាមួយដែរ។
បើសិនជាអ្នកមិនព្រមថ្វាយជីវិតដាច់ដល់ព្រះ ដូចគ្រីស្ទីណាទេ ពេលនេះជាពេលដែលអ្នកត្រូវដោះទំពក់ច្រវ៉ាក់នោះ ចេញពីទ្វារចិត្តរបស់អ្នក។ ចូរលះចោលផ្នែកទាំងឡាយណារបស់ជីវិតអ្នក ដែលអ្នកបានរក្សាទុកសម្រាប់ខ្លួនឯង។ ចូរបើកទ្វារជីវិតរបស់អ្នក ហើយចូរពិសោធនឹងក្តីអំណរ ដែលបានពីការស្តាប់បង្គាប់ និងការបង្កើតសិស្ស។-Dave Egner