ជាច្រើនឆ្នាំកន្លងទៅ ខ្ញុំបានស្គាល់យុវជនម្នាក់ ដែលបានជិះម៉ូតូ ជាមួយក្រុមជើងកាងម៉ូតូ។ គាត់បានធំធាត់នៅក្នុងតំបន់បំពេញបេសកកម្មមួយ គឺនៅកន្លែងឪពុកម្តាយគាត់បានធ្វើការបម្រើព្រះ។ ពេលគ្រួសាររបស់គាត់វិលត្រឡប់ទៅសហរដ្ឋអាមេរិកវិញ គាត់ហាក់ដូចជាមិនអាចសម្របនឹងការរស់នៅបានទេ។ ការរស់នៅរបស់គាត់ ក៏បានប្រឈមនឹងរឿងហេតុជាច្រើន ហើយគាត់ក៏ត្រូវគេសម្លាប់ នៅក្នុងការវាយគ្នាជាមួយនឹងក្រុមជើងកាងមួយទៀត។
ខ្ញុំបានជួយធ្វើកិច្ចការ នៅក្នុងពិធីបុណ្យសពជាច្រើន ប៉ុន្តែ ពីធីបុណ្យសពរបស់គាត់ មានលក្ខណៈគួរឲ្យចងចាំបំផុត។ គេបានធ្វើពិធីបុណ្យសពនោះ នៅក្នុងសួនច្បាមួយ ដែលមានវាលស្មៅព័ទជុំវិញបឹងតូចមួយ។ មិត្តភ័ក្ររបស់គាត់បានតម្រៀបម៉ូតូជារង្វង់ ហើយនាំគ្នាអង្គុយនៅលើស្មៅជុំវិញខ្ញុំ និងមិត្តភ័ក្រម្នាក់ ក្នុងពេលយើងកំពុងធ្វើពិធីបុណ្យ។ យើងបាននិយាយតាមរបៀបសាម័ញ្ចៗ និងខ្លីៗ អំពីសន្តិភាព ដែលព្រះយេស៊ូវអាចប្រទាន ដល់ក្រុមដែលមានជម្លោះនឹងគ្នា។
ក្រោយមក មានសមាជិកក្រុមជើងកាងម៉ូតូម្នាក់បានមកថ្លែងអំណរគុណយើង ហើយចាប់ផ្តើមដើរទៅបាត់ តែបន្ទាប់មក ក៏បានត្រឡប់មកវិញ។ ខ្ញុំមិនដែលបំភ្លេចពាក្យរបស់គាត់ឡើយ ពេលគាត់បានប្រាប់ថា គាត់មានម៉ូតូមួយគ្រឿង ផ្ទះល្វែងមួយ និងមិត្តស្រីម្នាក់ ហើយគាត់និយាយទៀតថា “ប៉ុន្តែ ខ្ញុំមិនអាចរស់ដោយគ្មានសន្តិភាពបានឡើយ”។ ដូចនេះ យើងក៏បានជជែកគ្នាអំពីព្រះយេស៊ូវ ដែលទ្រង់ជាសន្តិភាពរបស់យើង។
ទោះបីជាយើងមានឧទ្ធម្ភាកចក្រ ឬឡានទំនើប មានគេហដ្ឋានធំស្កឹមស្កៃ ឬផ្ទះល្វែងតូចមួយ មានមនុស្សជាទីស្រឡាញ់ម្នាក់ ឬគ្មាននរណាម្នាក់នៅក្បែរក៏ដោយ ក៏មិនខុសគ្នាដែរ។ បើគ្មានព្រះយេស៊ូវទេ នោះយើងមិនអាចមានសន្តិភាពបានឡើយ។ ទ្រង់មានបន្ទូលថា “ខ្ញុំទុកសេចក្តីសុខនៅនឹងអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា”(យ៉ូហាន ១៤:២៧)។ អំណោយទាននេះ គឺសម្រាប់អ្នកដែលទុកចិត្តទ្រង់។ តើអ្នកបានទូលសូមសន្តិភាពពីទ្រង់ហើយឬនៅ?-David Roper