នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៧០ ពត៌មានអំពីការដាក់ពាក្យលែងលះគ្នា និងការសម្រេចរបស់តុលាការឲ្យលែងលះគ្នា បានលេចឡើង នៅក្នុងផ្នែកកំណត់ត្រាសាធារណៈក្នុងការសែតប្រចាំតំបន់យើង។ លោកគ្រូគង្វាលជាន់ខ្ពស់ ប៊ីល ផ្លាណាហ្កាន(Bill Flanagan) ដែលជាគ្រូគង្វាលនៃព្រះវិហារយើង បានមើលឈ្មោះអ្នកដែលលែងលះគ្នាទាំងនោះ ពីមួយសប្តាហ៍ ទៅមួយសប្តាហ៍ ហើយបានចាប់ផ្តើមនឹកស្រមៃអំពីអ្នកទាំងនោះ គឺមិនបានគិតអំពីស្ថិតិនៃការលែងលះឡើយ។ ដូចនេះ គាត់ក៏បានបើកសិក្ខាសាលាជួយស្រោចស្រង់ការលែងលះគ្នា ដើម្បីជួយ និងផ្តល់ការប្រោសឲ្យជា ក្នុងព្រះគ្រីស្ទដល់អ្នកដែលមានការឈឺចាប់ ក្នុងពេលដ៏លំបាកបែបនោះ។ ពេលដែលសមាជិកពួកជំនុំម្នាក់ដែលមានការឈឺឆ្អាល បានជម្រាបគាត់ថា គាត់កំពុងតែថ្កោលទោសការលែងលះគ្នាហើយ គាត់ក៏បានឆ្លើយតបយ៉ាងសុភាពថា គាត់គ្រាន់តែកំពុងបង្ហាញព្រះគុណព្រះ ទៅដល់បងប្អូនដែលកំពុងត្រូវការព្រះគុណទ្រង់ប៉ុណ្ណោះ។
ពេលព្រះយេស៊ូវត្រាសហៅម៉ាថាយ ដែលជាអ្នកយកពន្ធ ឲ្យដើរតាមទ្រង់ គាត់ក៏បានទទួលការត្រាសហៅរបស់ទ្រង់។ បន្ទាប់មក ម៉ាថាយក៏បានអញ្ជើញព្រះយេស៊ូវ ឲ្យមកសោយអាហារពេលល្ងាចនៅផ្ទះគាត់។ បន្ទាប់ពីពួកអ្នកដឹកនាំសាសនារិះគន់ព្រះយេស៊ូវ ដោយសារទ្រង់បានសោយអាហារជាមួយអ្នកយកពន្ធ និងមនុស្សមានបាន ទ្រង់ក៏បានមានបន្ទូលថា “ពួកអ្នកដែលជាសុខសប្បាយ មិនត្រូវការនឹងគ្រូពេទ្យទេ គឺជាពួកដែលមានជំងឺវិញទេតើ ចូរឲ្យអ្នករាល់គ្នា ទៅរៀនន័យបទ ដែលថា «អញចង់បានសេចក្តីមេត្តាករុណា មិនមែនយញ្ញបូជាទេ» ពីព្រោះខ្ញុំមិនបានមក ដើម្បីនឹងហៅមនុស្សសុចរិតទេ គឺមកហៅមនុស្សមានបាប ឲ្យប្រែចិត្តវិញ”(ម៉ាថាយ ៩:១២-១៣)។ ព្រះយេស៊ូវជាគ្រូពេទ្យដ៏អស្ចារ្យ ទ្រង់សព្វព្រះទ័យនឹងបំពេញសេចក្តីត្រូវការរបស់យើងម្នាក់ៗ ដោយប្រទាននូវការអត់ទោសបាប ការប្រោសឲ្យជា និងសេចក្តីសង្ឃឹម។ ទ្រង់ប្រទានដល់យើង នូវអ្វីដែលយើងមិនសមនឹងទទួល។
នៅក្នុងការឈោងចាប់អ្នកដែលកំពុងមានតម្រូវការ យើងអាចបង្ហាញព្រះគុណព្រះ ក្នុងព្រះគ្រីស្ទ ដោយនាំពួកគេឲ្យទៅទទួលការប៉ះពាល់របស់ទ្រង់ ដែលប្រោសពួកគេឲ្យជា។-David McCasland