
តើសមនឹងឲ្យយើងប្រឹងប្រែងទេ?
ដោយPhilip Yancey
January 24, 2014
ខ្ញុំធ្លាប់បានតាំងចិត្តអានរឿងទាំង៣៨ ដែលលោកសេកស្ពៀរ(Shakespeare)បាននិពន្ធ ឲ្យចប់ក្នុងរយៈពេល១ឆ្នាំ។ ខ្ញុំមានការភ្ញាក់ផ្អើល ពេលបានដឹងថា ការបំពេញកិច្ចការនេះហាក់ដូចជាការកម្សាន្តសប្បាយ ច្រើនជាងការធ្វើការងារ។ ខ្ញុំរំពឹងថា នឹងបានរៀនអំពីពិភពរបស់លោកសេកស្ពៀរ និងមនុស្សដែលមានក្នុងពិភពនោះ ប៉ុន្តែ ខ្ញុំបានរកឃើញថា លោកសេកស្ពៀរច្រើនតែបង្រៀនខ្ញុំ អំពីពិភពរបស់ខ្ញុំ ទៅវិញទេ។ នៅក្នុងការអានព្រះគម្ពីរសញ្ញាចាស់ ខ្ញុំក៏បានឆ្លងកាត់ដំណើរការដូចគ្នាផងដែរ។ ហេតុអ្វីបានជាព្រះគម្ពីរសញ្ញាចាស់បានចំណាយពេលជាច្រើន ក្នុងការនិយាយអំពីព្រះវិហារ ពួកសង្ឃ និងក្រឹត្យវិន័យអំពីការថ្វាយដង្វាយ ដែលលែងមានក្នុងសម័យបច្ចុប្បន្ន។ តើធ្វើដូចម្តេចឲ្យយើងអាចយល់ព្រះគម្ពីរសញ្ញាចាស់បាន ហើយតើយើងត្រូវអនុវត្តតាមយ៉ាងដូចម្តេច ក្នុងជីវិតរបស់យើងសព្វថ្ងៃ? ពេលខ្ញុំបានឆ្លងកាត់ឧបស័គ្គមួយចំនួន ខ្ញុំក៏ចាប់ផ្តើមមានអារម្មណ៍ថា ខ្ញុំត្រូវការ អានព្រះគម្ពីរសញ្ញាចាស់ ព្រោះព្រះគម្ពីរនេះកំពុងបង្រៀនខ្ញុំ។ ក្រោយមក ខ្ញុំក៏មានចិត្តចង់ អានព្រះគម្ពីរទាំង៣៩កណ្ឌ ដែលមានក្នុងព្រះគម្ពីរសញ្ញាចាស់។ កណ្ឌទាំងនេះបានចម្អែតភាពស្រេកឃ្លាន ដែលមានក្នុងខ្ញុំ ដែលពីមុនមកខ្ញុំមិនដែលបានទទួលការបំពេញយ៉ាងដូចនេះទេ។ កណ្ឌទាំងនេះបានបង្រៀនខ្ញុំ អំពីជីវិតដែលមានព្រះ។ ព្រះគម្ពីរសញ្ញាចាស់បាននិយាយមកកាន់ភាពស្រេកឃ្លានរបស់យើង ហើយផ្តល់ឲ្យនូវវគ្គសិក្សាជាន់ខ្ពស់ អំពី “ជីវិតដែលមានព្រះ” ដែលបង្ហាត់បង្រៀនយើងដោយផ្ទាល់ៗខ្លួន និងដោយចិត្តឆេះឆួល។ រង្វាន់ដែលទ្រង់នឹងប្រទាន មិនមែនសម្រាប់ឲ្យយើងទទួលងាយៗឡើយ។ គ្រប់ទាំងជោគជ័យទាំងអស់ សុទ្ធតែតម្រូវឲ្យមានការខិតខំ ដែលមានដំណើរការស្រដៀងៗគ្នា។ យើងអត់ទ្រាំនឹងការលំបាក ព្រោះយើងនឹងបានទទួលរង្វាន់។ -Philip Yancey
បទគម្ពីរប្រចាំថ្ងៃ
គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្តាលឲ្យតែងទេ ក៏មានប្រយោជន៍សំរាប់…សេចក្តីសុចរិត។-២ធីម៉ូថេ ៣:១៦