ពេលខ្ញុំ និងស្វាមីរបស់ខ្ញុំ គឺជេយ(Jay)បានសម្រេចចិត្តសង់ផ្ទះថ្មីមួយខ្នង យើងមិនបានជ្រើសរើសមិត្តភ័ក្រ ឬសមាជិកគ្រួសារ ដែលចូលចិត្តធ្វើការផ្នែកសំណង់ទេ ផ្ទុយទៅវិញ យើងបានជួលជាងសំណង់ដ៏មានជំនាញម្នាក់ ដើម្បីសាងសង់ផ្ទះ ដែលអាចដំណើរការបាន និងមានភាពស្រស់ស្អាត។
ទោះជាយ៉ាងណាក៏ដោយ សោភ័នភាពនៃអគារព្រះវិហារ មិនតែងតែត្រូវបានគេចាត់ទុកជាអទិភាពជានិច្ច ឡើយ។ អ្នកខ្លះយល់ថា សោភ័នភាពនៃអាគារព្រះវិហារ គឺគ្មានភាពចាំបាច់ទេ ហេតុនេះហើយបានជា ការតុបតែង ឬលម្អអាគារព្រះវិហារ ត្រូវបានគេចាត់ទុកថា ជាការខ្ជះខ្ជាយប្រាក់កាស។ ប៉ុន្តែ ព្រះមិនបានមានព្រះហឫទ័យដូចនោះឡើយ ពេលទ្រង់បង្កើតកន្លែងថ្វាយបង្គំ សម្រាប់សាសន៍ អ៊ីស្រាអែល នៅសម័យបុរាណ។
ទ្រង់មិនមែនចេះតែជ្រើសរើសមនុស្ស ឲ្យសាងសង់រោងដ៏សាមញ្ញឡើយ។ តែទ្រង់បានចាត់តាំងពួកជាងដ៏ចំណាន គឺលោកបេតសាលាល និងលោកអូហូលីអាប់(និក្ខមនំ ៣៦:១) ឲ្យធ្វើការលម្អរោងឧបោសថ ដោយយកក្រណាត់ដ៏មានតម្លៃមកធ្វើវាំងនន និងយកមាសសុទ្ធឆ្លាក់ធ្វើជាគ្រឿងលម្អ ដែលមានក្បូរក្បាច់រចនាយ៉ាងលម្អិត និងល្អប្រណិត(៣៧:១៧-២០)។
ខ្ញុំយល់ថា នៅសម័យនោះ សោភ័នភាពមានសារៈសំខាន់ ព្រោះវាបានក្រើនរំឭកបណ្តាជនថា ព្រះទ្រង់សក្តិសមនឹងឲ្យពួកគេថ្វាយបង្គំ ។ ក្នុងអំឡុងសម័យវិលវល់ នៅវាលរហោស្ថាន ដ៏ក្តៅហួតហែង និងមានដីហុយទ្រលោម ពួកគេត្រូវការការក្រើនរំឭកអំពីអំណាចចេស្តាព្រះ។
សោភ័នភាពខាងវិញ្ញាណដែលរាស្រ្តរបស់ព្រះមាន នៅក្នុងការថ្វាយបង្គំសព្វថ្ងៃនេះ អាចមានបុព្វហេតុ ដូចនៅសម័យនោះដែរ។ យើងប្រើអំណោយទានរបស់យើង ឲ្យបានប្រសើរបំផុត ថ្វាយដល់ព្រះ ព្រោះទ្រង់សក្តិសមនឹងទទួលពីយើង។ សោភ័នភាពខាងវិញ្ញាណក៏បានជួយឲ្យយើង មើលឃើញសម្រស់នៃនគរស្ថានសួគ៌ ហើយមានចិត្តកាន់តែស្រេកឃ្លាន ចំពោះការអ្វីដែលព្រះកំពុងរៀបចំ សម្រាប់អនាគតរបស់យើង។ - Julie Ackerman Link